ចរិយា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រសិក្សាផ្នែកទេសចរណ៍នាឆ្នាំ ២០១៧ សព្វថ្ងៃកញ្ញាកំពុងបម្រើការនៅអង្គការមួយក្នុងទីក្រុងភ្នំពេញតួនាទីជាមន្ត្រីផ្នែកទំនាក់ទំនងលើការផ្លាស់ប្តូរឥរិយាបថ។ ចរិយាមានចំណង់ចំណូលចិត្ត និងចំណាប់អារម្មណ៍ទៅលើការអាន និងសរសេរណាដែលពាក់ព័ន្ធទៅលើការបញ្ចេញគំនិត អារម្មណ៍ និងឆ្លុះបញ្ចាំងទៅលើតថភាពសង្គម និងមេរៀនជិវីតដែលបកស្រាយតាមរយៈសិល្បៈជាទស្សនីយភាព ឬចម្រៀង។ ក្នុងនោះផងដែរ ចរិយាក៏បានធ្លាប់ចូលរួមវគ្គសិក្សាអំពីការសរសេរវិភាគអំពីសិល្បៈ ដែលរៀបចំឡើងអង្គការសិល្បៈខ្មែរអមតៈក្នុងការត្រិះគន់អំពីសិល្បះ ដែលជួយបន្ថែមជំនាញមួយទៀតក្នុងការសរសេររៀបរាប់ និងបញ្ចេញគំនិតយោបល់ទៅលើស្នាដៃសិល្បះ ក្នុងឳកាសរដូវកាលផ្លាស់ប្តូរវប្បធម៍ឆ្នាំ២០២០នេះ ចរិយាបានចូលរួមសរសេរអត្ថបទចំនួន២ ទៅលើចម្រៀងបុរាណនិពន្ធថ្មី និងល្ខោននិយាយ។
អត្ថបទដោយ ប៊ុត ចរិយា
ត្រួតពិនិត្យដោយ យាន រស្មី YEAN Reaksmey
“ងងឹតទាំងថ្ងៃ”គឺជាល្ខោននិយាយ គោចរិះអំពីទិដ្ឋភាពជីវិតជូរចត់របស់ក្មេងងាយរងគ្រោះមួយក្រុម ដែលបានបែកបាក់ព្រាត់ប្រាស់គ្រួសារមករស់នៅឯគំនរសំរាមដែលគេបោះបង់ចោល និងមិនអើពើ។ ល្ខោននេះបានឆ្លុះបញ្ចាំងលើតថភាពសង្គមមួយផ្នែក ដែលមនុស្សទូទៅបានមើលរំលង ថាតើមនុស្សមួយក្រុមតូចនេះមានភាពលំបាកលំបិនត្រដរតស៊ូយ៉ាងណា ដើម្បីគ្រាន់តែរស់នៅក្នុងជីវិតសាមញ្ញមួយដូចហ្នឹងគេឯងដែរ។ រឿងនេះបង្កើតឡើងក្នុងគោលបំណងចង់ឱ្យក្មេងទំាងនោះចាកចេញពីគំនរសំរាម និងអាចបន្តដំណើររៀនសូត្ររបស់ខ្លួននៅឯសាលារៀន។ តែបើគ្រាន់តែតាមរយៈការសម្តែងនេះ តើអាចឱ្យគោលបំណងទំាងនោះបានសម្រេចឬទេ? ប្រហែលជាការពិតនៃចម្លើយនេះត្រូវទាមទារនូវទង្វើ, សកម្មភាព និង ការយកចិត្តទុកដាក់បន្ថែមពីភាគីពាក់ព័ន្ធជាច្រើនចូលខ្លួនមកបញ្ជាក់នូវលទ្ធផលថាចំណេះដឹងពិតជាអាវុធ ដែលអាចទំលុះនូវភាពងងឹតនោះបានពិតមែន។
“ងងឹត” គឺជាគូផ្ទុយនឹង“ពន្លឺ” ដែលពាក្យទាំងពីរត្រូវបានប្រើប្រាស់ដើម្បីបង្ហាញអំពីភាពចែកដាច់គ្នារៀងៗខ្លួន។ រាល់ឥទ្ធិពលពន្លឺអាចនាំឱ្យភាពងងឹតចាកចេញឆ្ងាយ និងបង្ហាញរាល់បំបាំងរូបវន្តជុំវិញខ្លួនយើងឱ្យបានកាន់តែច្បាស់ជាងមុន។ រីឯងងឹតហាក់ដូចជាមោបាំងពណ៌ខ្មៅមួយ ដែលបន្លំរាល់វត្ថុនានាមិនអាចលេចឡើងជារូបរាង។ នៅពេលយើងដល់ទីកន្លែងងងឹតណាមួយ យើងប្រាកដជាមិនអាចប៉ាន់ស្មានថានឹងមានអ្វីកើតឡើងទេ នៅអ្វីដែលយើងដឹងក្នុងអារម្មណ៍គឺងងឹតនឹងអាចនាំឱ្យមានរឿងអាក្រក់កើតឡើងបាន។ មានសុភាសិតខ្មែរមួយបានពោលថា“ងាប់គំនិត ងងឹតដល់ស្លាប់” ដែលបង្ហាញពីកម្លាំងនៃភាពងងឹតនោះនឹងអន្ទោលតាមប្រាណលុះមរណា បើយើងមិនព្យាយាមតាមរកពន្លឺដែលជាគំនិតមកជំនួសទេនោះ។ យើងអាចនាំគ្នាស្រមៃទៅមើលថា បើមនុស្សយើងរស់នៅក្នុងភាពអន្ធការរហូត តើដំណើរស្វែងរកពន្លឺត្រូវជម្នះឧបសគ្គអ្វីខ្លះនៅខាងមុខ?
ចំពោះវណ្ណកម្ម «ងងឹតទាំងថ្ងៃ» ត្រូវបានដឹកនាំការសម្ដែងដោយលោកសាស្រ្តាចារ្យផ្នែកល្ខោននាដកម្ម លោក អន បញ្ញា និង សម្ដែងដោយសិស្សមកពីសាលាមធ្យមវិចិត្រសិល្បៈ។ ការចងក្រងសាច់រឿងនេះអាស្រ័យទៅនឹងរឿងរ៉ាវពិតរបស់កុមារីម្នាក់ឈ្មោះ «នារី» រស់នៅតំបន់ចាក់សំរាម។ រឿងនេះបានប្រសូតឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកសាស្រ្តាចារ្យ អន បញ្ញា នៅឆ្នាំ២០១៧ ទៅកាន់តំបន់ចាក់សំរាម (មិនបានបញ្ជាក់ថាមានទីតាំងនៅទីណានោះទេ)។ តែបើតាមខ្ញុំដឹងតំបន់ចាក់សំរាមនេះគឺទីក្រុងភ្នំពេញ ដែលពីមុន នៅក្នុងតំបន់ស្ទឹងមានជ័យ តែក្រោយមកត្រូវបានគេប្តូរទៅតំបន់ដង្កោវិញ។ នាពេលយើងនឹកដល់ពាក្យសំរាម ធ្វើឱ្យគិតដល់កាកសំណល់ដែលគេបោះបង់ចោល និង លែងត្រូវការ បើទោះក្នុងន័យលេងសើច ឬនិយាយមែនទែន ពេលដែលគេប្រៀបធៀបរបស់ ឬអ្នកណាម្នាក់ទៅនឹងសំរាមមានន័យថាអ្នកនោះ ឬ វត្ថុនោះ អស់តម្លៃនៃការប្រើប្រាស់ មិនមានប្រយោជន៍ ឬមិនបានការទៀតនោះទេ។ តែសំណួរសួរថាដំណើរដើមទងអ្វី ដែលធ្វើឱ្យមានមនុស្សមករស់នៅកន្លែង ដែលគេបោះបង់ចោល និងលែងត្រូវការនោះ? តើអ្វីទៅដែលជំរុញឱ្យពួកគេឈានទៅដល់ដំណាក់កាលនេះ? តើភាពក្រីក្រមែនទេដែលជាកំហុស និងមានវិសាលភាពក្នុងការរុញច្រានមនុស្សឱ្យមកដល់ដំណាក់កាលនេះ?
បើក្រឡេកទៅមើលការតុបតែងឆាកសម្តែងល្ខោននេះវិញ វាពិតជាពោរពេញដោយភាពច្នៃប្រឌិតដោយគេបានយកក្រដាសកាសែត បាវ និងក្រណាត់ចាស់ៗមកផ្តុំចូលគ្នារៀបគ្រោងឡើងជាគំនរសំរាម និងខ្ទមដែលជាជម្រករបស់តួអង្គរស់នៅ ហើយនៅលើឆាកផងដែរក៏មានរទេះអេតចាយ ធុងសាំង សំបកឡាំង សំបកដប កំប៉ុង កង់ឡានចាស់ៗ និងមានស្លឹកឈើពណ៍លឿងរាយបាយនៅលើនោះ ដែលនេះរំលេចចេញនូវភាពល្អិតល្អន់ក្នុងការយកចិត្តទុកដាក់រៀបចំឆាកបានយ៉ាងល្អ។ សម្រាប់សម្លៀកបំពាក់នៃតួសម្តែងវិញគឺមានភាពចាស់ដាច់រហែក រញ៉េរញ៉ៃ មានស្នាមប្រឡាក់ខ្មៅពាសពេញ ហាក់ដូចជាតួអង្គពិតនៅក្នុងសង្គមយ៉ាងដូច្នោះ ដែលពួកគេមិនមានសម្លៀកបំពាក់គ្រប់គ្រាន់ ហើយតែងស្វែងរកខោអាវដែលគេបោះបង់ចោល ឬទទួលបានសម្លៀកបំពាក់ដែលគេឈប់ពាក់ហើយតែប៉ុណ្ណោះ។
ក្រៅពីទស្សនីយភាពនៃល្ខោន អ្វីដែលខ្ញុំចាប់អារម្មណ៍ពីបរិយាកាសនៅជុំវិញខ្លួននោះ គឺទៅលើអ្នកទស្សនាដែលមានគ្រប់វ័យ ទាំងកុមារអាយុប្រមាណ ១៤ -១៥ ឆ្នាំ(បើតាមខ្ញុំស្មាន) លោកអ៊ំ អ្នកមីង និងយុវវ័យ ក្នុងនោះក៏មានជនបរទេសមួយចំនួនផងដែរ ដែលនេះជាចំណុចមួយដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើលថាល្ខោននេះបែបជាមានអ្វីពិសេស ដែលអាចទាក់ទាញមនុស្សគ្រប់មជ្ឈដ្ឋាន និងស្រទាប់មកចូលរួមក្រេបយកចំណីអារម្មណ៍នេះ។
រូបភាពដោយចរិយា
ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំបានសង្កេតឃើញអ្នកដែលបានចូលរួមទស្សនាងងឹតទាំងថ្ងៃ ហូរទឹកភ្នែក ដោយមិនបានត្រៀមទុក នៅពេលដែលបានឃើញឈុតមួយ ដែលចេញពីសំឡេងក្មេងស្រីម្នាក់កំពុងយកដែកកកាយលើគំនរភ្នំសំរាមស្រែកទ្រហោយំយ៉ាងខ្លាំង ដោយភាពតក់ស្លុតហាក់ដូចជាបានឃើញអ្វីម្យ៉ាងដែលគួរឱ្យខ្លាច ហើយបន្តតាមលងនាងយ៉ាងដូច្នោះ។ ការពិតនាងបានឃើញសាកសពនារីម្នាក់ត្រូវគេកាត់ក្បាល និងដៃ ខ្លួនចេញពីគ្នាពេលនាងកំពុងកកាយសំរាម។ ពេលនោះដោយមិនដឹងខ្លួនអារម្មណ៍ក្នុងនាមជាអ្នកទស្សនានៅពីមុខឆាក សែនអួលដើមករ ក្នុងចិត្ត និងអារម្មណ៍គិតថា «ឱ ពុទ្ធោអើយ! ហេតុអ្វីបានជាទិដ្ឋភាពលងបន្លាចដ៏អាក្រក់បែបនេះកើតមកលើក្មេងស្រីម្នាក់នេះ ដែលសមតែអាយុប៉ុននេះជាវ័យដែលមានភាពសប្បាយរីករាយ បានរៀនសូត្រនឹងគេ បែរជាកម្មអ្វីមកជួបទិដ្ឋភាពដ៏ឃោឃៅយ៉ាងនេះទៅវិញ?»។
រូបភាពដោយចរិយា
នៅក្នុងការសម្តែងនេះក៏មានឈុតមួយ ដែលឆ្លុះបញ្ចាំងពីតថភាពសង្គមផ្ទាល់ទៅលើក្មេងស្រី ដែលមិនមានទីកន្លែងសុវតិ្ថភាពសម្រាប់ជ្រកកោន។ ការរស់រាល់ថ្ងៃគឺពោរពេញទៅដោយភាពភ័យខ្លាចគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយខ្លាចត្រូវប្រុសៗចាប់រំលោភ។ ជីវិតប្រចាំថ្ងៃត្រូវតែការពារខ្លួនជានិច្ចពីភាពយាយីនានា,គ្មានទីណាដែលមានសុវតិ្ថភាពសម្រាប់ក្មេងស្រីនោះទេ។ ឈុតនេះកាន់តែបង្ហាញឱ្យច្បាស់ពីភាពទន់ខ្សោយរបស់ស្រ្តីដែលជាជនងាយរងគ្រោះមួយក្នុងសង្គមជាងបុរស ហើយដែលត្រូវការយកចិត្តទុកដាក់បន្ថែមទៀតពីសង្គម ដែលអនុញាតឱ្យមានសមធម៌យេនឌ័រពេញលេញ។
អ្វីដែលខ្ញុំពេញចិត្តជាងគេនៅក្នុងផ្ទាំងទស្សនីយភាព នេះគឺការដែលមានអ្នកចម្រៀង និងអ្នកលេងភ្លេងផ្ទាល់ នាពេលសម្តែងត្រង់ឈុតអតីតយុទ្ធជន ដែលមានពិការភាពដោយការជាន់មីនបាត់បង់ជើងម្ខាងកាលពីជំនាន់សង្គ្រាមឧទ្ទាមក្នុងអំឡុងឆ្នាំ ១៩៨០តាមព្រំដែនខ្មែរថៃ។ យុទ្ធជនរូបនេះបានបែកបាក់គ្រួសារ ហើយ បានជួបជុំជាមួយកូនស្រីរបស់ខ្លួនឈ្មោះ «នារី» វិញ ដោយចៃដន្យក្រោយពីរូបលោកបានត្រឡប់ទៅស្រុកកំណើតស្វែងរកកូនប្រពន្ធ (តែរកមិនឃើញ) ហើយថែមទាំងមានបំណងចង់សម្លាប់ខ្លួនក្រោយពីធ្លាក់ខ្លួនពិការ។ ត្រង់ចំណុចនេះអ្វីដែលខ្ញុំចូលចិត្តត្រង់តារាចម្រៀងដាក់អារម្មណ៍ដ៏លន្លង់លន្លោចភ្ជាប់សាច់រឿងចូលបានយ៉ាងជ្រាលជ្រៅដែលនាំឱ្យចម្រៀងនេះពីរោះយ៉ាងខ្លាំង។
បើទោះជាមានការជួបជុំឪពុកកូនក៏ដោយ អ្វីៗទាំងអស់សម្រាប់ខ្សែជីវិតឪពុកកូនទាំងពីរនាក់នេះ ហាក់ដូចជាគ្មានអ្វីផ្លាស់ប្តូរឱ្យមានភាពប្រសើរជាងមុនសោះ។ ការព្រួយបារម្ភនៅក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ការរស់មួយថ្ងៃគិតមួយថ្ងៃធ្វើឱ្យមានការចាក់ស្រេះយ៉ាងខ្លាំងលើជីវិតពួកគេទាំងពីរនាក់ហាក់បីដូចជានៅតែបន្ត។ បើទោះបីជាយ៉ាងណា ក៏នារី មិនបានបោះបង់ក្តីសង្ឃឹមរបស់ខ្លួនថានឹងបានចូលរៀនសូត្រនៅសាលាដូចគេដូចឯងនោះដែរ។ នារី សង្ឃឹមថា ការសិក្សារៀនសូត្រក្រែងអាចផ្លាស់ប្តូរជីវិតរបស់នាងឱ្យប្រសើរនឹងគេ។
ចេញពីភាពកំសត់បន្តិចក្នុងការសម្តែងនេះមានឈុតមួយរៀងមានភាពកំប្លែងក្នុងការញុំាងឱ្យបរិយាកាស ធូរស្បើយពីសាច់រឿងកំសត់ ត្រង់ការតតាំងរបស់នារីទៅកាន់យុវជនពីរនាក់ដែលបញ្ជាឱ្យនាង និង ឪពុករបស់នាងរុះរើផ្ទះចេញតំបន់គំនរសំរាម។ តួអង្គយុវជនទាំងពីរនាក់នោះបានបង្ហាញនូវភាពក្រម៉េចក្រមើមនាពេលប្រយុទ្ធជាមួយនារី ដោយមានការដួលផង ការរារែកចូលទៅជិតនារីផង។
ចុងក្រោយនៃសាច់រឿងឪពុកនារីក៏បានបាត់បង់ជីវិត ដោយសារការប្រតាយប្រតប់បានកើតឡើងនាពេលមានការបញ្ជាឱ្យរុះរើទីលំនៅដ្ឋានរបស់ពួកគេលើតំបន់ចាក់សំរាមនោះ។ បើទោះជាបានមករស់នៅកន្លែងដែលគេបោះបង់ហើយក្ដី ក៏ជីវិតរបស់ឪពុកកូនពីរនាក់នេះនៅតែមានការយាយីឥតឈប់ឈរ។ មុននឹងលាចាកលោកទៅឪពុកនារីបានផ្តាំកូនថា“ត្រូវរំដោះខ្លួនចេញពីភាពក្រីក្រ”។ ឱ! នារីដ៏កំសត់អើយ! បានជួបជុំគ្រួសារដែលមានតែមួយគត់របស់ខ្លួនហើយ តែត្រូវបែកបាក់យ៉ាងដូចនេះ ហើយក្នុងដំណើរដែលពោរពេញដោយភាពជូរចត់រុំព័ទ្ធខ្លួនបែបនេះ តើការបន្តទៅមុខដើម្បីរំដោះខ្លួនពីភាពក្រីក្រនឹងមានភាពយ៉ាងណាទៅ?
ការឆ្លុះបញ្ចាំងពីតថភាពមនុស្ស និងរឿងពិតដែលគេសឹងតែបំភ្លេចចោលនៅក្នុងសង្គមបែបនេះ គឺជាសារមួយទៅកាន់មនុស្សគ្រប់គ្នាឱ្យចាប់អារម្មណ៍ឡើងវិញនូវមជ្ឈដ្ឋានជុំវិញខ្លួន និង ចេះរៀនឱ្យតម្លៃគ្នាទៅវិញទៅមក។មានឃ្លាមួយក្នុងសាច់រឿងដោយក្មេងស្រីម្នាក់និយាយថា“ភ្លឺពេលណាទើបដឹងខ្លួនថារស់បានមួយថ្ងៃទៀត” “យើងគ្មានជម្រើសទេ” អ្នកណាប្រាប់ពួកគេថាគ្មានជម្រើស? អ្នកណាជាអ្នកឱ្យជម្រើសពួកគេ? ឬការដែលបាត់ប្រភពខ្លួននាំឱ្យពួកគេមកដល់ដំណាក់កាលនេះ? រាល់ឃ្លាទាំងអស់នោះ វាហាក់ដូចជាការដើរក្នុងរូងភ្នំមួយដែលរកមិនឃើញពន្លឺនៅចុងម្ខាងទៀតដូច្នោះ។ខ្ញុំសង្ឃឹមថាតទៅថ្ងៃមុខទៀតនឹងមានការសម្តែងដែលបង្កប់អត្ថន័យឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមកាន់តែច្រើនដោយលាយឡំជាមួយសារអប់រំ និងការរកដំណោះស្រាយសម្រាប់វិបត្តិសង្គមផ្សេងៗទៀតជូនមហាជន ដើម្បីឱ្យមានពិពិធភាពក្នុងការបង្ហាញជ្រុងនានាក្នុងការរស់នៅរបស់មនុស្សតាមរយៈសិល្បៈ។
ឧបត្ថម្ភដោយ
សហការឧបត្ថម្ភ
ដៃគូផ្សព្វផ្សាយ