កម្មវិធី៖ ចំណេះដឹង បណ្ដាញ និងគោលនយោបាយ (កម្មវិធីអន្តរជាតិ)
គោលដៅ៖ សិល្បករ និស្សិត អ្នកធ្វើការក្នុងវិស័យសិល្បៈ និងអង្គការសិល្បៈ
យើងកំពុងរស់នៅក្នុងពេលវេលាមួយដែលងាយផុយស្រួយ និងមិនច្បាស់លាស់ដោយសារជម្លោះ ហើយជាញឹកញាប់មនុស្សគឺប្រឈមនឹងហានិភ័យ ក្នុងនោះក៏មានវិស័យសិល្បៈ និងវប្បធម៌ផងដែរ។ សេរីភាពជាមូលដ្ឋានមួយចំនួនដូចជា សេរីភាពនៃការធ្វើដំណើរ និងសេរីភាពសិល្បៈ ក៏រងនឹងភាពប្រឈមដែរ។ សេរីភាពទាំងនេះ ត្រូវតែមានការលើកកំពស់ការយល់ដឹង និងការពារ ដូចដែលត្រូវបានលើកឡើងដោយអង្គការយូណេស្កូ នៅក្នុងរបាយការណ៍ 2018 Global Report – Re-shaping Cultural Policies ដូច្នេះថា៖
សេរីភាពនៃការធ្វើដំណើរ ដោយយូណេស្កូ៖
“…សេរីភាពនៃការធ្វើដំណើរ គឺជាសេរីភាពដ៏សំខាន់មួយសម្រាប់បុគ្គលម្នាក់ និងជាសេរីភាពជាមូលដ្ឋានដ៏ចាំបាច់។” (Re-shaping Cultural Policies, UNESCO 2018 Global Report, p. 109)
សេរីភាពសិល្បៈ ដោយយូណេស្កូ៖
“ការផ្សព្វផ្សាយលើកកំពស់ និងការការពារសេរីភាពសិល្បៈ រួមមាន ការលើកទឹកចិត្តក្នុងការទទួលស្គាល់ភាពជាសិល្បករ ត្រូវតែជាចំណុចគួរយកចិត្តទុកដាក់ក្នុងគោលនយោបាយវប្បធម៌។” (Re-shaping Cultural Policies, UNESCO 2018 Global Report, p. 225)
នៅក្នុងបរិបទនេះ មូលនិធិ Asia-Europe Foundation (ASEF) តាមរយៈ Mobility First! ដែលជាមូលនិធិសម្រាប់ការធ្វើដំណើរ និង អង្គការសិល្បៈខ្មែរអមតៈ (CLA) កំពុងបើកទទួលពាក្យស្នើសុំពីសិល្បករ និងអ្នកធ្វើការក្នុងវិស័យសិល្បៈ ដែលកំពុងធ្វើការនៅសង្គមដែលកំពុងស្ថិតក្នុង និងក្រោយជម្លោះ។