ជឿន គឹមហេង មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និងសព្វថ្ងៃ កំពុងបម្រើការងារក្នុងស្ថាប័នរដ្ឋនៅរាជធានីភ្នំពេញ។ គឹមហេងធ្លាប់ហាត់សរសេររឿងខ្លី រឿងប្រលោមលោក និងរឿងកុមារ នៅសមាគមអ្នកនិពន្ធខ្មែរ និងអង្គការ Room to Read Cambodia។ គាត់ធ្លាប់បានចូលរួមការប្រកួតប្រជែងផ្នែកតែងនិពន្ធពានរង្វាន់លីធាមតេង ឆ្នាំ ២០១៨ និងទទួលបានចំណាត់ថ្នាក់លេខ៥ លើស្នាដៃរឿងដែលមានចំណងជើងថា «មន្តស្នេហ៍រទេះរុញ»។ ដោយមូលហេតុចង់ដឹង និងចង់ស្វែងយល់អំពីខ្លួនឯងបន្តទៀតថា ខ្លួនអាច ធ្វើកិច្ចការនិពន្ធលើទម្រង់ណាបានល្អជាងគេ ដូច្នេះហើយបានជាគឹមហេង ចូលរួមជាមួយអង្គការសិល្បៈខ្មែរអមតៈ ដើម្បីរៀនសរសេរអត្ថបទការវិភាគអំពីសិល្បៈ និងក្រោយមកបានជាប់ជាបេក្ខជនសរសេរវិភាគលើសិល្បៈសម្រាប់ «រដូវវប្បធម៌ឆ្នាំ ២០២០» នេះ។ ក្នុងថ្ងៃអនាគត គាត់ចង់មានអាជីពជាអ្នកនិពន្ធលើទម្រង់ណាមួយដែលគាត់ធ្វើបានល្អបំផុត។
អត្ថបទដោយ ជឿន គឹមហេង
ត្រួតពិនិត្យដោយ យាន រស្មី YEAN Reaksmey
កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅអង្គការសិល្បៈខ្មែរអមតៈ រៀបចំកម្មវិធីអន្តរសកម្មភាពមួយក្រោមប្រធានបទ «សហសម័យធ្វើដំណើរទៅមុខ» ដែលមានអ្នកចូលរួមប្រមាណ៤០នាក់ ភាគច្រើនជាយុវជន។ កម្មវិធីអន្តរសកម្មភាព ធ្វើឡើងដើម្បីចែករំលែកចំណេះដឹងអំពីសិល្បៈ រវាងសិល្បករនិងមហាជនជាផ្នែកនៃមហោស្រព«រដូវវប្បធម៌» ឆ្នាំ២០២០ ការបង្ហាញអត្តសញ្ញាណពួកគេ និង/ឬ ពួកយើង។ មហាជនអាចចូលរួមកម្មវិធីអន្តរសកម្មភាពទាំងនេះដោយសេរី គឺគ្រាន់តែចុះឈ្មោះក្នុងអនឡាញតាមរយៈតំណភ្ជាប់នៅលើសេចក្តីប្រកាសព័ត៌មានជាមុនប៉ុណ្ណោះ។
កម្មវិធីអន្តរសកម្មភាព «សហសម័យធ្វើដំណើរទៅមុខ» មានកម្មវិធីបីបន្តបន្ទាប់គ្នាពីម៉ោង២កន្លះរសៀលទៅដល់ម៉ោង៥កន្លះល្ងាច នៅក្រោមសាលកញ្ចក់ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ អ្នកចូលរួមអាចចូលរួមទាំង៣កម្មវិធី ឬកម្មវិធីមួយណាក៏បានដែរ។ កន្លែងរៀបចំកម្មវិធីនៅតាមច្រកផ្លូវដើរឆ្លងអគារ គ្មានជញ្ជាំងឆ្វេងស្តាំ មើលទៅដូចជាស្វាគមន៍រួសរាយណាស់។ នៅចុងម្ខាងជាទ្វារបន្ទប់ថ្នាក់រៀន តែនៅចុងម្ខាងទៀតមានគំនូរសិល្បករសម្តែងជាច្រើនទម្រង់ និងមានអក្សរធំៗថាសិល្បៈស្រុកយើងឱ្យយើងដឹងថាវាមិនគ្រាន់តែជាច្រកផ្លូវដើរទេ។ នៅលើកម្រាលឥដ្ឋមានរៀបចំក្រាលកន្ទេលក្រហមជាជួរ និងនៅលើកន្ទេលនេះមានដាក់ទ្រនាប់ខ្នើយអង្គុយ រក្សាគម្លាតសង្គមពីគ្នា ដើម្បីការពារការរីករាលដាលនៃជំងឺផ្លូវដង្ហើម តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ពេលដាក់គូទអង្គុយដល់ខ្នើយ ងាកទៅឆ្វេងទៅស្តាំ ឃើញតែពណ៌បៃតង និងខ្យល់បក់ប្រមូលក្លិនផ្អែមពីស្មៅកម្រាលសួន។ នៅក្បែរខាងស្តាំនៃចុងជញ្ជាំងគំនូរ មានតុវែងមួយពោរពេញដោយផ្លែឈើនំនែកជាអាហារសម្រន់។ អ្នកចូលរួមអាចយកទទួលទានបណ្តើរ ជជែកគ្នាលេងបណ្តើរមុនកម្មវិធីចាប់ផ្តើម។ នៅលើតុនោះក៏មានម៉ាស់ពេទ្យ និងទឹកលាងដៃសម្រាប់អ្នកចូលរួមប្រើប្រាស់ដែរ ។
មហោស្រពរចនាកម្មវិធីអន្តរសកម្មភាព«សហសម័យធ្វើដំណើរទៅមុខ» នេះឡើង អាចមកពីមហោស្រពមានបង្ហាញរបាំសហសម័យជាច្រើនស្នាដៃ ទើបឆ្លៀតឱកាសពាំនាំចំណេះដឹងអំពីសិល្បៈសហសម័យនេះមកចែករំលែកដល់មហាជនដែលមានចំណាប់អារម្មណ៍ដូច្នេះ។ ម្យ៉ាងវិញទៀត ដោយសង្កេតឃើញថាមានមនុស្សមួយចំនួនយល់ថាសហសម័យជារឿងថ្មី រងឥទិ្ធពលពីបរទេស និងប្រហែលចង់បញ្ជ្រាបថាប្រពៃណី វប្បធម៌ មិននៅទ្រឹងមួយកន្លែងទេ តែងមានការផ្លាស់ប្ដូរទៅតាមការអភិវឌ្ឍសង្គមជានិច្ច។ មិនថាតែអ្នកដែលចូលរួមទេជាយុវជន សូម្បីតែវាគ្មិនរបស់កម្មវិធីក៏សុទ្ធសឹងតែជាយុវជនដែរ។
វាគ្មិនទីមួយគឺសិល្បករ ង៉ែត រ៉ាឌី ធ្វើបទបង្ហាញក្បាច់របាំ។ កម្មវិធីរៀបរាប់ថាសិល្បករ រ៉ាឌី ចូលរៀនរបាំតាំងពីឆ្នាំ១៩៩៩ មានជំនាញជាតួអង្គស្វាក្នុងទម្រង់ល្ខោនខោល និងបានចូលរួមបម្រើការក្នុងអង្គការអម្រឹតាសិល្បៈនៅឆ្នាំ២០១០។ ជាអ្នករបាំល្ខោនខោលនិងសហសម័យផង សិល្បកររូបនេះធ្លាប់បានចូលរួមសម្ដែង និងសិក្ខាសាលាស្ដីពីរបាំជាច្រើន ព្រមទាំងបានដំឡើងស្នាដៃផ្ទាល់ខ្លួនមួយចំនួនទៀតផង។ នៅឆ្នាំ២០១៧ រ៉ាឌីទទួលបានអាហារូបករណ៍ពីក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council) នៃទីក្រុងញូវយ៉ក។ បច្ចុប្បន្ន សិល្បករូបនេះកំពុងបង្រៀននៅមហាវិទ្យាល័យសិល្បៈនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបានកំពុងបង្កើតក្រុមដើម្បីចែករំលែក ជំនាញល្ខោនខោល និងបានបន្តការសិក្សាស្រាវជ្រាវបន្ថែមលើទម្រង់ទស្សនីយភាពផ្សេងៗទៀត។
វាគ្មិនទីពីរគឺសិល្បករ ជុំវណ្ណ សូដាជីវី (ប៊ែល) គាត់ចូលខ្លួនមកដឹកនាំកម្មវិធីសិក្ខាសាលារបាំ។ កម្មវិធីបានឱ្យដឹងថាសិល្បករប៊ែលជានាដការបាំសហសម័យ និងជាគ្រូបង្រៀនផ្នែកដឹកនាំរឿងទម្រង់របាំសហសម័យ នៅមហាវិទ្យាល័យសិល្បៈ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ធ្លាប់ជាអ្នករាំលេចធ្លោនៅក្នុងការងារអ្នកដំឡើងសិល្បៈជាច្រើន។ គាត់ក៏បានចូលរួមជាជំនួយការគ្រប់គ្រងឆាក និងជាអ្នកសម្ដែងក្នុងគម្រោងស្នាដៃ «បង្សុកូល៖ការរំឭកដល់កម្ពុជា» ដែលធ្លាប់សម្ដែងនៅទីក្រុងមែលប៊ន ទីក្រុងញូវយ៉ក និងទីក្រុងបូស្ដុនផងដែរ។ ក្រៅពីនេះគាត់សម្ដែងក្នុងស្នាដៃសហសម័យ លាយសៀក កំប្លែង របាំ និងទម្រង់សិល្បៈជាច្រើនទៀត «ជួបគ្នាក្នុងអតីតកាល»។ ប៊ែលក៏ជាស្ថាបនិកក្រុមសិល្បករ Silver Belle មួយរូបដែរ។ នៅឆ្នាំ២០០៣ គាត់ទទួលសញ្ញាបត្រពីសាលាមធ្យមវិចិត្រសិល្បៈ និងនៅឆ្នាំ២០០៧ ពីសាកលវិទ្យាល័យភូមិវិចិត្រសិល្បៈ។
វាគ្មិនទីបីគឺជាស្ថាបត្យករ ពុំ មាសបណ្ដូល ចូលរួមធ្វើបាឋកថាអំពីឥទ្ធិពលសិល្បៈសហសម័យទៅលើស្ថាបត្យកម្ម។ កម្មវិធីបានឱ្យដឹងថាស្ថាបត្យករមាសបណ្តូល បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកស្ថាបត្យកម្មនិងរចនានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងឆ្នាំ២០១៣។ សព្វថ្ងៃគាត់កំពុងបម្រើការងារផ្នែកស្ថាបត្យកម្មក្នុងក្រុមហ៊ុនឯកជនមួយនៅភ្នំពេញ។ ក្រៅពីអាជីពការងារនេះគាត់បានធ្វើការងារស្រាវជ្រាវផ្ទាល់ខ្លួនមួយ ទាក់ទងនឹងសិល្បៈស្ថាបត្យកម្ម ដែលភាគច្រើនផ្តោតលើស្ថាបត្យកម្មខ្មែរថ្មីមានការទទួលស្គាល់ កើតឡើងក្រោយកម្ពុជាទទួលបានឯករាជ្យពីបារាំង។ ដំបូងឡើយគាត់បានស្វែងរករូបភាពនិងអត្ថបទចាស់ៗទាក់ទងទៅនឹងអគារស្ថាបត្យកម្ម ដើម្បីជាការសិក្សាផ្ទាល់ខ្លួន និងបង្ហាញក្នុងបណ្តាញសង្គមនានា។ ក្រោយមកទៀត ដោយហេតុថាអគារទាំងនោះត្រូវបានបាត់បង់ ទើបគាត់ចាប់ផ្តើមធ្វើការចងក្រងវាទុកជាឯកសារ តាមរយៈការបង្កើតជាគំនូរឌីជីថល មានទាក់ទាញច្រើនជាងមុន ពីអ្នកប្រើប្រាស់បណ្តាញសង្គម។ ស្ថាបត្យករមាសបណ្តូលធ្វើការងារនេះក្នុងបំណងបង្ហាញពីគុណតម្លៃនៃអគារប្រវត្តិសាស្ត្រ និងអគារដែលមានគុណតម្លៃក្នុងស្ថាបត្យកម្ម។ ម្យ៉ាងទៀត ដើម្បីជាទុនដល់ការបង្កើតគំនិតថ្មីៗ ឱ្យមានមូលដ្ឋានគ្រឹះ។
វាគ្មិន រ៉ាឌី លើកយកស្នាដៃថ្មីដែលខ្លួនបានដឹកនាំគឺ របាំសហសម័យ«ឫសគល់» មកបង្ហាញ។ របាំសហសម័យ«ឫសគល់» ជាទស្សនីភាពរបាំមួយដែលនឹងដាក់សម្តែងក្នុងមហោស្រព«រដូវវប្បធម៌»២០២០ នេះដែរ។ វាគ្មិន រ៉ាឌី ប្រាប់ថា «ឫសគល់» និយាយអំពីរឿងរ៉ាវនៃសិល្បករ៦រូប និងជាបន្សំនៃក្បាច់សិល្បៈបុរាណ៦ទម្រង់ មានជាអាទិ៍ របាំបុរាណ របាំប្រពៃណី ល្ខោនខោល សៀក ល្ខោនយីកេ និងល្ខោនបាសាក់។ វាគ្មិនបានអញ្ជើញអ្នករបាំ«ឫសគល់»ទាំង៦រូប ឱ្យឡើងបង្ហាញពីលក្ខណៈសម្បត្តិរបស់ទម្រង់សិល្បៈរបស់ខ្លួន។ ដ្បិតការសម្តែងបង្ហាញទម្រង់នៃសិល្បៈនីមួយៗ មានរយៈពេលខ្លី ម្នាក់ត្រឹមតែមួយក្បាច់ ប៉ុន្តែអាចឱ្យអ្នកចូលរួមឃើញនិងធ្វើវិនិច្ឆយដោយខ្លួនឯង អំពីបែបបទប្លែកពីគ្នានិងដូចគ្នានៃសិល្បៈទាំងនេះបាន។
ពេលនោះគេមិនបានបង្ហាញពីសម្លៀកបំពាក់ឬតុបតែងខ្លួនទេ បង្ហាញតែក្បាច់ មិនមានភ្លេងអមផង។ ចំពោះរបាំបុរាណនិងរបាំប្រពៃណី យើងឃើញអ្នករបាំជានារីដូចគ្នា។ អ្នករបាំបុរាណមានកាយវិកាយឺតៗ គួរជាទីគយគន់ បង្ហាញទឹកមុខស្មើ កផ្អៀងផ្អង ងចុងដៃចុងជើងដំណើរថើរៗ ប៉ុន្តែអ្នករបាំប្រពៃណីវិញមានកាយវិការហ័សរហួន គួរឱ្យរីករាយ មានទឹកមុខញញឹមប៉ប្រិម ក កន្ត្រាក់ កន្ត្រឺត និងងចុងដៃចុងជើងដែរ តែមិនថ្មមថើរៗទេ។ ចំពោះល្ខោនខោលនិងសៀករហ័សសកម្ម យើងឃើញមានអ្នករបាំជាបុរសដូចគ្នា។ តួល្ខោនខោលលោតហក់ទាបៗ អេសខ្លួន ក្បាច់នៅម្រាមជើងម្រាមដៃ ទឹកមុខមិនដឹងអីដូចជាសត្វស្វា គួរឱ្យអស់សំណើច។ ប៉ុន្តែតួសៀកវិញលោតហក់ ឆ្ងាយៗ ខ្ពស់ៗ ប្រើកម្លាំងជើងដៃចាប់ជាន់ជាប់ៗ ប្រើទឹកមុខទៅតាមអារម្មណ៍របស់មនុស្ស គួរឱ្យស្ងើចសរសើរ។ ចំណែកល្ខោនយីកេនិងល្ខោនបាសាក់វិញ ឃើញបង្ហើរអារម្មណ៍តាមសំឡេងជាការនិយាយនិងច្រៀងដូចគ្នា។ ប៉ុន្តែតាមការយល់ឃើញរបស់ខ្ញុំផ្ទាល់ ល្ខោនយីកេប្រើសំឡេងធ្ងន់ៗគួរឱ្យប្រុងខ្លួន ប៉ុន្តែល្ខោនបាសាក់វិញប្រើសំឡេងថ្មមៗគួរឱ្យសម្រាក។
វាគ្មិន រ៉ាឌី ប្រៀបទម្រង់ទាំង៦នៃសិល្បៈខាងលើនេះទៅនឹងឫសរបស់ដើមឈើ។ ជម្រៅដែលចាក់ទៅក្នុងដីនៃឫសនីមួយៗ ប្រៀបដូចជាការនិយមចូលចិត្តសិល្បៈទម្រង់ផ្សេងៗគ្នានៃប្រជាជនខ្មែរ។ វាគ្មិនបារម្ភខ្លាចឫសណាមួយមិនដុះខ្លាំង ហើយក៏បាត់បង់ទៅ ទើបសម្រេចចិត្តយកមកដំឡើងជុំគ្នាជាវណ្ណកម្មថ្មីមួយនេះ។ សិល្បករបានប្រើប្រាស់ឫសគល់នេះជាគ្រឹះដើម្បីអភិវឌ្ឍជាទម្រង់ សហសម័យ ដែលអាចបង្ហាញពីភាពជាខ្លួនឯង តាមរយៈគំនិតនិងអារម្មណ៍របស់ពួកគេ។ រយៈពេលសម្តែងនៃរបាំសហសម័យ «ឫសគល់» សរុបគឺ៤៥នាទី ប៉ុន្តែវាគ្មិន រ៉ាឌី ដកយកមកបង្ហាញក្នុងកម្មវិធីអន្តរសកម្មភាពរសៀលនេះតែបួននាទីកន្លះ ត្រង់ឈុតអន្ទងព្រលឹងដោយសំឡេងស្គរយីកេ។ ទោះជា«ឫសគល់»មានកំណើតពីក្បាច់ទាំង៦ខាងលើមែន ប៉ុន្តែមើលត្រង់ឈុតនេះមិនឃើញ ស្រដៀងទម្រង់ណាមួយសោះ សមជាស្នាដៃថ្មីមែន មិនច្រឡំនឹងគេឡើយ។
បន្តមកទៀតគឺវគ្គសិក្ខាសាលារបាំជាមួយសិល្បករប៊ែល។ ក្នុងមហោស្រព «រដូវវប្បធម៌» ២០២០នេះ សិល្បករប៊ែល មានតួនាទីជាទីប្រឹក្សាសិល្បៈរបាំជនជាតិដើមកួយ «របាំរដឺមស្រុកហៃ» ។ ដើម្បីចាប់ផ្តើមសិក្ខាសាលា វាគ្មិន ប៊ែល សុំឱ្យអ្នកចូលរួមទាំងអស់អង្គុយជារង្វង់ធំមួយ ហើយគាត់ចូលទៅអង្គុយកណ្តាល។ យើងឃើញថាធ្វើបែបនេះក៏ជាវិធីមួយរួចផុតពីការរំខាន នៃលំហគ្មានជញ្ជាំងបានខ្លះដែរ។ ក្នុងសិក្ខាសាលារបាំជាមួយ វាគ្មិន ប៊ែល សុទ្ធសឹងតែជាកាយវិកានិងសំណើច។ វាគ្មិន ប៊ែល បង្ហាញឱ្យសិក្ខាកាមអង្គុយសម្រាកឱ្យត្រង់ខ្លួន ដកដង្ហើមចេញចូល និងសម្រាកសាច់ដុំទាំងអស់ សូម្បីតែសាច់ដុំបបូរមាត់។ បន្ទាប់មកគាត់ឱ្យធ្វើកាយវិកាដទៃទៀត និងបញ្ជាក់ថាគ្មាន អត្ថន័យអ្វីទាំងអស់ គឺគ្រាន់តែឱ្យសិក្ខាកាមបានស្គាល់ដំណើរការនៃដងខ្លួនតែប៉ុណ្តោះ។ ក្រោយមក វាគ្មិន ប៊ែល បានបង្កើនឱ្យកាយវិកាទាំងនេះកាន់តែលំបាកបន្តិច ដូចជាការបង្វិលដៃទាំងពីរទៅមុខទៅក្រោយ ឱ្យក្លាយជារង្វង់តូចធំតាមការចង់បាន និងក្រោយមកឱ្យដាក់កម្លាំងឱ្យខ្លាំងទៅលើកាយវិកានេះ។ ទោះវាគ្មិននិយាយឱ្យយើងសើចថាកាយវិកាទាំងនេះអត់មានអត្ថន័យអ្វីទេ ប៉ុន្តែខ្ញុំយល់ថាការស្គាល់ដំណើរនៃដងខ្លួន ប្រហែលជាអ្វីដែលអ្នករបាំគ្រប់រូបត្រូវតែយល់ដឹង ដើម្បីឱ្យការហាត់រាំមិនប៉ះពាល់ដល់សុខភាព។
ក្រោយពីលំហាត់ប្រាណលេងៗហើយ វាគ្មិន ប៊ែល នាំសិក្ខាកាមលេងល្បែងកំសាន្តមួយ។ សិក្ខាកាមទាំងអស់ត្រូវរកដៃគូ ដើម្បីលេងល្បែងទុកចិត្តជាមួយគ្នា។ ម្នាក់បិទភ្នែកដាក់បាទដៃផ្កាប់លើបាទដៃម្នាក់ទៀតដែលបើកភ្នែក អ្នកដែលបើកភ្នែកដើរនាំអ្នកបិទភ្នែក រួចប្តូរវេនគ្នា។ រួចហើយវាគ្មិនឱ្យពួកគេនិយាយពីអារម្មណ៍ពេលធ្វើជាអ្នកបិទភ្នែក និងពេលធ្វើជាអ្នកបើកភ្នែក ដោយសួររបៀបបំផុសគំនិតថា ដឹកនាំគេនិងដើរតាមគេ មួយណាស្រួលជាង? តាមរយៈល្បែងនេះ អាចមានន័យបង្កប់ថាអ្នកបិទភ្នែកជាអ្នកទស្សនា ហើយអ្នកបើកភ្នែកជាសិល្បករ មើលឃើញពីបញ្ហារបស់សង្គមយ៉ាងម៉េច ត្រូវរចនាស្នាដៃសិល្បៈឱ្យអ្នកទស្សនាមើលឃើញដែរ ទើបអាចធ្វើដំណើរទៅមុខជាមួយគ្នាបាន។
បន្ទាប់មកវាគ្មិនឱ្យយើងសម្រាករកមើលថា តើសង្គមយើងកំពុងជួបបញ្ហាអ្វី? យើងរកឃើញថាប្រទេសយើងកំពុងមានបញ្ហាជំនន់ទឹកភ្លៀង។ វាគ្មិនបង្ហាញក្បាច់របាំដើរឆ្លងកាត់ទឹកជំនន់ទៅតាមការគិតឃើញរបស់គាត់ ដើម្បីបង្ហាញសារពីជំនន់ទឹកភ្លៀង។ រួចហើយវាគ្មិនឱ្យសិក្ខាកាមសាកល្បងបញ្ចេញក្បាច់ដើរឆ្លងកាត់ទឹកភ្លៀងតាមគំនិតរៀងៗខ្លួន។ ក្រោយពីយើងយល់ថាការបង្ហាញកាយវិកាក្នុងរបាំសហសម័យ វាប្លែកពីកាយវិកាពិតប្រចាំថ្ងៃខ្លះ ប៉ុន្តែវាគ្រាន់តែជាការបកប្រែឱ្យឃើញកាន់តែច្បាស់ទេ។ ក្រោយមកវាគ្មិនបានឱ្យយើងត្រាប់ធម្មជាតិនៃដំណក់ទឹកភ្លៀង ហើយបង្ហាញពីភាពធ្ងន់និងភាពស្រាលនៃដំណក់ទឹកភ្លៀងដោយប្រើកម្លាំងរបស់យើង។ ក្រោយពីបានយល់អំពីចំណុចទាំងបីនេះហើយ ក៏ចែកសិក្ខាកាមជា៤ក្រុម។ ក្រុមនីមួយៗបង្កើតក្បាច់បង្ហាញសារទៅតាមភាពឆ្នៃប្រឌិតរបស់ក្រុម ប្រធានបទ៖ជំនន់ទឹកភ្លៀង។ ក្រុមនីមួយៗត្រូវថតវីដេអូ នៃទស្សនីភាពដែលខ្លួនបង្កើតបាន បង្ហាញដល់ក្រុមដទៃទៀតភ្លាមៗ។
ការសម្តែងបង្ហាញទៅសាធារណជនជាដំណាក់កាលចុងក្រោយនៃរបាំសហសម័យ។ សម្រាប់ពេលវេលាសិក្ខាសាលារបាំនេះ ការបង្ហាញវីដេអូដល់ក្រុមផ្សេងទៀតជាដំណាក់កាលចុងក្រោយ។ សិក្ខាកាមទាំងអស់ប្រហែលបានយល់ពីដំណើរនៃការបង្កើតស្នាដៃរបាំសហសម័យហើយ ព្រោះពួកគេសុទ្ធតែមានវីដេអូមកបង្ហាញក្រុមដទៃទៀត។ ពេលកំពុងមើលវីដេអូដែលថតដោយក្រុមនីមួយៗ យើងសើចទៅតាមការបកស្រាយផ្ទាល់ៗខ្លួន។ តែក្រោយក្រុមនីមួយៗបានបកស្រាយពី អត្ថន័យ ឬ សារដែលខ្លួនដាក់ក្នុងស្នាដៃ បង្កប់នូវសារអប់រំនានា មិនកំប្លែងពេកទេ។
ការហាត់ធ្វើបណ្តើរៗជាមួយគ្នា អមដោយសំណើចនៃការស្ងើចសរសើរផង ការហួសចិត្តផង ជាចំណូលចិត្តរបស់មនុស្សពេញកម្លាំងជាយុវជននេះហើយ។ មួយវិញទៀត ការបានបញ្ចេញ សមត្ថភាពភ្លាមៗ នាំឱ្យទទួលបានការសរសើរខ្លះ ការចំអន់លេងពីក្រុមផ្សេងខ្លះ បង្កើតជាភាពស្និទ្ធស្នាលស្គាល់ចិត្តគ្នា ដក់ស្នាមញញឹមនៅលើមុខទាំងសិក្ខាកាម និងវាគ្មិន។
វគ្គចុងក្រោយយើងជួបជាមួយវាគ្មិនមាសបណ្តូល តាមរយៈបាឋកថាអំពីឥទ្ធិពលសហសម័យនៅក្នុងស្ថាបត្យកម្មខ្មែរថ្មី។ស្ថាបត្យកម្មខ្មែរថ្មីគឺកត់សម្គាល់បានតាមរយៈការយកត្រាប់តាមរចនាសំណង់បុរាណ មកលើសំណង់នាពេលបច្ចុប្បន្ន។ ជាឧទាហរណ៍ សំណង់វិទ្យាស្ថានភាសាបរទេសយកគំរូតាមគូទឹកអង្គរវត្ត មានស្ពានខាងមុខ។ គាត់ក៏បានគូសបង្ហាញផងដែរថាសិល្បៈសហសម័យកើតឡើងដើម្បីដោះស្រាយបញ្ហាអ្វីមួយ ដរាបណាបញ្ហានោះត្រូវបានដោះស្រាយ វាក៏បាត់ទៅវិញដែរ។ ធ្វើឱ្យខ្ញុំជាសិក្ខាកាមម្នាក់ដែរ យល់ថាដូចនេះហើយបានជាយើងចេះតែយល់ថាសហសម័យជារឿងថ្មី ព្រោះវាដូរតាមសម័យកាលជានិច្ច។
វាគ្មិន មាសបណ្តូល មិនមានទស្សនីយភាពរបាំមកបង្ហាញ មិនមានកាយវិកាឱ្យគេត្រាប់តាម ប៉ុន្តែគាត់មានរូបភាពសំណង់ខ្មែរថ្មីមួយចំនួនមកបង្ហាញ។ សំណង់ទាំងនោះមានអាយុតិចជាង១០០ឆ្នាំសោះ ប៉ុន្តែបានបាត់បង់រូបរាងទៅហើយ។ ពួកយើងប្រឹងទាយឈ្មោះយករង្វាន់ ប៉ុន្តែតាមពិតយើងជាយុវជនចេះតែចង់បង្ហាញពីសមត្ថភាពយើងវិញទេ មិនមែនសំខាន់បានរង្វាន់ឡើយ។ ពួកយើងប្រឹងទាយឈ្មោះសំណង់អគារដែលភ្លេចហើយទាំងនោះ ព្រោះវានៅចុងៗមាត់។
កម្មវិធីវាគ្មិន មាសបណ្តូល ចប់ទៅដោយមានអ្នកខ្លះបានរង្វាន់ អ្នកខ្លះបានមោទកភាព ដែលខ្លួនបានចូលរួមយោបល់ អ្នកខ្លះអរក្នុងចិត្តព្រោះដឹងថាខ្លួននៅចងចាំឈ្មោះអគារដែលមនុស្សភាគច្រើនភ្លេចទៅហើយ។ និងយ៉ាងហោចបំផុតអ្នកខ្លះបានស្រឡះខ្លួនពីការយល់ឃើញថាសហសម័យជាការរងឥទ្ធិពលពីបរទេស ព្រោះបានដឹងថាវាគ្រាន់តែជាដំណើរទៅមុខនៃសង្គមវប្បធម៌ប៉ុណ្ណោះ។
🥰ក្រោយពីចូលរួមកម្មវិធីអន្តរសកម្មភាពនេះហើយ ខ្ញុំយល់ថាសិល្បៈសហសម័យជាឧទាហរណ៍បង្ហាញឱ្យឃើញពីដំណើរទៅមុខនៃសង្គមនិងវប្បធម៌បានមែន។ វាគ្មិនទាំងបីរូបដែលសុទ្ធតែជាយុវជនដែរ បានបង្ហាញតាមរបៀបផ្សេងៗ ថាសហសម័យកើតឡើងជាប្រចាំនៅតាមសម័យនីមួយៗ ជាពិសេសនៅពេលដែលមនុស្សមានតម្រូវការថ្មីសម្រាប់ជីវិតប្រចាំថ្ងៃ។ យើងឃើញថាសិល្បៈសហសម័យទទួលការចាប់អារម្មណ៍ភាគច្រើនពីយុវជន អ្នកដែលមានទំនួលខុសត្រូវខ្ពស់ចំពោះស្ថានភាពសង្គមបច្ចុប្បន្ន ព្រោះបញ្ហាក៏ជារបស់ពួកគេ ហើយតម្រូវការក៏ជារបស់ពួកគេដែរ។ ជាក់ស្តែង អ្នកចូលរួមប្រមាណទាំង៤០រូប សុទ្ធសឹងតែជាយុវជន។
ឧបត្ថម្ភដោយ
សហការឧបត្ថម្ភ
ដៃគូផ្សព្វផ្សាយ