ការងារយើង៖ ការឧបត្ថម្ភដំឡើងស្នាដៃថ្មី

កម្មវិធី៖ អភិវឌ្ឍន៍សិល្បៈ

គោលដៅ៖ សិល្បករ ក្រុមសិល្បៈ ទស្សនិកជនក្នុងស្រុក

kh

អំពីប្រធានបទ “តែឯង តែយើង”


“តែឯង” គឺតែងតែត្រូវបានឮជាញឹកញាប់នៅពេលបុគ្គលម្នាក់បង្ហាញគំនិត ឬការបង្ហាញចេញលេចធ្លោ ឬខុសគេក្នុងចំណោមអ្នកដទៃ។ ចំណែកឯ “តែយើង”គឺត្រូវបានប្រើនៅពេលមនុស្សមួយក្រុមទទួលយកបុគ្គលដែលមាន គំនិតដូចគ្នា ហើយចាត់ទុកជាសម្លេងផ្សេងៗ។ រួមបញ្ចូលគ្នា «តែឯង តែយើង» អាចបកស្រាយថាជាការផ្តាច់ខ្លួន ចេញពីក្រុមមនុស្សដែលទទួលយកតែគ្នាឯង។ វាក៏អាចបកស្រាយបើទោះបីបុគ្គលម្នាក់ខុសគេ ពួកគាត់ក៏អាចជាចំណែក មួយនៅក្នុងក្រុម។ ការបកស្រាយ «តែឯង តែយើង» ក៏អាចឆ្លុះបញ្ចាំងពីការគិតរបស់សង្គមមកលើបុគ្គលវិញផងដែរ៖ តើពួកគេជាដងខ្លួនឯករាជ្យ ឬជាផ្នែកនីមួយៗនៃដងខ្លួនមួយ?

សង្គមកម្ពុជា​បានកំពុងចាប់ផ្តើមបើកទូលាយ​ចំពោះ​ការ​បញ្ចេញ​មតិ​របស់​បុគ្គល ទោះជាការវិនិច្ឆ័យ​ពី​សំបកខាង​ក្រៅនៅតែបន្តកើតមាន។ ឧទាហរណ៍៖ បើ​នរណា​ម្នាក់​ចាក់​សាក់ អ្នក​នោះ​អាចប្រឈមនឹងការ​រិះគន់​។ ទោះជាមានការបើកទូលាយយ៉ាងនេះក្តី ទស្សនៈបែបអភិរក្ស និងសម្ពាធសង្គមដែលជាផ្នែកមួយនៃប្រព័ន្ធសង្គម​ អាចនាំឱ្យមានភាពដូចៗគ្នា ខ្វះការច្នៃប្រឌិត ក៏ដូចជាជំងឺផ្លូវចិត្តជាដើម។ លើសពីនេះ វាអាចដាក់កំណត់លើគំនិតផ្តួចផ្តើម របស់បុគ្គលម្នាក់ៗក្នុងការផ្លាស់ប្តូរជីវិតរបស់ពួកគេ ក្នុងសហគមន៍របស់គេ ឬក្នុងសង្គមទូទៅ។ ដូចគ្នានេះដែរ ទោះបីជានៅក្នុងពិភពលោកសព្វថ្ងៃមាននិន្នាការដើម្បីអបអរភាពចម្រុះ និងការរួមបញ្ចូលក៏ដោយ ការរើសអើង និងការគំរាមកំហែងចំពោះមនុស្សនៅតែមាន។ សរុបមក យើងចង់ស្តាប់រឿងរ៉ាវ បទពិសោធន៍ និងការបញ្ចេញមតិ ពីសម្លេងរបស់សិល្បករអ្នកនិពន្ធ អ្នកគិត ក៏ដូចជាយុវជនទូទៅ។

 • តើ​អ្វី​អាចជា​ហានិភ័យ និង​គុណសម្បត្តិ​នៅពេលអនុញ្ញាត​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ ផ្សេងៗនៅ​កម្ពុជា?
 • តើបុគ្គលអាចស្វែងរកតុល្យភាពរវាងការគិត/សកម្មភាពរបស់ពួកគេ និងបទដ្ឋានសង្គមដោយរបៀបណា?
 • តើបុគ្គលម្នាក់ស៊ូទ្រាំ និងប្រឈមមុខនឹងបញ្ហាផ្លូវអារម្មណ៍យ៉ាងដូចម្ដេចនៅពេលទទួលរងសម្ពាធពីមិត្តភ័ក្តិ ឬសង្គម?
 • តើយុវជនមានវិធីបញ្ចេញមតិរបស់ខ្លួនឯងដោយរបៀបណា?
 • តើ​អ្នក​មើល​ឃើញ​និន្នាការ​សកល​​ ដើម្បី​បង្ហាញ​ភាព​ចម្រុះ ​និង​ការ​រួម​បញ្ចូល​ឲ្យសម​ស្រប​ក្នុង​បរិបទ​របស់​កម្ពុជា​បច្ចុប្បន្ន​យ៉ាង​ដូច​ម្ដេច?
 • តើអនាគតសង្គមកម្ពុជាបែបណាដែលយើងមើលឃើញ? តើយើងអាចចូលរួមបង្កើតវាយ៉ាងដូចម្តេច?

ក្រោមប្រធានបទ​គឺ តែឯង តែយើង សិល្បៈខ្មែរអមតៈនឹងផ្តល់ជូនមូលនិធិតម្លើងស្នាដៃថ្មីចំនួន៤ស្នាដៃ ពោលគឺ២កន្លែងសម្រាប់ស្នាដៃសម្តែងផ្ទាល់ និង​ស្នាដៃសិល្បៈទស្សនីយភាពបែបឌីជីថល។ បេក្ខជនអាចស្នើសុំមូលនិធិរហូតដល់៤០០០ដុល្លាសហរដ្ឋអាមេរិក​សម្រាប់ស្នាដៃសម្តែងផ្ទាល់សម្រាប់រយៈពេលមិនតិចជាង៣0នាទីហើយក៏មិនលើស៤៥នាទី។ រីឯបេក្ខជនដែលដាក់ពាក្យស្នើសុំមូលនិធិដើម្បីដំឡើងស្នាដៃសិល្បៈទស្សនីយភាពបែបឌីជីថល និងទទួលបានការឩបត្ថម្ភរហូតដល់៥០០០ដុល្លាសហរដ្ឋអាមេរិក​សម្រាប់រយៈស្នាដៃដែលមានរយៈពេលមិនលើស២០នាទី។​ មូលនិធិនេះសម្រាប់ដំណើរការនៃការដំឡើងស្នាដៃតែប៉ុណ្ណោះ ហើយបេក្ខជនដែលស្នើសុំមូលនិធិសម្រាប់ស្នាដៃសម្តែងផ្ទាល់នឹងទទួលបានថវិកាមួយកញ្ចប់ផ្សេងទៀតជាសាគុណសម្រាប់ការសម្តែងស្នាដៃរបស់ខ្លួនក្នុងកម្មវិធីរដូវវប្បធម៌ឆ្នាំ២០២៣។

មូលនិធិដំឡើងស្នាដៃថ្មីសម្រាប់កម្មវិធីរដូវវប្បធម៌ឆ្នាំ២០២៣
ក្រោមប្រធានបទ “តែឯង តែយើង”

អំពីកម្មវិធីរដូវវប្បធម៌


សិល្បៈខ្មែរអមតៈ បានរៀបចំកម្មវិធីរដូវវប្បធម៌ជាទៀងទាត់ចាប់តាំងពីឆ្នាំ២០១៨។ កម្មវិធីរដូវវប្បធម៌គឺជាបណ្តុំនៃការសម្តែងសិល្បៈទស្សនីយភាព សិក្ខាសាលា ពិព័រណ៍ បាឋកថា ដែលបង្ហាញជូនក្នុងរយៈពេល២-៣ខែ នៅទីក្រុងភ្នំពេញ ហើយស្នាដៃមួយចំនួននឹងត្រូវជ្រើសរើសសម្រាប់កម្មវិធីទស្សនាចរតាមបណ្តាខេត្តចំនួន៤ អំឡុងខែមីនា។ ទស្សនិកជនគោលដៅរបស់យើង គឺយុវជន ជាពិសេសនិស្សិតសាកលវិទ្យាល័យ។ អ្នកអាចស្វែងយល់បន្ថែមអំពីកម្មវិធីរដូវវប្បធម៌នៅឆ្នាំ២០២២នៅទីនេះ

ស្នាដៃសិល្បៈថ្មីៗដែលបង្កើត នឹងបង្ហាញជូនក្នុងកម្មវិធីរដូវវប្បធម៌គឺជាសមិទ្ធផលនៃកម្មវិធីដែលកំពុងដំណើរការក្នុងអង្គការសិល្បៈខ្មែរអមតៈរួមមាន៖  សិក្ខាសាលាច្នៃប្រឌិត (សិក្ខាសាលាអំពីការនិពន្ធល្ខោន ការដឹកល្ខោន និង​ការអានល្ខោន) និវេសដ្ឋាន កាផ្តល់មូលនិធិដំឡើងស្នាដៃថ្មីសម្រាប់សិល្បករវ័យក្មេង។

ជារៀងរាល់ឆ្នាំ យើងតែងតែជ្រើសរើសប្រធានបទសម្រាប់កម្មវិធីរដូវវប្បធម៌។ ប្រធានបទនេះត្រូវបានប្រើជាចំណុចចាប់ផ្តើមសម្រាប់សិល្បករក្នុងការដំឡើងរបាំ និពន្ធល្ខោន និងតន្ត្រីថ្មីៗ។ ក្រុមការងារសិល្បៈ​ខ្មែរ​អមតៈក៏បានប្រើប្រាស់ប្រធានបទនេះ ដើម្បីតម្រង់ទិសក្នុងការរចនា និងរៀបចំកម្មវិធីដែលគួរអោយចាប់អារម្មណ៍ ដើម្បីបំផុសទស្សនិកជនធ្វើការពិភាក្សា និងបង្ហាញទស្សនៈពីជ្រុងផ្សេងៗគ្នាជុំវិញប្រធានបទ។ យើងចែករំលែកនូវប្រធានបទនេះជាមួយអ្នកចូលរួមតាមរយៈសម្ភារផ្សព្វផ្សាយរបស់យើងផងដែរ ដូច្នេះនៅពេលដែលពួកគេមកមើលការសម្តែង ឬចូលរួមការពិភាក្សា ឬសិក្ខាសាលា ពួកគេអាចផ្សារភ្ជាប់បទពិសោធន៍របស់ពួកគេជាមួយនឹងប្រធានបទនៃកម្មវិធី។ ប្រធានបទសម្រាប់កម្មវិធីរដូវវប្បធម៌ក្នុងឆ្នាំ២០២៣នេះគឺ តែឯង តែយើង ដែលជ្រើសរើសដោយក្រុមអ្នកទទួលបានអាហារូបករណ៍ទស្សនកម្មវិធីសិល្បៈ ហើយក៏ជាអ្នករចនាកម្មវិធីរដូវវប្បធម៌ឆ្នាំ២០២៣នេះតែម្តង។ ព័ត៌មានលំអិតអំពីកម្មវិធីអាហារូបករណ៍ទស្សនកម្មវិធីសិល្បៈ អាចរកបាននៅទីនេះ

គោលដៅនៃគម្រោង សកម្មភាព និងការសម្តែងនៅក្នុងកម្មវិធីទាំងនេះ គឺដើម្បីលើកកម្ពស់ ការបញ្ចេញមតិ និងភាពច្នៃប្រឌិត នឹងផ្តល់ឱកាសដល់សិល្បករ និងប្រតិបត្តិករ ក្នុងការអភិវឌ្ឍជំនាញ និងបទពិសោធន៍ថ្មីៗ និងកសាងធនធានមនុស្សនិងទស្សនិកជនសម្រាប់វិស័យសិល្បៈនៅកម្ពុជា។

គុណតម្លៃនៃកម្មវិធីរដូវវប្បធម៌៖

 • អបអរភាពផ្សេងៗនិងចម្រុះនៃសិល្បៈ
 • បរិយាប័ន្ន
 • បើកទូលាយអោយមានការពិភាក្សា និងចែករំលែកទស្សនៈផ្សេងៗ
 • ផ្សារភ្ជាប់បរិបទសង្គមកម្ពុជា និងសកលលោក

លក្ខន្តិកៈដាក់ពាក្យ៖ 


ដើម្បីដាក់ពាក្យស្នើសុំមូលនិធិនេះបាន ស្នាដៃដែលស្នើសុំត្រូវតែ

 • ឆ្លើយតបទៅនឹងប្រធានបទនៃកម្មវិធីរដូវវប្បធម៌ឆ្នាំ២០២៣
 • ជាស្នាដៃសិល្បៈទស្សនីយភាព (ល្ខោន របាំ តន្រ្តី -ល-) ឬជាស្នាដៃពហុទម្រង់ (ល្ខោននិងរបាំ, គំនូរនិងតន្ត្រី, របាំនិងកុន -ល-)
 • បញ្ចប់រួចរាល់និងអាចបង្ហាញបានក្នុងអំឡុងខែកុម្ភៈ ២០២៣

សម្រាប់ស្នាដៃដែលគ្រោងស្នើសុំសម្រាប់ការសម្តែងផ្ទាល់ ស្នាដៃនោះត្រូវតែ៖

 • ជាស្នាដៃបង្កើតថ្មីដែលកំពុងអភិវឌ្ឍបន្ថែម ឬជាស្នាដៃត្រៀមបង្កើតថ្មី (សិល្បៈខ្មែរអមតៈមិនគាំទ្រស្នាដៃដែលមានស្រាប់ ដោយមិនមានគំនិតអភិវឌ្ឍបន្ថែមនោះទេ)
 • អាចជាស្នាដៃទោល ឬក្រុមដែលមិនមានសមាជិកមិនលើសពី ៨ នាក់​
 • មានរយៈពេលសម្តែងមិនតិចជាង៣០នាទី ហើយក៏មិនលើស៤៥ នាទី

សម្រាប់ស្នាដៃដែលគ្រោងស្នើសុំសម្រាប់ស្នាដៃសិល្បៈទស្សនីយភាពបែបឌីជីថល ស្នាដៃនោះត្រូវតែ៖

 • បង្កើតយ៉ាងជាក់លាក់សម្រាប់ការចូលរួមរបស់ទស្សនិកជនតាមរយៈប្រពន្ធ័ឌីជីថល (ស្នាដៃស្នើសុំ ដែលគ្រាន់តែជាការថត(film)ការសម្តែងលើឆាកមិនត្រូវបានពិចារណានោះទេ)
 • មានរយៈពេលមិនលើសពី២០នាទី

បេក្ខជនត្រូវ៖

 • កំពុងរស់នៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលស្នើសុំ និងអនុវត្តគម្រោង
 • មានសញ្ជាតិកម្ពុជា ឬកាន់ទិដ្ឋាការ K-Visa
 • មានពេលវេលាចូលរួមកម្មវិធីរដូវប្បធម៌ក្នុងខែកុម្ភៈ ឆ្នាំ២០២៣សម្រាប់ស្នាដៃសម្តែងផ្ទាល់លើឆាក (តម្រូវឲ្យមានការសម្តែង ១-២ដងនៅទីក្រុងភ្នំពេញ និងមានពេលសម្រាប់ទស្សនាចររដូវវប្បធម៌អំឡុងខែមីនា ហើយអាចនឹងរសម្តែងរហូតដល់៤ដង ប្រសិនបើស្នាដៃរបស់អ្នកត្រូវបានជ្រើសរើស។ ព័ត៌មានបន្ថែមនឹងផ្តល់ជូនបន្ទាប់ទៀតក្នុងខែវិច្ឆិកា។

អត្ថប្រយោជន៍៖


អ្នកអាចផ្ញើពាក្យស្នើសុំនិងសម្ភារៈពាក់ព័ន្ធនឹងគម្រោងរបស់អ្នកមកកាន់ការិយាល័យសិល្បៈខ្មែរអមតៈ (ដែលមានអាសយដ្ឋាន ផ្ទះលេខ ១២៨-G៩ ផ្លូវសុធារស ភ្នំពេញ) ឬផ្ញើមកកាន់អ៊ីម៉េល sokhorn@cambodianlivingarts.org​ ។

ឯកសារដែលត្រូវភ្ជាប់មកជាមួយពាក្យស្នើសុំរបស់អ្នកត្រូវរួមមាន៖

 • ពាក្យស្នើសុំពេញលេញ
 • ប្រវត្តិរូប (CV) ដែលបង្ហាញពីការបណ្តុះបណ្តាល និងប្រវត្តិការងារពាក់ព័ន្ធនឹងអាជីពសិល្បៈរបស់អ្នក
 • គំរូស្នាដៃសិល្បៈរបស់អ្នកចំនួន២ ដែលអាចជារូបថត រឺវីដេអូ

ពាក្យស្នើសុំអាចធ្វើឡើងជាភាសាខ្មែរ ឬអង់គ្លេសប្រសិនបើអ្នកជាអ្នកដែលកាន់ទិដ្ឋាការ K-Visa។

ជម្រើសផ្សេងទៀតក្រៅពីការបំពេញពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ អ្នកអាចផ្ញើជាវីដេអូ ដោយឆ្លើយតបទៅនឹងសំណួរទាំងអស់ក្នុងពាក្យស្នើសុំ។ ដើម្បីឆ្លើយតបនឹងសំណួរក្នុងពាក្យស្នើសុំ សូមចុចតំណភ្ជាប់នៅទីនេះ

កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ​ គឺត្រឹមថ្ងៃទី១៥ ខែសីហា ត្រឹមម៉ោង៥ល្ងាច​។

ការគាំទ្រក្នុងការដាក់ពាក្យ និងដំណើរការជ្រើសរើស


សិល្បៈខ្មែរអមតៈ នឹងរៀបចំជាវីដេអូណែនាំស្តីពីគន្លឹះក្នុងការបំពេញពាក្យស្នើសុំនិងការរៀបចំគម្រោង សម្រាប់ចែករំលែកនៅលើបណ្តាញសង្គមរបស់យើង ក៏ដូចជាផ្ញើទៅបេក្ខជនដោយផ្ទាល់។ សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំមូលនិធិនេះ អាចចុះឈ្មោះក្នុងតំណភ្ជាប់នេះ ដើម្បីទទួលបានវីដេអូ។ សិល្បៈខ្មែរអមតៈ នឹងរៀបចំជាវេទិការសំណួរ-ចម្លើយ ទាក់ទងនឹងការស្នើសុំមូលនិធិដំឡើងស្នាដៃថ្មីនេះ នៅថ្ងៃទី២៥ កក្ដដា ម៉ោង៥:៣០-៦:៣០ល្ងាច​តាមរយៈZOOM(Meeting ID 812 704 7219)។ ប្រសិនបើអ្នកចាប់អារម្មណ៍ចូលរួម សូមទាក់ទងចុះឈ្មោះជាមួយថន​ សីម៉ា តាមរយៈលេខទូរស័ព្ទ 069-877-578/017-772-549។

ចុះឈ្មោះចូលរួមតាមតំណភ្ជាប់នេះ

ពាក្យស្នើសុំនិងត្រូវបានពិនិត្យ និងជ្រើសរើសដោយក្រុមរចនាកម្មវិធីឯករាជ្យនៃកម្មវិធីរដូវវប្បធម៌ឆ្នាំ២០២៣។

បេក្ខជនជ័យលាភីនឹងត្រូវបានជូនដំណឹងនៅថ្ងៃច័ន្ទ ទី០៩ ខែកញ្ញា​ ឆ្នាំ២០២២ រីឯបេក្ខជនដែលគម្រោងស្នើសុំមិនត្រូវបានជ្រើសរើសសម្រាប់លើកនេះ នឹងត្រូវបានជូនដំណឹងនៅថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ។

ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីម៉ែល sokhorn@cambodianlivingarts.org ឬទូរស័ព្ទ 017 557 285 អំឡុងម៉ោងធ្វើការ ច័ន្ទដល់សុក្រ ម៉ោង8am-12pm, 1:30pm-5:30pm

រៀបចំដោយ៖

cla-logo-color-horizontal

ផ្តល់មូលនិធិដោយ៖

sweden_logotype_cambodia_png-1
2021-commission-website

អំពីគោលគំនិតនៃរដូវវប្បធម៌ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក»

 

អង្គការសិល្បៈខ្មែរអមតៈរីករាយនឹងបើកប្រកាសទទួលពាក្យស្នើសុំមូលនិធិដំឡើងស្នាដៃថ្មី ចំនួន ៤​ ស្នាដៃ (២ ស្នាដៃសម្រាប់សម្តែងផ្ទាល់​ និង ២ ស្នាដៃសម្រាប់ការសម្តែងបែបឌីជីថល)

រាល់ទង្វើ សុទ្ធតែមានផលតបស្នង។ ជារួមមក រាល់ជម្រើសដែលអ្នកជ្រើសរើសនៅថ្ងៃនេះ នឹងបង្កើតឲ្យមានតថភាពនៃជីវិត ពោលគឺទាំងពេលបច្ចុប្បន្ននិងពេលអនាគតសម្រាប់អ្នកជំនាន់ក្រោយ។

សម្រាប់កម្មវិធីរដូវវប្បធម៌ក្នុងឆ្នាំ ២០២២ យើងសូមអញ្ជើញសិល្បករ ចូលរួមជាមួយយើងក្នុងការឈ្វេងយល់និងឆ្លុះបញ្ចាំងពីទង្វើដែលយើងកំពុងប្រព្រឹត្តក្នុងថ្ងៃនេះ ដែលនឹងជះឥទ្ធិពលដល់ថ្ងៃស្អែក។ ទង្វើទាំងនោះអាចសាមញ្ញៗ ដូចជា ការជជែកលេងជាមួយម្តាយរបស់អ្នកមុនពេលចូលគេង ឬជ្រើសរើសជិះម៉ូតូឌុបទាំងខ្លួនមានអាការៈផ្តាសាយនិងអត់ពាក់មួកសុវត្ថិភាព។ ហើយទង្វើទាំងនោះក៏អាចក្នុងកម្រិតថ្នាក់ជាតិ ដូចជា ការអភិវឌ្ឍទីក្រុងដោយការលុបបឹង ការអភិរក្សអគារចាស់ៗ ការដាំដើមឈើ ឬការស្តារហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ ទង្វើទាំងនេះ មិនថាតូច មិនថាធំ សុទ្ធតែមានផលប៉ះពាល់។

សិល្បករ សូមចូលរួមប្រមើលមើលអនាគតដោយគិតទៅលើសកម្មភាពដែលអ្នកនិងសង្គមកំពុងធ្វើរាល់ថ្ងៃ។ មានសំណួរខ្លះៗដែលយើងនឹងត្រូវស្វែងយល់ថា៖

  • ក្នុងបរិបទប្រទេសកម្ពុជានាពេលបច្ចុប្បន្ន តើយើងគិតថាអនាគតនៃប្រទេសកម្ពុជាទៅថ្ងៃមុខនឹងវិវត្តទៅជាយ៉ាងណា ទំាងផ្នែកសង្គម (គោល)នយោបាយ បរិស្ថាន និងការប្រើប្រាស់ទីកន្លែង? តើជម្រើសបែបណា? អ្នកណាជាអ្នកបង្កើតជម្រើសទាំងនោះ ហើយនឹងនាំឱ្យមានផលប៉ះពាល់យ៉ាងដូចម្តេចទៅលើអនាគត? តើ “ពេលបច្ចុប្បន្ន” នឹងដើរតួយ៉ាងសកម្មក្នុងអនាគតយ៉ាងដូចម្តេច? តើអ្នកគិតថា រាល់ទង្វើរបស់អ្នកនឹងមានផលប៉ះពាល់អ្វីខ្លះ? តើអ្នកពិតជាអាចប៉ាន់ស្មានពីផលប៉ះពាល់នៃទង្វើរបស់អ្នក?
  • តើទង្វើរបស់អ្នក ជាមួយមនុស្សជុំវិញខ្លួន ដូចជា មិត្តភក្តិ គ្រួសារ មិត្តរួមការងារ អ្នកជិតខាង ជាដើម នឹងអាចផ្លាស់ប្តូរអនាគតយ៉ាងដូចម្តេច? បើអ្នកស្រមៃក្នុងរយៈពេល៣០វិនាទី ៣០នាទី ១ឆ្នាំ ១០ឆ្នាំ រឺ២០០ឆ្នាំពីពេលឥឡូវ?
untitled-1

អំពីគោលគំនិតនៃរដូវវប្បធម៌

ពិភពលោកមានការផ្លាស់ប្តូរ រីឯប្រទេសកម្ពុជាក៏ដូចគ្នាដែរ។ ការផ្លាស់ប្តូរ ឬអភិវឌ្ឍទំាងនេះ (សកលភាវូប-នីយកម្ម អន្តោប្រវេស ជាដើម) ត្រូវបានអ្នកមួយចំនួនមើលឃើញថាជាការគំរាមកំហែងដល់វប្បធម៌ ឬអត្តសញ្ញាណកម្ពុជា។ ក្នុងបរិបទនេះ តើអ្វីទៅជាអត្តសញ្ញាណកម្ពុជា? តើការអោយនិយមន័យនេះ គួរតែរក្សាភាពដើម ឬគួរតែពង្រីកវិសាលភាពនៃនិយមន័យ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃពេលវេលា និងទីកន្លែង? តើអ្នកណាគួរតែជាអ្នកអោយនិយមន័យ? ប្រហែល៩០ភាគរយនៃប្រជាជនកម្ពុជា ជាជនជាតិខ្មែរតើជនជាតិភាគតិចដទៃទៀតត្រូវបានរាប់បញ្ចូលយ៉ាងដូចម្តេច? តើការលេចឡើងនូវភាពចម្រុះផ្សេងៗ (ទម្រង់សហសម័យ វត្តមាននៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា) ជាការប្រឆាំងនឹងវប្បធម៌គោលមែនឬទេ? ហើយយោងទៅលើទស្សនៈបែបណា? តើភាពចម្រុះទាំងនេះ គួរតែត្រូវបានរួមបញ្ចូលថាជា «ពួកយើង» ឬគួរតែត្រូវបែងចែកដាច់ពីគ្នាថាជា «ពួកគេ»?

រដូវវប្បធម៌ជាកម្មវិធីសិល្បៈនិងវប្បធម៌ដែលមានរយៈពេល៣ខែ ចាប់ពីខែមិថុនាដល់សីហា ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ។

លក្ខន្តិក៖


 • មានសញ្ជាតិកម្ពុជា
 • អាចជាស្នាដៃទោល ឬក្រុម (មានសមាជិកមិនលើសពី ៨ នាក់​)
 • ជាស្នាដៃសិល្បៈទស្សនីយភាព (ល្ខោន របាំ តន្រ្តី -ល-) ឬជាស្នាដៃសិល្បៈចម្រុះ (ល្ខោននិងរបាំ, គំនូរនិងតន្ត្រី, របាំនិងកុន -ល-)
 • ស្នាដៃទាំងនេះអាចជាស្នាដៃសម្តែងផ្ទាល់លើឆាក (២ស្នាដៃ) និងបែបឌីជីថល (២ស្នាដៃ)
 • ជាស្នាដៃបង្កើតថ្មីដែលកំពុងអភិវឌ្ឍបន្ថែម ឬជាស្នាដៃត្រៀមបង្កើតថ្មី
 • ស្នាដៃត្រូវនឹងគោលគំនិតនៃកម្មវិធីរដូវវប្បធម៌ឆ្នាំ២០២២ ហើយត្រូវមានរយៈពេលសម្តែង ៣០ ទៅ ៤៥ នាទី។ សិល្បករត្រូវមានពេលចូលរួមកម្មវិធីរដូវប្បធម៌ ក្នុងខែមករា និងកុម្ភៈ ឆ្នាំ២០២២ (តម្រូវឲ្យមានការសម្តែង ២ដង ព័ត៌មានបន្ថែមនឹងផ្តល់ជូនបន្ទាប់ទៀត)

អត្ថប្រយោជន៍៖


 • ទទួលបានការឧបត្ថម្ភស្នាដៃរហូតដល់ ៥០០០ ដុល្លារ
 • ឱកាសចូលរួមសម្តែងក្នុងកម្មវិធី រដូវវប្បធម៌

ទាញយកពាក្យស្នើសុំខាងក្រោម ហើយផ្ញើមកកាន់ chandaly@cambodianlivingarts.org | ផុតកំណត់ទទួលពាក្យថ្ងៃទី ១៨ កញ្ញា ២០២១

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទ ឬ Telegram 086 895 556 ក្នុងម៉ោងធ្វើការ ច័ន្ទ-សុក្រ (ព្រឹក ៨:០០-១២:០០ | រសៀល ២:០០-៥:៣០)  ឬទាក់ទងតាមអ៊ីមែល chandaly@cambodianlivingarts.org

ផ្តល់មូលនិធិដោយ៖

untitled-2
untitled-1
untitled-3
untitled-5
untitled-4

Support us

follow us

Start typing and press Enter to search