កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ
គោលដៅ៖ មនុស្សវ័យក្មេងដែលកំពុងសិក្សា ឬធ្វើការក្នុងវិស័យសិល្បៈ
កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ជួយដល់អ្នកដែលមានទេពកោសល្យដើម្បីបន្តអាជីពការងាររបស់ខ្លួនក្នុងវិស័យសិល្បៈ។ កម្មវិធីអាហារូបករណ៍នេះ ជួយដល់សិស្សានុសិស្សអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការអាជីពការងារ និងផ្តល់ជូនកញ្ចប់ថវិកាដើម្បីចំណាយលើថ្លៃចូលរួមវគ្គបណ្តុះបណ្តាល និងចំណាយផ្សេងៗទៀតផង។
អាហារូបករណ៍នេះ ផ្តល់ជូនសិស្សសិល្បៈ និងសិល្បករវ័យក្មេងដែលបង្ហាញពីទេពកោសល្យ និងការជំរុញទឹកចិត្តដើម្បីអភិវឌ្ឍន៍ជំនាញសិល្បៈរបស់ខ្លួន – អាទិភាពត្រូវបានប្រគល់ជូនបេក្ខជនដែលពុំសូវទទួលបានឱកាសនេះ។
យើងបានផ្តល់អាហារូបករណ៍ដល់បេក្ខជនប្រហែល ១១០ រូបហើយ ចាប់តាំងពីកម្មវិធីអាហារូបករណ៍នេះបានចាប់ផ្តើម។ ឆ្នាំមុនបេក្ខជន ១០ រូបបានទទួលអាហារូបករណ៍សិល្បៈអមតៈអានចន ផន ហើយពួកគេទទួលបានការគាំទ្រលើការសិស្សាទាំងក្នុង និងក្រៅជំនាញសិល្បៈ។
បើកទទួលពាក្យស្នើសុំអាហារូបករណ៍ពីខែមីនា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលជ្រើសរើស សិស្សដែលនឹងទទួលបានអាហារូបករណ៍ នឹងត្រូវប្រកាសនៅខែកញ្ញា ឆ្នាំ២០២២។
សូមទាញយកព័ត៌មាន និងពាក្យស្នើសុំពីប្រអប់ខាងស្តាំដៃ បំពេញរួច សូមផ្ញើទៅកាន់ sormanak@cambodianlivingarts.org ឬទំព័រហ្វេសប៊ុក En Sormanak។
ឬអាចមកទទួលពាក្យស្នើសុំនៅការិយាល័យអង្គការសិល្បៈខ្មែរអមតៈ (128G9, Sothearos Blvd, Phnom Penh, Cambodia)
បេក្ខជនជាស្ត្រី ជនពិការ ជនជាតិភាគតិច ឬអ្នកមកពីសហគមន៍សម្លេងតិច ត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យស្នើសុំអាហារូបករណ៍។
សម្រាប់ជំនួយបន្ថែម សូមទាក់ទងមកកាន់ក្រុមការងាររបស់យើង តាមរយៈលេខទូរស័ព្ទ 010 941 224 ឬ sormanak@cambodianlivingarts.org
ពីថ្ងៃចន្ទ-សុក្រ (៨ព្រឹក-៥.៣០ល្ងាច)។
២០២១ គឺជាខួប១០ឆ្នាំនៃកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន។ តាំងពីឆ្នាំ២០១១មកមានមនុស្ស១០០នាក់ជាងបានទទួលអាហារូបករណ៍ពីកម្មវិធីនេះ ដែលការគាំទ្រមានប្រាក់ឧបត្ថម្ភការសិក្សាដែលទាក់ទងនឹងអាជីពការងាររបស់ពួកគេក្នុងវិស័យសិល្បៈ និងការគាំទ្របន្ថែមសម្រាប់ការអភិវឌ្ឍខ្លួននិងអាជីពអំឡុងពេលទទួលបានអាហារូបករណ៍។
ក្នុងអំឡុងខួប១០ឆ្នាំនេះ សិល្បៈខ្មែរអមតៈនឹងផ្តល់មូលនិធិដល់ការធ្វើរង្វាយតម្លៃឯករាជ្យចំពោះកម្មវិធីអាហា-រូបករណ៍នេះ ដើម្បីពិនិត្យមើលលទ្ធផលនៃកម្មវិធីកន្លងមក ក៏ដូចជាទទួលបានអនុសាសន៍សម្រាប់អភិវឌ្ឍកម្មវិធីបន្ថែម ដើម្បីឆ្លើយតបនឹងបរិបទនៃសិល្បករនិងអ្នកធ្វើការក្នុងវិស័យវប្បធម៌នាពេលបច្ចុប្បន្ននិងអនាគតក្នុងប្រទេសកម្ពុជា។
ចាន់ សាវតី
សាវតី មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយសព្វថ្ងៃគាត់ធ្វើការជាមន្រ្តីផ្នែកទំនាក់ទំនងនៅរាជធានីភ្នំពេញ។ គាត់ធ្លាប់បំរើការនៅស្ថាប័នសិល្បៈជាច្រើន ហើយគាត់មើលឃើញថាសិល្បករមានទេពកោសល្យនិងសមត្ថភាពខ្ពស់ តែពុំទាន់មានជំនាញផ្សព្វផ្សាយស្នាដៃសិល្បៈរបស់ខ្លួនបានទូលំទូលាយ វតីចង់ចូលរួមចំណែកជាអ្នកជួយផ្សព្វផ្សាយស្នាដៃសិល្បៈពួកគេ និងទាក់ទងជាមួយវិចិត្រសាលទាំងក្នុងនិងក្រៅស្រុក។ ដូច្នេះ ហើយទើបគាត់ស្នើសុំអាហារូបករណ៍រៀនភាសាបារាំង ហើយគាត់នឹងបន្តការសិក្សានៅប្រទេសបារាំងផ្នែកទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយសិល្បៈ។
កែវ គា
កែវ គា ជាសិល្បករ និងជាអ្នកឆ្លាក់ល្ខោនស្រមោលស្បែកធំ ល្ខោនស្រមោលស្បែកតូច គាត់ក៏ជាប្រធានសិល្បករនៅ Bambu Stage ក្នុងខេត្តសៀមរាបផងដែរ។ គាត់និងក្រុមបានដំឡើងល្ខោនអប់រំជាច្រើនដែលបង្កប់នូវអត្ថន័យពីជីវភាពប្រជាជន បញ្ហាក្នុងសង្គម និងប្រវត្តិសាស្រ្តជាដើម។ គាត់ក៏ធ្លាប់បង្ហាត់បង្រៀនឆ្លាក់ស្បែកដល់ក្មេងៗនៅតាមសាលារៀន និងសាធារណជនផងដែរ។ គាត់ស្នើសុំអាហារូបករណ៍រៀនជំនាញសម្តែងសិល្បៈបន្ថែមដើម្បីសិក្សាឲ្យកាន់តែស៊ីជម្រៅលើទម្រង់សិល្បៈខាងលើ ជាពិសេសលើមូលដ្ឋានគ្រឹះ។
ប៉េង ចាន់ទ្រា
ចាន់ទ្រា ជាសិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យនៅខេត្តកំពង់ធំ។ គាត់ជាអ្នកសម្របសម្រួល និងដឹកនាំក្នុងក្រុមសិល្បៈ រួមមានផ្នែកទំនាក់ទំនងនិងផ្នែកហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយដល់មនុស្សវ័យក្មេងនៅក្នុងសហគមន៍ និងសាលារៀន។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ដើម្បីបង្កើនចំណេះដឹងភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនង ជាពិសេសជាមួយបរទេស ទាំងផ្សព្វផ្សាយសិល្បៈវប្បធម៌។
ផ្លាន សុខជា
សុខជា មានស្រុកកំណើតនៅខេត្តរតនគិរី ហើយសព្វថ្ងៃជានិស្សិតស្ថាបត្យកម្មនៅសាកលវិទ្យាល័យន័រតុន។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីទ្រទ្រង់ការសិក្សាជំនាញស្ថាបត្យកម្មរបស់គាត់នៅសាកលវិទ្យាល័យ។ អាហារូបករណ៍នេះនឹងជាចំណែកធំមួយ ជំរុញការសិក្សារបស់គាត់ឲ្យចប់ចុងចប់ដើម ជួយឲ្យគាត់ក្លាយជាស្ថាបត្យករមួយរូបដែលលើកតម្កើងសិល្បៈវប្បធម៌ខ្មែរ និងជាពិសេសសិល្បៈជនជាតិដើមភាគតិច និងជាគំរូមួយសម្រាប់យុវជននៅក្នុងសហគមន៍គាត់ផងដែរ។
ស៊ា សុភារុន
សុភារុន បានបញ្ចប់ការសិក្សាជំនាញបុរាណវិទ្យាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សព្វថ្ងៃ គាត់ជាបុគ្គលិកបច្ចេកទេសនៅអាជ្ញាធរជាតិអប្សរា ការងារគាត់ទាក់ទងនឹងការថែរក្សា អភិរក្ស ស្រាវជ្រាវ និងចងក្រងនូវសម្បត្តិបេតិកភណ្ឌ។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ដោយសារវាចាំបាច់សម្រាប់ការទំនាក់ទំនង។ ម៉្យាងវិញទៀត វិស័យបុរាណវិទ្យា មានការសិក្សាចងក្រងជាភាសាអង់គ្លេស។ គាត់នឹងត្រូវធ្វើការបកប្រែឯកសារទាំងនោះដើម្បីផ្សព្វផ្សាយនិងចែករំលែកដល់យុវជនជំនាន់ក្រោយ។ គាត់ក៏មានគោលបំណងបន្តការសិក្សានៅបរទេស។ អាហារូបករណ៍នេះនឹងជួយឲ្យគាត់ក្លាយទៅជាអ្នកបន្តវេន និងជាអ្នកដឹកនាំនាពេលអនាគតដែលពោរពេញដោយសមត្ថភាព ទាំងផ្នែកជំនាញនិងផ្នែកភាសា។
សូរ ចាន់នូ
ចាន់នូ ជាគ្រូបង្រៀនសិល្បៈរបាំបុរាណ និងរបាំប្រពៃណី នៅសាលាបឋមសិក្សាមួយក្នុងខេត្តសៀមរាប។ គាត់ស្នើសុំអាហារូបករណ៍រៀនបរិញ្ញាបត្រផ្នែកគ្រប់គ្រង ដើម្បីយល់ដឹងពីការគ្រប់គ្រង និងការដឹកនាំសិល្បករ។ អាហារូបករណ៍នេះក៏នឹងជួយពង្រីកចំណេះដឹងគាត់បន្ថែមទាំងការអភិវឌ្ឍខ្លួន និងភាពជាអ្នកដឹកនាំ និងក្លាយជាការញ៉ាំងចិត្តដល់ក្មេងក្នុងសហគមន៍គាត់ផងដែរ។
សរ សុផៃ
សរ សុផៃ បានបញ្ចប់ការសិក្សាបរិញ្ញបត្រជំនាញបុរាណវិទ្យាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយសព្វថ្ងៃកំពុងបម្រើការងារជាមន្រ្តីរាជការនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង។ គាត់ស្នើសុំអាហារូបករណ៍រៀនអនុបណ្ឌិតជំនាញបុរាណវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីសិក្សាបន្តនិងចេះវិភាគកាន់តែស៊ីជម្រៅ ដោយសារគាត់មានគោលបំណង សិក្សាចងក្រងស្ថាននាមស្រុកនៅក្នុងខេត្តព្រៃវែង និងរៀបចំចុះបញ្ជីវត្ថុសិល្បៈធ្វើជាសៀវភៅសមុច្ច័យសារមន្ទីរខេត្តព្រៃវែង។
ត្រើយ យ៉ាម
យ៉ាម ជាសិស្សនៅវិទ្យាល័យជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរី និងជាអ្នករាំរបាំក្នុងក្រុមសិល្បៈវប្បធម៌ពូនងប៊ូស្រា។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ដើម្បីងាយស្រួលក្នុងការបង្ហាញពីសិល្បៈវប្បធម៌របស់គាត់ទៅកាន់ពិភពលោក។ គាត់មានក្តីស្រមៃ ចង់ឲ្យសិល្បៈសហគមន៍គាត់មានភាពរីកចម្រើន និងមានភាពល្បីល្បាញ។ ដូច្នេះអាហារូបករណ៍នេះនឹងអាចជួយគាត់មានចំណេះដឹងបន្ថែមផ្នែកភាសាអង់គ្លេស មានភាពជាអ្នកដឹកនាំ បណ្តុះគំនិតថ្មីៗ និងមានភាពក្លាហានជាងមុន ដើម្បីជាគំរូដល់សហគមន៍គាត់។
ទ្រី សុខារស្មី
សុខារស្មី បច្ចុប្បន្នជានិស្សិតជំនាញស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ព្រោះវាជាទុនសម្រាប់ការសិក្សាស្រាវជ្រាវពីផ្នែកស្ថាបត្យកម្មបន្ថែមឲ្យកាន់តែច្បាស់ ដើម្បីក្លាយខ្លួនជាបុគ្គលមានសមត្ថភាព ហើយគាត់ក៏មានបំណងក្លាយជាគ្រូបង្រៀនជំនាញនេះនាពេលអនាគតផងដែរ។ បន្ថែមពីនេះទៀត អាហារូបករណ៍នេះនឹងជួយឲ្យគាត់កាន់តែស្គាល់ខ្លួនឯងច្បាស់។
យាន ឆេងហាក់
ឆេងហាក់ កំពុងសិក្សាជំនាញសិល្បៈនាដសាស្រ្តឆ្នាំទី១នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ មុនពេលបន្តការសិក្សានៅសាកលវិទ្យាល័យ គាត់បានចូលរួមសកម្មភាពផ្សព្វផ្សាយសិល្បៈផ្នែករបាំទៅសហគមន៍ក្នុងខេត្តកំពង់ធំ ជាប្រធានដឹកនាំក្រុមនិងជាអ្នករបាំផងដែរ។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ វាអាចជួយឲ្យគាត់អាចបញ្ចប់ការសិក្សាមុខជំនាញសិល្បៈបានដោយរលូន និងយកចំណេះដឹងដែលមានទៅផ្សព្វផ្សាយ ព្រមទាំងបណ្តុះបណ្តាលឧត្តមគតិស្នេហាវិស័យសិល្បៈដល់ក្មេងជំនាន់ក្រោយ ជាពិសេសលើកតម្កើងនិងបង្កើតមុខរបរដើម្បីផ្គត់ផ្គង់ជីវភាពសិល្បករឲ្យមានជីវភាពល្អប្រសើរ។
ខឹម សុខស្រីមាន – និស្សិតគំនូរ
ស្ងួន កវីសិរិរ័ត្ន – និស្សិតពិណ
អែល ហ៊ុយណូ – និស្សិតគំនូរ