កម្មវិធីរដូវវប្បធម៌ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក»

ការសរសេរវិភាគពី

ល្ខោនអាន «បេះដូងនាដកា»

blog_dancer-in-heart
img_20220120_215822

អំពីអ្នកសរសេរ

ហេង ឆេងលី ជាគ្រូបង្រៀនកម្រិតបឋមសិក្សាដែលស្ថិតនៅក្នុងទីរួមខេត្តកំពង់ធំ។ក្រៅពីការបង្រៀននាងតែងតែចូលរួមសិក្សារៀនសូត្រនូវចំណេះដឹងថ្មីៗទាំងផ្នែកអប់រំ និង ផ្នែកដែលទាក់ទងនឹងអក្សរសាស្ត្រខ្មែរ។មិនតែប៉ុណ្ណោះនាងសប្បាយចិត្តនឹងចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងដែលទទួលបានទៅកាន់មនុស្សជុំវិញខ្លួន ដោយមិនមានការប្រកាន់បែងចែកឡើយ។លើសពីនេះទៅទៀតនាងស្រលាញ់និងគាំទ្រផ្នែកវប្បធម៌ ប្រវត្តិសាស្រ្ត និង ការតែងនិពន្ធនៅក្នុងវិស័យអក្សរសាស្ត្រខ្មែរយើងផងដែរ។ សម្រាប់ថ្ងៃសម្រាកនាងចូលចិត្តដើរកម្សាន្តតាមតំបន់ធម្មជាតិដែលស្ងប់ស្ងាត់ និង ចូលចិត្តអានសៀវភៅនៅពេលទំនេរ។

’’បេះដូងនាដកា’’

ពន្លឺភ្លើងដែលមានការរៀបចំឡើងយ៉ាងភ្លឺចែងចាំងបាញ់ឆ្ពោះទៅលើឆាកបង្ហាញឱ្យឃើញតួអង្គស្រ្តីចំនួនបីរូបដែលមានវ័យខុសគ្នា​ កំពុងតែមមាញឹកក្នុងការអាននូវសេណារីយ៉ូអមជាមួយនឹងកាយវិការដ៏រស់រវើក។ នេះគឺជាសកម្មភាពនៃការសម្តែងរឿងមួយដែលមានចំណងជើងថា បេះដូងនាដកា បង្ហាញឡើងនៅក្នុងទម្រង់​ ល្ខោនអាន ដែលមានលក្ខណៈខុសប្លែកពីល្ខោនដទៃបន្តិចត្រង់ថា តួសម្តែងគឺអាចអានអត្ថបទរឿងដោយមានការលើកដាក់ជាសំឡេង និងបញ្ចេញកាយវិការទៅតាមដំណើរនៃផ្ទៃរឿង។

មុននឹងរៀបរាប់ពីខ្លឹមសារនៃសាច់រឿង ខ្ញុំសុំបង្ហាញនូវតួអង្គដែលមាននៅក្នុងរឿង ទីមួយគឺ ស្រីទូច ជាតួអង្គឯកដែលដើរតួជាកូន សម្តែងដោយ កញ្ញា សុនីតា ជាសិស្សឆ្នាំទីប្រាំមួយនៃសាលាមធ្យមវិចិត្រសិល្បៈ។ តួអង្គទីពីរគឺម្តាយឈ្មោះ មីងធារី សម្តែងដោយអ្នកគ្រូរដ្ឋ ជាសាស្ត្រាចារ្យសាលាមធ្យមវិចិត្រសិល្បៈ និងទីបីគឺ អ៊ំអ៊ីម ដែលជាអ្នកជិតខាង សម្តែងដោយអ្នកគ្រូ ស៊ីណា ជាសាស្ត្រាចារ្យមកពីសាលាវិចិត្រសិល្បៈដូចគ្នា។ ស្រីទូចគឺជាក្មេងស្រីម្នាក់ដែលស្រលាញ់ផ្នែកសិល្បៈយ៉ាងខ្លាំងជាពិសេសគឺផ្នែករាំរបាំ ប៉ុន្តែម្តាយរបស់នាងមិនពេញចិត្តនោះទេហើយបានបញ្ចូនកូនឱ្យទៅរៀនបន្តផ្នែកធនាគារទៅវិញ។ថ្ងៃមួយអ៊ំអ៊ីមបានមកលេងផ្ទះមីងធារី គាត់ក៏បានឃើញស្រីទូចលើកដៃរាំរបាំយ៉ាងស្រស់ស្អាតខណៈពេលម្តាយនាងប្រើឱ្យលើកកញ្ច្រែងខ្ទឹមដើម្បីរៀបចំលក់ដូរ។ គាត់សរសើរចំពោះមាណវីយើង ថែមទាំងចង់ឱ្យនាងជួយបង្ហាត់បង្រៀនគាត់ថែមទៀតផង តែមីងធារីជំទាស់ហើយប្រាប់គាត់ថា​ បងគួរតែទៅរៀនរាំនៅសាលាដែលមានគ្រូបង្រៀនទើបរៀនចេះ ដ្បិតកូនស្រីខ្ញុំចូលចិត្តផ្នែករបាំក៏ពិតមែនតែនាងមិនចេះច្បាស់នោះទេ។ អ៊ំអ៊ីមបានពឹងមីងធារីឱ្យជូនទៅរកសាលាដើម្បីរៀនរាំ ពេលនោះដែរមីងធារីឆ្លៀតសុំទៅបន្ទប់ទឹក។ អ៊ំអ៊ីមក៏ដើរទៅមើលគេរៀនរាំហើយឃើញអ្នកគ្រូបង្រៀនរាំរបាំយ៉ាងប៉ិនប្រសប់ តែអ្វីដែលធ្វើឱ្យគាត់កាន់តែភ្ញាក់ផ្អើលនោះគឺអ្នកគ្រូដែលកំពុងបង្រៀនរបាំគឺ ស្រីទូច ដែលជាកូនរបស់មីងធារីទៅវិញ​។ គាត់ក៏បានស្រែកហៅនាង និងសួររកមូលហេតុដែលនាងធ្វើការនៅទីនេះ។ ស្រីទូចមានការភិតភ័យយ៉ាងខ្លាំងនិងសុំអង្វរគាត់កុំប្រាប់រឿងនេះដល់ម្តាយនាង ព្រោះនាងពិតជាស្រលាញ់ផ្នែកសិល្បៈ និងចង់ចែករំលែកចំណេះដឹងដែលខ្លួនមានទៅកាន់ក្មេងៗជំនាន់ក្រោយទៀត។ បើម្តាយនាងដឹងច្បាស់ជាមិនឱ្យបន្តការងារនេះទៀតឡើយ។ អ៊ំអ៊ីមក៏យល់ព្រមតាមការស្នើសុំរបស់នាង ប៉ុន្តែនៅទីបំផុតម្តាយរបស់នាងក៏បានដឹងរឿងនេះ  គាត់មានការខឹងសម្បាយ៉ាងខ្លាំងរហូតដល់ដេញស្រីទូចឱ្យរៀបចំបង្វេចខោអាវចេញពីផ្ទះ។ គាត់បានពោលថា ធ្វើសិល្បៈតើវាបានអីត្រឡប់មកវិញ?  ចាំមើលពេលអត់បាយហូប ពេលឈឺចូលពេទ្យចាំមើលហ៊ាននិយាយថាស្រលាញ់សិល្បៈទៀតឬអត់? តើការងារសិល្បៈនឹងអាចរកលុយបានប៉ុន្មាន? គេធ្វើឬរៀនសិល្បៈមកពីគេមានខ្សែស្រឡាយជាអ្នកសិល្បៈ? ស្រីទូចក៏បានលើកយកហេតុផលជាច្រើនដើម្បីឱ្យម្តាយបានយល់។ នាងនិយាយថា នាងស្រលាញ់សិល្បៈគឺមិនប្រាថ្នាចង់បានអ្វីនោះដែរ នាងគ្រាន់តែចង់ជួយបណ្តុះបណ្តាលដល់មនុស្សជំនាន់ថ្មី ហើយបើម្នាក់ៗគិតថាធ្វើសិល្បៈមិនមានប្រយោជន៍ តើបាននរណាមកជួយផ្នែកសិល្បៈ? នាងមិនចង់ឃើញសិល្បៈបាត់បង់ក្នុងជំនាន់យើងនោះទេ។ មាណវីសុំពេលមួយឆ្នាំដើម្បីបំពេញការងាររបស់នាងតែម្តាយមិនព្រម ទើបនាងសម្រេចចិត្តបង្ហាញសំបុត្រមួយច្បាប់ឱ្យគាត់បានឃើញ។ អ៊ំអ៊ីមក៏ជួយអានសបុត្រនោះដែលមានអត្ថន័យថា នាងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនមូលនិធិសង្គមនូវទឹកប្រាក់ចំនួនបីម៉ឺនដុល្លា សម្រាប់គម្រោង ថែរក្សារូបរាងកាយសិល្បៈរាំបែបខ្មែរ ដែលស្រីទូចមានតួនាទីជាប្រធានគ្រប់គ្រងគម្រោងទៀតផង។ ក្រោយពីបានដឹងដំណឹងនេះមីងធារីហាក់បីដូចជាទន់ចិត្តបន្តិច និងដោយសារអ៊ំអ៊ីមនិយាយបញ្ចុះបញ្ចូលបន្ថែមពីសារប្រយោជន៍នៃការខិតខំប្រឹងប្រែងរបស់កូនស្រីគាត់ផងទៀតនោះ គាត់ក៏សម្រេចចិត្តឱ្យស្រីទូចធ្វើការងាររបស់នាងបន្តដោយក្តីសោមនស្សរីករាយ។

នៅក្នុងរឿងនេះចង់បង្ហាញឱ្យឃើញថាការចូលរួមក្នុងវិស័យសិល្បៈគឺមិនមែនជារឿងអត់ប្រយោជន៍នោះទេ វាគឺជាការរួមចំណែកយ៉ាងសំខាន់ដើម្បីបណ្តុះបណ្តាលក្មេងជំនាន់ក្រោយៗឱ្យបានចេះបានដឹង និងបានយល់ពីតម្លៃរបស់សិល្បៈជាតិខ្លួន​  ព្រមទាំងជួយថែរក្សាសិល្បៈរបស់យើងកុំឱ្យបាត់បង់ទៅថ្ងៃនាអនាគត។ ម្យ៉ាងវិញទៀតសិល្បៈនៃការរៀនរាំគឺទទួលបានទាំងសុខភាពល្អមាំមួន និង ជាការលើកស្ទួយសិល្បៈវប្បធម៌យើងផងដែរ។ លើសពីនេះទៅទៀតរាល់ការងារទាំងអស់គឺសុទ្ធតែមានតម្លៃឱ្យតែការងារនោះសុច្ចរិតត្រឹមត្រូវ ធ្វើការកុំផ្តោតសំខាន់តែលើរឿងលុយកាក់មួយមុខ ត្រូវធ្វើការដោយប្រើបេះដូង និងមានមនសិការទើបគេហៅថាជាធនធានដ៏ល្អរបស់សង្គមជាតិ។

ខ្ញុំចាប់អារម្មណ៍ឃើញថាតួសម្តែងនីមួយៗគឺមានបំណិនប្រសប់ក្នុងការអានសាណារីយ៉ូ ដែលបង្កើតបានទៅជាសាច់រឿងមួយមានភាពប្រទាក់ក្រឡាគ្នារួមបញ្ចូលជាមួយការដាក់មនោសញ្ចេតនា ការលើកដាក់សំឡេងស៊ីនឹងការប្រើប្រាស់នូវកាយវិការដែលស្របទៅតាមស្ថានការក្នុងសាច់រឿង ធ្វើឱ្យខ្ញុំសប្បាយរីករាយឬកើតទុក្ខទៅជាមួយគ្នា រហូតដល់ខ្ញុំគិតថានេះហាក់ដូចជាការសន្ទនាដែលប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ មិនមែនជាការសម្តែងអាននោះទេ ព្រោះមានលក្ខណៈរលូនល្អណាស់។

សរុបមកវិញល្ខោនអាន បេះដូងនាដកា ពិតជាផ្តល់អត្ថន័យយ៉ាងជ្រាលជ្រៅដើម្បីឱ្យទស្សនិកជនបានដឹងពីក្រអៅបេះដូងនៃអ្នកដែលមានទឹកចិត្តស្រលាញ់ផ្នែករបាំក៏ដូចជាផ្នែកផ្សេងៗទៀតដែលស្ថិតក្នុងរង្វង់សិល្បៈ ថាពួកគេមានការលះបង់ច្រើនប៉ុណ្ណា ដើម្បីថែរក្សាតម្លៃរបស់សិល្បៈជាតិ ដែលនេះក៏ជាការផ្សាភ្ជាប់ទៅនឹងប្រធានបទកម្មវិធីរដូវវប្បធម៌របស់អង្គការសិល្បៈខ្មែរអមតៈសម្រាប់ឆ្នាំ២០២២ ទង្វើថ្ងៃនេះ​ ផលតបស្នងថ្ងៃស្អែក ផងដែរ។

Support us

follow us

Start typing and press Enter to search