ខុន វុទ្ធី សព្វថ្ងៃជាគ្រូបង្រៀនឯកទេស ខ្មែរ-សីលធម៌-ពលរដ្ឋវិជ្ជា នៅសាលាដុនបូស្កូទឹកថ្លាក្នុងរាជធានីភ្នំពេញ។ មុនក្លាយជាគ្រូបង្រៀន វុទ្ធីធ្លាប់ជាយុវជនដៃគូរបស់អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារស្ម័គ្រចិត្តលើការផ្សព្វផ្សាយផ្នែក ច្បាប់ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទៅដល់ប្រជាពលរដ្ឋកម្ពុជា។ វុទ្ធីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឯកទេស អក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យខេមរៈកាលឆ្នាំ២០២០។ ជាមួយគ្នានឹងអាជីពការងារជាអ្នកអប់រំ វុទ្ធីក៏ចាប់អារម្មណ៍ខ្លាំងណាស់ដែរទៅលើសិល្បៈ ដូចជា ការសម្ដែង ការសរសេរ និងគំនូរ ព្រោះថាសិល្បៈគឺជាគ្រឿងផ្សំដ៏សំខាន់ក្នុងសម្លជីវិតឱ្យកាន់តែមានឱជារសបន្ថែមទៀត។
“ចង្វាក់” ស្នាដៃនិពន្ធថ្មីបង្ហាញជនប្រុសស្រីពីឧបករណ៍តន្ត្រីនិងអត្ថន័យជីវិតក្នុងសង្គមខ្មែរ
សូរសំឡេងខ្យល់បក់លាយលំនឹងសំឡេងសត្វចាបយំចេបៗ បុរសបួននាក់ប្រដាប់ដោយឧបករណ៍ភ្លេងម្នាក់មួយអង្គុយបែរខ្នងដាក់គ្នានាកណ្ដាលស្បៃអន្ធិកាដែលចាំងច្រាលដោយពន្លឺភ្លឺតូចមួយ។បុរសពីរនាក់ស្លៀកពាក់សដើរប្រទក្សិណជុំវិញបុរសទាំងបួននាក់ដោយកាយវិការបង្អូសយឺតៗទៅតាមលំនាំបទភ្លេងដែលផ្ដើមដោយទ្រ ស្គរ ខ្លុយ និងឈឹង។ ចង្វាក់បង្អូសៗហាក់ដូចកំពុងថ្ងួចថ្ងូរថ្លាថ្លែងពីសេចក្ដីទុក្ខក្រៀមក្រំ។ សំឡេងខ្លុយចាប់ផ្ដើមបញ្ចេញសូរសព្ទគ្រលួចហួចខ្លាំងជាងមុន។ ឯអ្នករាំពីរនាក់ក៏ចាប់ផ្ដើមបញ្ចេញកាយវិការពត់ពេនទៅតាមចង្វាក់ដូច្នេះដែរ។ នេះជាឈុតមួយនៃ “ចង្វាក់” ស្នាដៃតន្រ្តីនិពន្ធថ្មី។
ខ្ញុំជក់ចិត្តទៅលើ “ចង្វាក់ស្គរខ្យល់” មួយនេះ ព្រោះតន្រ្តីនេះបានធ្វើឲ្យ ខ្ញុំចាប់ផ្ដើមរិះគិតអំពីជីវិតដែលរួមមានសេចក្ដីសុខ និងទុក្ខផង នៅឡូកឡំគ្នាជានិច្ច។
“ចង្វាក់ស្គរខ្យល់” ជាចង្វាក់ទី៣ក្នុងចំណោមចង្វាក់ទាំង៧ផ្សេងទៀត ដែលស្ថិតក្នុងស្នាដៃនិពន្ធ និងដំឡើងថ្មីរបស់លោក រស់ សុគន្ធា ដែលជាអតីតនិស្សិតផ្នែកល្ខោនខោល នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។ ស្នាដៃនេះត្រូវចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គការសិល្បៈខ្មែរអមតៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៦.០០នាទីដល់ម៉ោង៧.០០នាទីល្ងាច ដែលជាផ្នែកមួយនៃរដូវវប្បធម៌លើកទី៣។
ក្នុងរយៈពេលជិតមួយម៉ោងស្នាដៃ “ចង្វាក់” បានរួមបញ្ចូលគ្នានូវឧបករណ៍ភ្លេងខ្មែររួមមានពពួកស្គរ ខ្លុយ ទ្រ រនាត ឈឹង ស្រឡៃ ស្នែង …និងឧបករណ៍ផ្សេងទៀតនៃពិភពលោកដូចជា អាហ្វ្រិក និង សហព័ន្ធអារ៉ាប់រួមជាដើម។ ជាមួយគ្នានេះដែរ ក៏មានការសម្ដែង ក្បាច់រាំស្វា និងយក្សក្នុងទម្រង់ល្ខោនខោលផងទៀត។ ចង្វាក់ទាំង ៧ នោះរួមមាន៖ ចង្វាក់ស្គរព្រលឹង ចង្វាក់ស្គរផ្គររន្ទះ ចង្វាក់ស្គរខ្យល់ ចង្វាក់ស្គរភ្លើង ចង្វាក់ស្គររហ័ស ចង្វាក់ស្គរអំណាច(យក្ស) ចង្វាក់ស្គររួបរួម។
ជាបន្តទៅទៀតនេះខ្ញុំសូមលើកបង្ហាញពីខ្លឹមសារសំខាន់ៗដែលក្នុងនាមខ្ញុំជាអ្នកទស្សនាយល់ឃើញពីការសម្ដែងដ៏ល្អពិសិដ្ឋមួយនេះដូចតទៅ៖
១. “ចង្វាក់” បង្ហាញភាពច្នៃប្រឌិតដោយគិតពីគុណតម្លៃនៃឧបរកណ៍ភ្លេងខ្មែរ យើងប្រាកដជាធ្លាប់ទស្សនានូវការសម្ដែងឧបករណ៍តន្ត្រីខ្មែរកន្លងមកហើយនៅក្នុងទម្រង់លក្ខណៈបទភ្លេងប្រពៃណី ឬការលាយបញ្ចូលជាមួយឧបករណ៍តន្ត្រីសម័យថ្មី។ ប៉ុន្តែ “ចង្វាក់” បានបង្ហាញឱ្យយើងបានឃើញពីសក្ដានុពលនៃឧបករណ៍តន្ដ្រីខ្មែរ ដែលអាចច្នៃបន្សំផ្គុំជារសជាតិថ្មី ច្រើនបែបបទតាមចំណង់ចំណូលចិត្តមនុស្សផ្សេងគ្នា។ ជាក់ស្ដែងដូចជាចង្វាក់ទី១ “ចង្វាក់ស្គរព្រលឹង” គឺបាននាំអារម្មណ៍ខ្ញុំទៅរកកុមារភាព ដែលធ្លាប់មើលការបញ្ជាន់អារក្ខក្នុងភូមិជាដើម។
២.លក្ខណៈព្រលឹងដែលបង្កប់នៅក្នុងស្នាដៃ៖ ខ្ញុំយល់ឃើញថាតន្ត្រីមិនត្រឹមតែការកម្សាន្តផ្នែកឥន្ទ្រីយារម្មណ៍ប៉ុណ្ណោះទេ តែវាក៏អាចផ្ដល់នូវការរិះគិតពិចារណាម៉្យាងដែលអាចយកប្រើប្រាស់ក្នុងជីវិតពិតជាក់ស្ដែងផងដែរ។ តួយ៉ាងការលើកយក “ចង្វាក់ស្គរព្រលឹង” មកបង្ហាញមុនគេបានស្ដែងឱ្យឃើញពីជំនឿនៃព្រលឹងទៅលើសភាវៈក្នុងលោក ដែលនេះក៏ជាផ្នែកមួយនៃជំនឿរបស់ជនជាតិខ្មែរផងដែរ។ មួយវិញទៀតការដាក់បញ្ចូលធាតុទឹក ធាតុភ្លើង ធាតុខ្យល់ នៅក្នុងចង្វាក់ស្គរផ្គររន្ទះ ស្គរខ្យល់ ស្គរភ្លើង ក៏ជាខ្លឹមសារមួយបង្ហាញពីការយល់ដឹងពីតម្លៃនៃធាតុទាំងនេះផងដែរ។ ការចាប់ផ្ដើមដោយព្រលឹង អ្នកសម្ដែងមានព្រលឹង អ្នកទស្សនាមានព្រលឹង តន្ត្រីខ្មែរមានព្រលឹង ក្ដីសង្ឃឹមនឹងបន្ដអត្ថិភាពរបស់ខ្លួនយូរអង្វែងរហូតទៅ។
៣.សាមគ្គីភាព ការរួបរួមគ្នាជាធ្លុងមួយនាំទៅរកភាពរីកចម្រើន៖ ការរួបរួមបញ្ចូលគ្នាជាសមទ្ធិផលមួយ ដែលយើងអាចយកត្រិះរិះពិចារណាក្នុងកិច្ចការការងារផ្សេងៗ មិនថាក្នុងផ្នែកនៃតន្ត្រី ឬវិស័យដទៃផ្សេងទៀត សុទ្ធសឹងត្រូវការការចូលរួមពីគ្រប់ភាគី គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ ដែលអាចបង្កើតបាននូវសម័យកាលដ៏រស់រវើកមួយ។ ជាក់ស្ដែងដូចជាការច្របាច់រួមបញ្ចូលគ្នានៃឧបករណ៍ភ្លេងនៅក្នុងចង្វាក់ទី៥ផងដែរ។
ទន្ទឹមនឹងចំណុចពិសេសដែលបានរៀបរាប់ខាងលើខ្ញុំមើលឃើញថាមានចំណុចមួយគួរពិចារណាផងដែរ។ ទីមួយគឺទាក់ទងនឹងពន្លឺ។ ខ្ញុំយល់ថា គួរបន្ថែមពន្លឺឱ្យបានភ្លឺជាងនេះបន្តិច ដើម្បីងាយស្រួលទស្សនាការសម្ដែង។ ពីព្រោះថាភាពងងឹតពេកធ្វើឱ្យសកម្មភាព ការបង្ហាញអារម្មណ៍របស់សិល្បករ ឧបករណ៍ភ្លេងមួយចំនួនដែល ទស្សនិកជនខ្លះពុំធ្លាប់ស្គាល់ពីមុនត្រូវបានបាំងបិទ។ ម៉្យាងវិញទៀតដោយសារតែការជ្រើសរើសយកភាពងងឹត ជាផ្ទៃនៃឆាកទាំងមូល ដូច្នេះហើយនៅពេលដែលសិល្បករស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅទៀត ធ្វើឱ្យឆាកទាំងមូល ពោរពេញដោយផ្ទៃងងឹតច្រើនពិបាកទស្សនា ជាពិសេសនៅពេលដែលចាក់បញ្ចាំងតាមអនឡាញ។
ទីពីរគឺទំហំ ឆាកហាក់ដូចជាតូចពេក។ ដូចដែលបានជម្រាបពីខាងលើរួចមកហើយ ការសម្ដែងមានឈុតខ្លះ មានតួអង្គនិងឧបករណ៍ភ្លេងច្រើន ដែលទាមទារលំហឆាកឱ្យបានធំទូលាយជាងនេះ ដើម្បីងាយស្រួលដល់ការសម្ដែង របស់សិល្បករផង និងអ្នកទស្សនាងាយមើលផងដែរ។
សរុបជារួមមក ខ្ញុំពេញចិត្តជាខ្លាំងទៅលើស្នាដៃ “ចង្វាក់” ព្រោះបានបង្កប់នូវតម្លៃក្នុងការពិចារណាអំពីជីវិត សោភ័ណនៃតន្ត្រី ការរៀបចំប្រកបដោយភាពច្នៃប្រឌិតទាំងឆាក សំលៀកបំពាក់ និងការសម្ដែង ដែលផ្ដល់នូវរសជាតិ តន្ត្រីដែលកម្រនឹងបានទស្សនា។ ខ្ញុំសង្ឃឹមថានឹងមានវាសនាបានទស្សនាការសម្ដែងស្នាដៃមួយនេះដោយផ្ទាល់វិញម្ដង។ ជាការសំណូមពរ ខ្ញុំចង់ឃើញសិល្បករបន្តការខិតខំច្នៃប្រឌិតស្នាដៃរបស់ខ្លួនឱ្យបានល្អ ជាពិសេសអ្វីដែលជារបស់ខ្លួនដើម្បីជាផ្លូវនាំសិល្បៈខ្មែរទៅរកយុគសម័យថ្មីមួយទៀត។