ជឿន គឹមហេង មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និងសព្វថ្ងៃ កំពុងបម្រើការងារក្នុងស្ថាប័នរដ្ឋនៅរាជធានីភ្នំពេញ។ គឹមហេងធ្លាប់ហាត់សរសេររឿងខ្លី រឿងប្រលោមលោក និងរឿងកុមារ នៅសមាគមអ្នកនិពន្ធខ្មែរ និងអង្គការ Room to Read Cambodia។ គាត់ធ្លាប់បានចូលរួមការប្រកួតប្រជែងផ្នែកតែងនិពន្ធពានរង្វាន់ លី ធាមតេង ឆ្នាំ ២០១៨ និងទទួលបានចំណាត់ថ្នាក់លេខ៥ លើស្នាដៃរឿងដែលមានចំណងជើងថា «មន្តស្នេហ៍រទេះរុញ»។ ដោយមូលហេតុចង់ដឹង និងចង់ស្វែងយល់អំពីខ្លួនឯងបន្តទៀតថា ខ្លួនអាច ធ្វើកិច្ចការនិពន្ធលើទម្រង់ណាបានល្អជាងគេ ដូច្នេះហើយបានជាគឹមហេង ចូលរួមជាមួយអង្គការសិល្បៈខ្មែរអមតៈ ដើម្បីរៀនសរសេរអត្ថបទការវិភាគអំពីសិល្បៈ និងក្រោយមកបានជាប់ជាបេក្ខជនសរសេរវិភាគលើសិល្បៈសម្រាប់ «រដូវវប្បធម៌ឆ្នាំ ២០២០» នេះ។ ក្នុងថ្ងៃអនាគត គាត់ចង់មានអាជីពជាអ្នកនិពន្ធលើទម្រង់ណាមួយដែលគាត់ធ្វើបានល្អបំផុត។
អត្ថបទដោយ ជឿន គឹមហេងCHOEURN Kimheng
ត្រួតពិនិត្យដោយ យាន រស្មី YEAN Reaksmey
រាត្រីមួយនៃថ្ងៃបើកសម្ពោធមហោស្រព «រដូវវប្បធម៌ឆ្នាំ ២០២០» នាឆាកសម្ដែងរបស់អង្គការសិល្បៈខ្មែរអមតៈ ខ្ញុំអង្គុយក្នុងចំណោមមនុស្សម្នាជាច្រើនដែលកំពុងទន្ទឹងចាំមើលទស្សនីយភាពសម្តែងរបាំរបស់សហគមន៍ជនជាតិកួយ។ មនុស្សម្នានៅក្នុងសាលមហោស្រពទាំងមូលហាក់ដូចជាមានភាពសប្បាយរីករាយ ទោះពួកគេត្រូវពាក់ម៉ាស់ពេទ្យ និងរក្សាគម្លាតសង្គម ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៍ខ្ញុំនៅតែមានអារម្មណ៍ថាទទួលបាននូវកម្លាំងរំភើបរបស់ពួកគេ ដោយសំណើចក្អាកក្អាយ។ តើនេះអាចមកពីមនុស្សនៅរាជធានីបានបាត់បង់ឱកាសចូលរួមការសម្ដែងនានាអស់រយៈពេលជាច្រើនខែមកហើយ និងនេះជាពេលដែលពួកគេរង់ចាំជាយូរហើយទេដឹង? នៅក្នុងថ្ងៃបើកសម្ពោធនេះ រដូវវប្បធម៌នាំមកនូវ របាំរដឺមស្រុកហៃ ដើម្បីបើកឆាក ជាភាសាខ្មែរមានន័យថា «របាំប្រពៃណីភូមិខ្ញុំ»។ រដឺមស្រុកហៃជាទស្សនីយភាពរបាំរបស់សហគមន៍ជនជាតិកួយនៃភូមិទន្សោង ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ ទស្សនីយភាពនេះ បានបង្ហាញខ្លួនក្នុង រដូវវប្បធម៌កាលពីថ្ងៃទី ៤ ខែតុលា។ រដូវវប្បធម៌ គឺជាព្រឹត្តិការណ៍រយៈពេលពីរខែគឺ ខែតុលា និង ខែវិច្ឆិកា ដែលរួមបញ្ចូលនូវការសម្ដែងរបាំ និងល្ខោននិយាយ ជាច្រើនស្នាដៃថ្មីៗ និងមានកម្មវិធីអន្តរសកម្មភាពមួយចំនួនទៀតសម្រាប់ឱ្យសិល្បករ និងមហាជនបានជួបគ្នាផ្ទាល់ប្តូរបទពិសោធន៍ និងចំណេះដឹង ធ្វើឡើងក្នុងរាជធានីភ្នំពេញ។ ប្រធានបទរួមរបស់រដូវវប្បធម៌ឆ្នាំនេះគឺ «ការបង្ហាញអត្តសញ្ញាណ៖ ពួកគេ និង/ឬ ពួកយើង»។
រូបភាពដោយសិល្បៈខ្មែរអមតៈ
រូបទី២. លក្ខណៈនៃរបាំទាំងមូល
ទស្សនីយភាពរបាំរដឺមស្រុកហៃ គឺជាការបង្ហាញអំពីជីវភាព ជំនឿ និងប្រពៃណីរបស់ជនជាតិដើមកួយ តាមរយៈការតុបតែងឆាក សម្លៀកបំពាក់ ភាសា ពិធីសាសនា សម្ភារប្រើប្រាស់ និងតន្រ្តីនៃរបាំ ដែលទាំងនេះ គឺជាសូចនាករសម្គាល់អំពីអត្តសញ្ញាណជាតិសាសន៍។ របាំរដឺមស្រុកហៃ សក្តិសមនឹងប្រធានបទរួមរបស់មហោស្រព ព្រោះទស្សនីយភាពទាំងមូលបានជំរុញឲ្យទស្សនិកជនពិចារណាអំពីប្រពៃណីរបស់ជនជាតិដើមកួយមានលក្ខណៈប្លែកដូចម្តេចខ្លះពីជនជាតិដទៃទៀត ហើយការចាត់តាំងឲ្យរបាំនេះបង្ហាញបើកមុខមហោស្រព គឺជាជម្រើសប្រកបដោយការពិចារណាខ្ពស់។
ការសម្តែង របាំរដឺមស្រុកហៃអមដោយចម្រៀងជាភាសាកួយ មានឈុតសម្តែងសាច់រឿងខ្លីៗ។ សិល្បករចូលរួមសម្តែងចំនួន ២០រូប ជាជនជាតិដើមកួយ ដែល១០រូបជាអ្នករបាំ ២រូបជាអ្នកចម្រៀង ៤រូប ជាអ្នកភ្លេង តួផ្សេងៗទៀត និងអ្នកមីង ខា ស្រស់ ជាគ្រូបង្ហាត់ដឹកនាំរបាំ និងជាចាស់ទុំជនជាតិដើមកួយ បកប្រែបរិយាយអំពីរបាំបណ្តើរៗជាភាសាខ្មែរ។
នៅក្រោមពន្លឺភ្លើងពណ៌ខៀវស្រទន់លាយជាមួយពណ៌បៃតងស្រស់ យើងឃើញមានរបស់របរ ជាច្រើនរៀបចំលម្អឆាក។ នៅខាងស្ដាំ ទៅខាងចុង និងទៅខាងក្រោយនៃឆាក យើងឃើញមានការប្រើប្រាស់ក្រដាសរចនាចេញជារូបរាងថ្មពណ៌ខ្មៅប្រផេះដូចភ្នំ។ នៅជុំវិញភ្នំ នេះមានរុក្ខជាតិបៃតង និងមកខាងមុខនៃឆាកមានអាស្រមមួយតម្កល់លើរានផុតពីកម្រាល ជាអាស្រមអ្នកសច្ចំ គ្មានប្រក់ដំបូល ក្រាលកន្ទេលស្លឹកពីរជាន់។ បើក្រឡេកទៅខាងឆ្វេង ឃើញមានឧបករណ៍ ភ្លេងមានស្គរ ដៃចំនួន៣ និងទ្រចំនួន១។ នៅទេសខាងមុខនៃវង់ភ្លេងមានខ្ទមអ្នកតាមួយ ដំបូលប្រក់ស្លឹក ក្រាលរនាបឫស្សី នៅក្បែរខ្ទមអ្នកតា ខាងស្តាំមានតាំងកូនរទេះអូស ធ្វើអំពីផ្តៅមួយផ្ទុក ដោយគ្រាប់ស្រូវទុំ។ សំឡឹងមើលមួយភ្លែត ឃើញហាក់បីដូចជាទេសភាពព្រៃភ្នំក្រំថ្ម។ ក្រៅតែពីនេះ នៅមានទេសខាងក្រោយនៃឆាក ឃើញមានការព្យួរ និងតាំងសម្ភារប្រើប្រាស់ប្រពៃណី មួយចំនួនជាអាទិ៍ កាំបិតខ្វែវ សម្រាប់ឆ្ការព្រៃ ពូថៅសម្រាប់កាប់កូនឈើ ចបជីកសម្រាប់ជីករណ្តៅ កញ្ជើសម្រាប់ទូលបាយ ត្រក សម្រាប់ដាក់ត្រីសាច់ ត្បាល់បុក និងអង្រែសម្រាប់បុកស្រូវយកអង្ករ និងទូកឈើសម្រាប់ឆ្លងទឹក ច្រវា អុំទូក ដែលក្មេងៗសម័យបច្ចេកវិទ្យាដូចខ្ញុំស្ទើរតែលែងឃើញ និងអត់ស្គាល់ផង។ ក្រៅពីសម្ភារតាំងលើឆាកបង្ហាញថារបាំនេះបង្ហាញពីសហគមន៍មកពីតំបន់ឆ្ងាយពីក្រុងហើយ នៅមានរូបឆោមរបស់សិល្បករទៀត ខ្លះមានវ័យចំណាស់ស្បែកស្រអែមជាំដោយអំណាចនៃកម្ដៅ ថ្ងៃដុតរោលសន្សឹមៗ ជាច្រើនឆ្នាំ ធ្មេញពណ៌លឿងដូចទឹកតែពីការនិយមពិសាស្លា ថ្នាំជក់ ជាការរក្សាធ្មេញរបស់ពួកគេតាមធម្មជាតិ សក់ពណ៌ខ្មៅនិលពីកំណើត យើងទាយបានថាជាមនុស្សស្និទ្ធស្នាលនឹងធម្មជាតិជាក់ច្បាស់។
សិល្បករស្លៀកពាក់ពណ៌ស្រុះគ្នា លម្អដោយខ្សែកអង្កាំ និងក្រណាត់ក្រហម មើលពីចម្ងាយដូចតួអង្គម្រេញគង្វាលជាក្រុមអ្នករក្សាព្រៃអរូបី អាចឱ្យយើងទាយបានថា ជាសម្លៀកបំពាក់ ប្រពៃណី។ បុរសរបាំពាក់អាវបំពង់ ដៃវែង និងខោក្រណាត់ ជើងវែងពណ៌ខៀវងងឹត លម្អដោយក្រណាត់ពណ៌ក្រហមឆ្អិនចងចង្កេះ ចងក្បាលចោលរំភាយទៅស្តាំដៃ និងពាក់ខ្សែកអង្កាំ សក់ខ្មៅកាត់ខ្លី។ នារីរបាំពាក់អាវបំពង់ ដៃវែងសម្រុងខ្លួនវែងលើជង្គង់ ពណ៌ខៀវងងឹតដូចគ្នាជាមួយសំពត់បត់សឹង ចង្កេះលម្អដោយក្រណាត់លាតពណ៌ក្រហម ចងចោលភាយរំយោលទៅខាងស្តាំដៃ ក្បាលចង ក្រណាត់ពណ៌ក្រហមប៉ាក់ឌិនពណ៌លឿង ឬពណ៌ទឹកក្រូច ចោលភាយរំយោលបាច់អំបោះក្រហមមកលើទ្រូងទាំងសងខាង និងមានរំយោលបាច់អំបោះក្រហមចេញពីចុងខ្សែកអំពាក់មួយខ្សែមកត្រឹមសូរង។ អ្នកមីង ខា ស្រស់ ពោលបញ្ជាក់ថាតាំងពីដើមមក អ្នកស្រុកកួយស្រឡាញ់ពណ៌ក្រហមណាស់។ នារីកួយពាក់ខ្សែកអង្កាំចម្រុះពណ៌ ដូចបានដឹងមកថា «ខ្សែកអង្កាំជាវត្ថុជាទីស្រឡាញ់របស់នារីជនជាតិដើមកួយ» ។ ស្ត្រីជនជាតិដើមកួយវ័យចំណាស់ម្នាក់ ប្រាប់ខ្ញុំថាខ្សែកអង្កាំរបស់គាត់សល់កេរមកតាំងពីលោកយាយរបស់គាត់ម៉្លេះ។ ពួកគាត់ពាក់ខ្សែដៃធ្វើពីលោហៈច្រើនខ្សែ ច្រើនរចនាចូលគ្នា។ ចំណែកត្រចៀកវិញនារីកួយប្រើមែកដើមរុក្ខជាតិពោល្យំក្រៀមពណ៌លឿងស្រគាំធ្វើជាក្រវិល។ ពួកគេចងសក់ក្របួចទៅក្រោយ ផ្ទៃមុខធម្មតា មិនតុបតែងទេ។ សិល្បកររបាំកួយជើងទទេដូចសិល្បកររបាំខ្មែរដែរ។ សម្រាប់តួអង្គសំខាន់ៗ គេប្រើក្រមាខ្មែរបង់ក ឬធ្វើជាឆៀង។
ជនជាតិដើមកួយប្រហែលមានជំនឿទុកចិត្តទៅលើអារុក្ខ អារក្ស អ្នកតា បើតាមការសម្តែងចំនួនពីរសាច់រឿងខ្លីនៃរបាំរដឺមស្រុកហៃ។ ដំបូងបំផុតមុនការសម្តែងរបាំ ពួកគេធ្វើពិធីរាំថ្វាយគ្រូ ដោយបុរសចំណាស់ម្នាក់ដើរកាន់ល្អីមួយពេញដោយគ្រឿងដង្វាយជា ធូប ទៀន ស្រា ស មួយដប ស្លាធម៌ រួចមកបត់ជើងនៅកណ្តាលឆាក ដុតទៀនមួយដើមបំភ្លឺ រួចដុតធូបសំពះបួងសួងឧទ្ទិស។ នៅចំពីក្រោយគាត់មានតាំងដើមឈើស្រស់មួយដើមខ្ពស់ជាងមនុស្សលុតជង្គង់បន្តិច និងអ្នករបាំរាំលុតជង្គង់សំពះរេរាពីក្រោយ ហាក់បីដូចជាការរាំថ្វាយគ្រូនេះធ្វើឡើងនៅឯទីមានព្រៃព្រឹក្សា ជាតំបន់របស់អារុក្ខ អារក្ស អ្នកតាមែន។ ឈុតរឿងខ្លីចំនួនពីរក៏បានបង្ហាញពីវត្តមានអារុក្ខ អារក្ស អ្នកតាដែរ ១. រឿងខ្លីសម្តែងមុនរបាំគុនដំបង ថ្វាយអ្នកសច្ចំ ពេលមានមនុស្សឈឺ។ សាច់រឿងពួកគេនាំយកអ្នកជំងឺទៅជួបអ្នកសច្ចំ ឱ្យគន់គូរមើលថាហេតុអ្វីទើបព្យាបាលពីមុនមកមិនជាសោះ។ អ្នកសច្ចំគន់គូរឃើញថាគេខុសនឹងអ្នកតា ហើយពួកគេគ្រាន់តែលេងភ្លេងថ្វាយ នឹងជាវិញហើយ។ ពួកគេជឿសម្តីអ្នកសច្ចំ និងលេងភ្លេងថ្វាយអ្នកម្ចាស់ទឹកម្ចាស់ដី ប្រហែលជាតួអង្គអារុក្ខ អារក្សតែម្តង។ សម្រាប់សំណែនមានជាស្លាមួយចំណិតរុំនឹងស្លឹកចេក និងលុយប្រាំរយរៀល ហើយរូបសច្ចំ (មនុស្សតំណាងសច្ចំ) អាចទទួលសំណែននេះបាន ទាល់តែការគន់គូរមើលទៅឃើញថានឹងជាវិញ។ ដង្វាយដែលតឹងរឹង និងតិចតួចបែបនេះ ប្រហែលមិនមែនសម្រាប់បង់ថ្លៃការងារមនុស្សទេ។ ២. ឈុតរឿងខ្លីមុនរបាំកាឆារថ្វាយអ្នកតាមុនធ្វើការដាំដុះ ពួកគេសួររូប (អ្នកតំណាង)អ្នកតាថា៖ «តើអាចដាំដុះនៅតំបន់អ្នកតាបានឬទេ?» អ្នកតាឆ្លើយថា៖ «បានធ្វើចុះ!» ពួកគេក៏រាំរបាំកាឆារថ្វាយអ្នកតាមុនការដាក់ដាំជាទំនៀម នេះច្បាស់ជាមកពីគេជឿថានៅទីណាក៏មានម្ចាស់អរូបីថែរក្សាដែរ។
តាមរយៈរបាំកាឆារធ្វើឱ្យយើងដឹងថាជាប្រពៃណីជនជាតិដើមកួយធ្វើកសិកម្ម។ បើទោះឯកសារខ្លះបានបង្ហាញថា «កាលពីបុរាណកួយជាជាងដែកផ្គត់ផ្គង់សម្ភារធ្វើពីដែកដល់ការកសាងអង្គរ» និងបច្ចុប្បន្នយើងឮថាកួយភាគច្រើនឡើងមកធ្វើការងាររោងចក្រនៅភ្នំពេញក៏ដោយចុះ ក៏ប៉ុន្តែការដាំដុះប្រហែលនៅតែជារបរចិញ្ចឹមជីវិតប្រពៃណីសំខាន់របស់ពួកគេ ដែលជាអ្នករស់នៅលើដីមានអំណោយផលដល់ការដាំដុះនៃទឹកដីកម្ពុជា។ របាំកាឆារ ជាផ្នែកនៃរបាំរដឺមស្រុកហៃ គេរាំតាមចង្វាក់អុកកាឆារទៅនឹងកម្រាល ធ្វើឱ្យយើងនឹកភ្នកដល់របាំត្រុដិដែលបង្ហាញពីទំនាក់ទំនងរវាងមនុស្ស និងសត្វព្រៃ ព្រាយ អារក្សតាមរបៀបខ្មែរ ប៉ុន្តែខុសគ្នាស្រឡះ កាឆារជាបង្គោលឈើត្រង់កម្ពស់មនុស្ស ចុងខាងលើភ្ជាប់នឹងកញ្ចុំក្រណាត់ និងអំបោះក្រហម និងដាក់កំប៉ុងដែកមួយ អុកបញ្ចេញសំឡេងទង្គិច ប្រាវ! ប្រាវ! ធ្វើឱ្យខ្ញុំនឹកដល់រឿងមេធ្មប់ក្នុងរឿងកុមារវិញទេ។ បង្គោលឈើហៅថា កាឆារ នេះ ប្រហែលជាឈើបុកដីយករន្ធសម្រាប់ដាក់កប់គ្រាប់ធញ្ញជាតិដាំទេមិនដឹង ព្រោះយើងដឹងថាដើម្បីដាក់ដាំ កសិករនៅតាមតំបន់ព្រៃភ្នំប្រើឈើស្រួចបុកដីដាក់គ្រាប់ពូជ ឬដោយប្រើចបជីក។ ក្នុងរបាំកាឆារ មានសិល្បករនារីចំណាស់ម្នាក់ជារូបអ្នកតា ពាក់ឆៀងក្រមាក្រឡាក្រហម-ស មើលដឹងថាជាក្រមាខ្មែរ រាំកាន់ដាវចុងមានដោតទៀនកំពុងឆេះនៅមុខខ្ទមអ្នកតា។ មុនចូលដល់របាំកាឆារក៏មានការសម្តែងប្រាប់រឿងខ្លីមួយ ពេលអ្នកភូមិមកស្តាប់អ្នកតា បានជាប់មកជាមួយនូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេដូចជា ត្រក់ កញ្ជើ ពូថៅ កំបិតខ្វែវ និងចបជីក។
បន្តពីនោះរបាំបានបង្ហាញពីសាច់រឿងរបស់នាងក្រពុំឈូក តាមរបាំអុំទូក របាំមហោរ៉ា និងរបាំជូនពរកួយដើម្បីបង្ហាញពីទំនាក់ទំនងជនជាតិដើមកួយទៅនឹងធម្មជាតិ។របាំអុំទូកបង្ហាញបុណ្យកំសាន្តកួយ ដែលមានតួអង្គសំខាន់ គឺនាងក្រពុំឈូក មានលក្ខណៈសម្គាល់ពាក់ឆៀងផាហ៊ុម ស្ទើរលុបបាត់ឯកសណ្ឋានជានារីរបាំ។ រឿងព្រេងមួយនេះ ត្រូវដកស្រង់មកតម្លើងក្នុងរបាំមានគោលបំណងបង្ហាញអំពីទំនាក់ទំនងជនជាតិដើមកួយទៅនឹងធម្មជាតិ ប៉ុន្តែបែរជាធ្វើឱ្យខ្ញុំយល់ថារឿងព្រេងនាងក្រពុំឈូក ដែលសព្វថ្ងៃរូបសំណាក់នាងមានតម្កល់នៅក្នុងវត្តសសរមួយរយ បង្ហាញពីទំនាក់ទំនងពិធីបុណ្យសាសនាកួយទៅនឹងពិធីបុណ្យប្រពៃណីជាតិខ្មែរវិញទេ។ ពិតហើយនាងក្រពុំឈូកតំណាងឱ្យធម្មជាតិសម្រាប់ជនជាតិដើមកួយ ព្រោះនាងមានប្រភពជាផ្កាឈូកក្រពុំមកពីបឹងធម្មជាតិ នេះតាមការបរិយាយរបស់អ្នកដឹកនាំ និងលំហូរនៃសាច់រឿង ប៉ុន្តែសម្រាប់ខ្ញុំជាជនជាតិខ្មែរ ខ្ញុំឃើញសាច់រឿងក្នុងក្រសែភ្នែកផ្សឹងពីនេះ គឺដូចជា ការបង្ហាញដើមហេតុនៃការធ្វើបុណ្យកឋិន បុណ្យអុំទូក និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរទៅវិញ។ ឈុតរឿងខ្លី បង្ហាញនារីរបាំដែលមានវ័យក្មេងជាងគេ អង្គុយបត់ជើងកាន់បាច់ផ្កាមួយបាច់ មានផ្កាឈូកក្រពុំមួយទង កម្រងផ្កាម្លិះដោត២ដើម ធូប ទៀន នៅកណ្តាលឆាកក្រោមពន្លឺភ្លើងពណ៌ស្វាយចែងចាំង នាងតូចស្រែកជាសំឡេងស្រួយ អន្លាយៗសុំឱ្យនាំចូលភូមិផង។ អ្នកភូមិក៏ចម្លងទូកហែរនាងចេញពីបឹង គេហៅសកម្មភាពត្រង់នេះថារបាំអុំទូក និងគេលេងភ្លេងបទជុំជាតិ ជាបទភ្លេងការខ្មែរលាយជាមួយបទអុំទូក។ ប្រហែលជាការជួបជុំនេះមានសភាពរីករាយដូចជាពិធីការមែនហើយ ព្រោះនេះជាជំនួបរវាងអ្នកមានបុណ្យ និងអ្នកភូមិជាប្រជាកសិករ។ នារីរបាំក្មេងម្នាក់ទៀតជាអ្នកដឹកខ្សែទូក ចំណែកអ្នករបាំផ្សេងៗទៀតដើររាំតគ្នាជាពីរជួរពីក្រោយ មានកាន់ច្រវាម្នាក់មួយៗ ស្រែកថា ហ៊ឺហ៊ឹបៗ! ដូចជាការប្រណាំងទូកក្នុងពិធីបុណ្យអុំទូកប្រពៃណីសជាតិខ្មែរ។ របាំមួយនេះដូចបានបកស្រាយអំពីការប្រណាំងទូកខ្មែរ ដែលមានតួអង្គស្រីជាអ្នករាំក្បាលទូក។ រឿងព្រេងនាងក្រពុំឈូកជួយបកស្រាយការនិយមយកមនុស្សស្រីជាអ្នករាំក្បាលទូក ដូចបានបង្ហាញក្នុងរបាំនេះសមហេតុផលជាង។ ចំណែកវត្តសរសរមួយរយ មានព្រះវិហារសង់ឡើងដោយសរសរចំនួនមួយរយ ប្រៀបបានទៅនឹងដើមឈូកក្នុងបឹង ជាទីឋាននាងក្រពុំឈូកយ៉ាងល្អឥតខ្ចោះតែម្តង។ របាំបន្តពីនេះគឺ របាំបទមហោរីជាភាសាកួយថា របាំបទមហោរ៉ា ប្រគំឡើងដើម្បីធ្វើបុណ្យអបអរនាងក្រពុំឈូកចូលដល់ភូមិ ដូចណាស់នឹងពិធីបុណ្យហែរកឋិនរបស់ប្រជាពលរដ្ឋខ្មែរ សំដៅទៅវត្តអារាមណាមួយដែលខ្លួនជ្រើសរើស ហើយមានការទទួលស្វាគមន៍ពីប្រជាជនចំណុះជើងវត្តនាំគ្នាជួយហែរសម្ភារជាច្រើនជុំវិញព្រះវិហារ រួចប្រគេនទៅព្រះសង្ឃទុកជាទ្រព្យសម្បត្តិវត្ត ដូចជាការតម្កល់នាងក្រពុំឈូកនៅក្នុងវត្តសរសរមួយរយជាវត្តអារាមខ្មែរដែរ ប៉ុន្តែទាស់ត្រង់លំដាប់លំដោយនៃពិធីបង្ហាញក្នុងរបាំកួយ និងលំដាប់លំដោយនៃពេលវេលាពិធីបុណ្យរបស់ខ្មែរខុសគ្នា។ របាំបន្តមកទៀតគឺរបាំជូនពរ វាដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ដែលប្រជាជនទទួលបានការបាចផ្កាជូនពរពីទេវតាឆ្នាំថ្មី។ របាំជូនពរជនជាតិដើមកួយមានការបាចផ្កាម្លិះជូនពរដូចគ្នានឹងរបាំជូនពរខ្មែរ ខុសតែរបៀបបាចគេបាចទៅឆ្វេងទៅស្តាំ មិនបាចត្រង់ទៅមុខដូចក្បាច់របាំខ្មែរទេ ហើយកួយប្រើត្រឡោកទ្រផ្កា ចំណែកខ្មែរប្រើជើងពានទ្រផ្កា។ ពេលខ្លះត្រឹមតែត្រឡោក និងជើងពាន យើងអាចគិតថាវាជារឿងតិចតួចណាស់ ប៉ុន្តែជាចំណុចសម្គាល់ច្បាស់លាស់នៃកម្មសិទ្ធិរបាំជូនពរកួយ ឬរបាំជូនពរខ្មែរដែរ។
សរុបមកយើងឃើញថា អត្តសញ្ញាណប្រពៃណីជនជាតិដើមកួយដូចបានទទួលឥទ្ធិពលខ្លះពីអត្តសញ្ញាណជាតិខ្មែរ ប៉ុន្តែនរណាទៅដឹងប្រហែលជាតិខ្មែរក៏ទទួលរងឥទ្ធិពលខ្លះដែរពីជនជាតិដើមកួយដូចជាបទសំពោង បទជុំជាតិ បានក្លាយជាបទភ្លេងការខ្មែរ មានទំនុកថ្មីៗ មិនសមជាស្នាដៃដើមឡើយ។ បើទោះជាមានបំណង ឬគ្មានបំណងក្តី ក៏របាំរដឺមស្រុកហៃបានបង្ហាញការទទួលឥទ្ធិពលពីគ្នាទៅវិញទៅមកនៃជនជាតិដើមកួយ និងជនជាតិខ្មែរ ជាចំណុចដែលជៀសមិនរួច ព្រោះមិនថាជាតិសាសន៍ណាទេដែលរស់នៅក្បែរគ្នា តែងទទួលឥទ្ធិពលគ្នាតិចក្តីច្រើនក្តី។ យ៉ាងណារបាំរដឺមស្រុកហៃក៏បានបង្ហាញភាពឈររឹងមាំរបស់ជនជាតិដើមកួយ តាមរបៀបបង្ហាញ និងគោលគំនិតប្លែកពីជនជាតិខ្មែរស្រឡះ ដូចដែលបានរៀបរាប់បង្ហាញពីជ្រុងនានានៃរបាំនេះស្រាប់។ ជនជាតិដើមកួយបានឈររឹងមាំថែរក្សាសម្រស់ប្រពៃណីខ្លួន មិនបណ្តោយឱ្យសាបសូន្យឈឹងចូលជាប្រពៃណីខ្មែរទេ តិចក្តីច្រើនក្តីតាមតែអាចធ្វើទៅបាន នេះហើយជាអំនួតនៃអត្តសញ្ញាណជាតិមួយ ព្រោះបានធ្វើឱ្យយើងខុសពីគេ៕
ឧបត្ថម្ភដោយ
សហការឧបត្ថម្ភ
ដៃគូផ្សព្វផ្សាយ