រដឺមស្រុកហៃដោយសិល្បករកួយ

nutharom

សព្វថ្ងៃ នុត ជេដ្ឋារុំ ជា​និស្សិត​ឆ្នាំ​ទី​បួន​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា ហៅ​កាត់​ថា CUS និង​បម្រើការ​ផ្នែក​ផ្ដល់​ព័ត៌មាន​នៅនៃសាលា New Gateway International School ។ ថ្វីត្បិត​តែ​ ជេដ្ឋារុំ ពុំធ្លាប់ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​តែង​និពន្ធ​ណាមួយ​ក៏ដោយ ប៉ុន្តែ​អ្នក​និពន្ធ​រូប​នេះ ជឿជាក់ថា ស្នាដៃ​តែង​និពន្ធ​របស់​អ្នក​និពន្ធ​គឺពិតជា​បាន​ចូល​រួម​ចំណែក​អប់រំ​មនុស្ស ក៏ដូចជា​លើក​ស្ទួយ​វិស័យ​សិល្បៈ​តែង​និពន្ធ​នៅ​ប្រទេស​កម្ពុជា​ផងដែរ។ ជេដ្ឋារុំ បាន​សរសេរ​ស្នាដៃ​​បាន​មួយ​ចំនួន​ដូចជា ថ្ងៃកំណើត ជា​ប្រភេទ​រឿង​ខ្លី​ និងស្នាដៃរឿងអប់រំ​កុមារ​មាន​ជាអាទិ៍ ព្រះ​រាជ​កុមារ​កំហែង កុមារ​មេត្តា ព្រមទាំងចម្រៀង បទ​ភ្ជុំបិណ្ឌ​ទៅ​លេង​ស្រុក និង​បទ លួច​ស្រឡាញ់​បង។ ក្នុង​ឆ្នាំ ២០២០ អ្នក​និពន្ធ​រូប​នេះ ​បាន​ចូល​រួម​ក្នុង​ក្រុម​អ្នក​និពន្ធ​អត្ថបទ​អំពីកម្មវិធី​ «រដូវវប្ប​ធម៌» ​របស់​អង្គការ​សិល្បៈខ្មែរ​អមតៈ ដើម្បី​បាន​បាន​រួម​ចំណែក​ផ្សព្វផ្សាយ​អំពី​ទិដ្ឋ​ភាព​សិល្បៈ​វប្បធម៌ នៅកម្ពុជា​តាមរយៈ​សំណេរ​អត្ថបទ​វិភាគ​របស់​គាត់។

រដឹមស្រុកហៃ

អត្ថបទដោយ នុត ជេដ្ឋារុំNUTH Chetharom

ត្រួតពិនិត្យដោយ យាន រស្មី YEAN Reaksmey

 

រដឺម​ស្រុក​ហៃ ជា​របាំ​របស់​ជន​ជាតិ​ដើម​កួយ ដែល​មក​ពី​ភូមិ​ទន្សោង ឃុំ​សៀម​បូក ស្រុក​សៀម​បូក ខេត្ត​ស្ទឹង​ត្រែង។ អ្នក​ស្រី ខាស្រស់ ជា​ជន​ជាតិ​ដើម​កួយ ដែល​គាត់​ជា​អ្នក​ដឹកនាំ   សម្តែង​ផង និង​ជា​អ្នក​និទាន​រឿង​ផង។ សិល្បៈ​មួយ​នេះ​បាន​បង្ហាញ​អំពី​ប្រពៃណី​របស់​ជន​ជាតិ​ដើម​កួយ ដូចជា​របៀប​របប​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួគេ ការ​ស្លៀក​ពាក់ ការ​ថ្វាយ​គ្រូ ថ្វាយ​សច្ចំ​ជា​ដើម។

village-tradition-1

រូបភាពដោយសិល្បៈខ្មែរអមតៈ

yipheng-3

រូបទី២. លក្ខណៈនៃរបាំទាំងមូល

រដឺម​ស្រុក​ហៃ ត្រូវ​បាន​លើក​យក​មក​សម្តែង​ក្នុង​កម្មវិធី រដូវប្បធម៌ ការ​បង្ហាញ​អត្តសញ្ញាណ៖ ពួកគេ និង/ឬ ពួកយើង។ យើង​ចង់​ដឹង​ ចង់​ស្គាល់​រៀន​សូត្រ​អំពី​ប្រពៃណី​វប្បធម៌​របស់​ពួកគេ ចែក​រំលែក​ប្រពៃណី​ទំនៀម​ទម្លាប់​រវាង​ពួក​យើង និង​ពួក​គេ ម្យ៉ាង​វិញ​ទៀត យើង​ក៏ដូច​ជា​ជន​ជាតិ​កួយ​ចង់​អភិរក្ស​របាំ​នេះ​ឱ្យ​នៅ​គង់​វង្ស។ ក្បាច់​រាំ​មើល​ទៅ​ស្អាត​ទន់​ភ្លន់ ការ​តុប​តែង​ខ្លួន​របស់​តួ និង​ឆាក មើល​ទៅ​វា​ហាក់​ដូច​ជា​នៅ​ក្នុង​ភូមិ​មួយ​អ៊ី​ចឹង។និយាយ​មក​ដល់​ការ​តុបតែង​ឆាក​យើង​ឃើញ​គេ​មាន​ដើម​ឈើ​មួយ​នៅ​កណ្តាល​ឆាក​ដែល​ជា​តំណាង​ឱ្យ​ជន​ជាតិ​ដើម​កួយ។ ថែម​ទាំង​មាន​ស្គរ​ដៃ​បី ទ្រសោ​មួយ រោង​អ្នកតា​មួយ នៅ​ខាង​លើ​មាន​ពន្យួរ​ចង្អេរ នៅ​ខាង​ក្រោម​គេ​តាំង​កូន​ទូក ច្រវា​ទូក​​​​ និង​មាន​ពំនូក​មួយ​ប្រហាក់​ប្រហែល​ទៅ​នឹង​ពំនូក​ចំបើង​ដែរ​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ឆាក​។ ចំណែក​ឯ​ផ្នែក​ខាង​ស្តាំ​ឆាក​វិញ គេ​មាន​តាំង​កន្ទេល​កាចូត ត្បាល់​បុក​ស្រូវ កាំបិត​ផ្គាក់ ពន្លាក កញ្ច្រែង កន្រ្តក ពំនូក​ធំមួយ និង​រោង​សច្ចំ។ពេល​គេ​រាំ​គេ​មាន​ចម្រៀង​ព្រម​ទាំង​ភ្លេង​ប្រគំ​ដោយ​ទ្រសោ និង​ស្គរ។ តន្រ្តី និង​ការ​រៀបចំ​ឆាក​ធ្វើ​ឱ្យ​របាំ​នេះ​កាន់​តែ​មាន​សោភណភាព វា​ហាក់​ដូចជា​យើង​ទៅ​មើល​របាំ​នៅ​ក្នុង​ភូមិ ឬ​ទៅ​ទស្សនា​បុណ្យ​ភូមិ​អ៊ីចឹង​ដែរ។ ម្យ៉ាង​វិញ​ទៀត របាំ​បើ​គ្មាន​តន្រ្តី​អម​ជាមួយ​ទេ​វា​ដូច​ជា​រោង​ការ​ខ្វះ​កូន​ក្រមុំ។ វា​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ខ្ញុំ​ស្ទើរ​តែ​គ្រប់​ឈុត​គ្រប់​ឆាក។ ឆាក​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ គឺ​ឆាក​យក​នាង​ក្រពុំ​ឈូក​ចេញ​ពី​ក្នុង​បឹង។ ខ្ញុំ​បាន​រៀន​ចេះ​ពាក្យ «ចាយអើយចម្លងការី» មាន​ន័យ​ថា ​អ្នកស្រុក​អើយ​ជួយ​ចម្លង​ខ្ញុំ​ផង។ឆាក​នេះ​គេ​ឱ្យ​ក្មេង​ស្រី​ជំទង់​ម្នាក់​លុត​ជង្គង់​កាន់​ផ្កា​ស្រែក​ជា​ភាសា​កួយ​ឱ្យ​គេ​មក​ចម្លង​ចេញ​ពី​ក្នុង​បឹង។ បន្ទាប់​មក​ក៏​ឮ​ដល់​ស្រ្តី​ចំណាស់​ម្នាក់​។ គាត់​ ក៏​ហៅ​អ្នក​ភូមិ​ឱ្យ​មក​ជួយ​ចម្លង។បន្ទាប់​មក​ទៀត​មាន​ក្មេង​ស្រី​ម្នាក់​រាំ​អូស​​ទូក​ចេញ​មក និង​មាន​អ្នក​រាំ​ពី​ក្រោយ​ដៃ​កាន់​ច្រវា ហើយ​រាំ​កាយ​វិការ​ដូច​អុំទូក​រាំ​ជុំវិញ​នាង​​ក្រពុំ​ឈូក។​​​​​ ចំណែក​ឯ​ចម្រៀង​ វា​ប្រហាក់​ប្រហែល​ទៅ​នឹង​បទ​ចម្រៀង​មួយ​ដែល​ខ្ញុំ​បាន​រៀន​កាល​ពី​ថ្នាក់​បឋម​សិក្សា​ ហើយ​ក៏​ជា​បទ​ដែល​ទាក់​ទង​នឹង​ការ​អុំទូក​ដែរ។ បើ​តាម​ អ្នកមីង ខា ស្រស់ របាំ​នេះ​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ របាំនេះ គេ​សម្តែង​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក ជាពិសេស​ខ្មែរ និង​កួយ​ធ្លាប់​បាន​ប្រណាំង​ទូក​ជាមួយ​គ្នា។ ពេល​មើល​ការ​សម្តែង​នេះ​ចប់​ធ្វើ​ឱ្យ​ខ្ញុំ នឹក​ឃើញ​ដល់​ចម្រៀង​ភ្លេងការ របាំជូនពរ របាំរាំវង់។ បាន​ជា​ខ្ញុំ​គិត​ដល់​ចំណុច​នេះ​ព្រោះ​ថា ចម្រៀង​នៃ​របាំ​នេះ​សុទ្ធ​សឹង​តែ​ជា​បទ​ភ្លេងការ​ដែល​គាត់​ប្រើ​ឧបករណ៍​ភ្លេង​ខ្មែរ​ដែរ​​។​​​ មួយ​វិញ​ទៀត​ខ្មែរ​មាន​របាំ​ជូន​ពរ​ហើយ កួយ​មាន​របាំ​ជូន​ពរ​ដែរ ខុស​គ្នា​ត្រង់​ក្បាច់​រាំ ប៉ុន្តែ​យើង​សុទ្ធ​តែ​បាច​ផ្កា​ដូច​គ្នា។​ តែ​ខ្មែរ​ស៊ីវិល័យ​ជាង​ត្រង់​យើង​មាន​ជើង​ពាន​ប្រាក់​ដើម្បី​ដាក់​ផ្កា ឯ​កួយ​វិញ​គេ​ប្រើ​ត្រឡោក​ដូង។ ចំណែកឯ​ របាំ​រាំ​វង់​វិញ​ត្រង់​បទ​មហោរី​ដែល​គេ​សម្តែង​នេះ​ជា​បទ​មហោរី​ខ្មែរ​ដោយ​សារ​តែ​ខ្ញុំ​ចូល​ចិត្ត​បទ​នេះ​គ្រាន់​តែ​ចេញ​ភ្លេង​មក​គឺ​ខ្ញុំ​ស្គាល់​តែ​ម្តង។ បទ​នេះ​ គេ​រាំ​ជា​ចង្វាក់​ក្បាច់ ហើយ​ពួកគេ​រាំ​ជា​ចង្វាក់​ក្បាច់​ដូច​ខ្មែរ​ដែរ ទំនង​ជា​កួយ​រស់​នៅ​លើ​ទឹកដី​ខ្មែរ​យូរ​យារ​ក៏​ទទួល​យក​អរិយធម៌​ខ្មែរ។ របាំ​នេះ​មាន​ទំនាក់​ទំនង​ទៅ​នឹង​អត្ត​សញ្ញាណ។ អត្តមាន​ន័យ​ថា​ខ្លួន​ឯង។ សញ្ញាណ មាន​ន័យថា ជា​សញ្ញា​ជា​គ្រឿង​សម្គាល់។ អត្ត​សញ្ញា​មាន​ដូចជា ភាសា អក្សរ​ សម្លៀក​បំពាក់ ម្ហូបអាហារ​ តន្រ្តី របាំ ជាដើម។ រដឺមស្រុកហៃ មាន​ទំនាក់​ទំនង​ទៅ​នឹក​អត្ត​សញ្ញាណ​របស់​ជន​ជាតិ​កួយ ដោយ​គេ​បាន​ប្រើ​ចម្រៀង​ជា​ភាសា​កួយ សម្លៀក​បំពាក់ និង​ជំនឿ​របស់​ពួក​គាត់។ មួយ​វិញ​ទៀត វា​ក៏​មាន​ទំនាក់​ទំនង​ទៅ​នឹង​អត្ត​សញ្ញាណ​របស់​ខ្មែរ​ដែរ ដូចជា​ឧបករណ៍​តន្រ្តី​ដែល​គាត់​ប្រើប្រាស់​មាន​ទ្រសោ និង​ស្គរ​ដៃ ហើយ​សាច់​ភ្លេង​​ជា​លក្ខណៈ​ភ្លេងការ​ខ្មែរ។ ចំណែក​ឯ​បទ​មហោរី​ដែល​គាត់​ច្រៀង​នោះ​ខ្មែរ​ក៏​មាន​ដែរ ជា​ភ្លេង​តែ​មួយ​ដោយ​សារ​តែ​ខ្ញុំ​មិន​ចេះ​ភាសា​កួយ​ ទើប​មិន​ដឹង​ថា​អត្ថន័យ​ចម្រៀង​ដូច​គ្នា​ឬ​យ៉ាង​ណា។ ខ្ញុំ​សម្គាល់​បាន​ថា​ពួក​គាត់​ជា​ជន​ជាតិ​ភាគ​តិច​បាន​ត្រង់​ភាសា​របស់​គាត់ និង​សម្លៀក​បំពាក់​របស់​ពួក​គាត់។

ជា​រួម​ ខ្ញុំ​គិត​ថា​ការ​សម្តែង​នេះ​ធ្វើ​បាន​ល្អ បើ​យើង​និយាយ​ពីតន្ត្រី និង​ចម្រៀង​វិញ វា​ហាក់​បី​ដូច​ជា តន្រ្តី​ភ្លេង​ការ​មួយ​វង់​ដែល​ប្រគំ​ដោយ​សិល្បករ​ល្បីៗ។ ចំណែក​ឯ​ការ​តុបតែង​របស់​តួ​វិញ គេ​ប្រើ​ពណ៌​ដិត សម្លៀក​បំពាក់​ពណ៌​ខៀវ ឈ្នួត​ក្បាល​ពណ៌​ក្រហម​ស្រស់ និង​កំណាត់​ក្រហម​ចង​ចង្កេះ មើល​ទៅ​វា​លេច​ធ្លោ​ថែម​ទាំង​មាន​ភ្លើង​ពណ៌​ចម្រុះ​ទៀត​ផង។ ឯ​ក្បាច់​រាំ​វិញ ល្វត់​ល្វន់ ស្រុះ​គ្នា​គួរ​ឱ្យ​ចង់​ពិច​ពិល​រម៉ិល​មើល។ ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ដែល​មិន​ធ្លាប់​បាន​មើល​មក​ទស្សនា​របាំ​នេះ ដើម្បី​ឱ្យ​យើង​បាន​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​យើង​ក៏​បាន​ដឹង​ពី​ទំនាក់​ទំនង​អត្តសញ្ញាណ​ខ្មែរ និង​កួយ ជំនឿ សាសនា​កួយ។ ឧទាហរណ៍ថា យើង​ទៅ​លេង​ភូមិ​ជន​ជាតិ​ភាគ​តិច តែ​យើង​មិន​ដឹង​ពី​ទំនៀម​ទម្លាប់​នៃ​ការ​រស់​នៅ​របស់​គេ ហើយ​យើង​បាន​ធ្វើ​ខុស​នឹង​ត្រូវ​បាន​គេ​ប្រកាន់។  សរុប​មក យើង​គួរ​តែ​ស្វែង​យល់ និង​អភិរក្ស​ប្រពៃណី​របស់​ជន​ជាតិ​ដើម​ភាគ​តិត ហើយ​យើង នឹង​មាន​ប្រពៃណី​ចម្រុះ​ជាតិ​សាសន៍​នៅ​ក្នុង​ប្រទេស ដែល​ជា​គ្រឿង​​អលង្កាលម្អ​បន្ថែម​ទៀត។

ឧបត្ថម្ភដោយ

My Village Traditions by Chetharom, KH

សហការឧបត្ថម្ភ

My Village Traditions by Chetharom, KH

ដៃគូផ្សព្វផ្សាយ

My Village Traditions by Chetharom, KH

follow us

Start typing and press Enter to search