កម្មវិធីរដូវវប្បធម៌ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក»

ការសរសេរវិភាគពី

បុគ្គលជោគជ័យ

blog_success-in-the-airs
rath-thy-11

អំពីអ្នកសរសេរ

ឈ្មោះ រ៉ាត់ ទី ជាអ្នកកាសែតឯករាជ្យ ដែលចូលចិត្តលើប្រធានសង្គម បរិស្ថាន ការអប់រំ សិល្បៈ ព្រមទាំងសិទ្ធិ និងនិន្នាការយេនឌ័រ។ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកថែទាំពីសកលវិទ្យាល័យន័រតុន ក្នុងឆ្នាំ២០១៦។ ខ្ញុំធ្លាប់ចូលរួម ធ្វើការងារស្ម័គ្រចិត្តក្នុងសង្គមជាច្រើន ដូចជាលើផ្នែកបរិស្ថាន ការគាំទ្រជីវភាពររស់នៅក្នុងសហគមន៍ក្រីក្រ សំឡេងយុវជន និងបញ្ហាយេនឌ័រជាដើម។ ក្នុងដើមឆ្នាំ២០២១​ ខ្ញុំបានទទួលវគ្គបណ្ដុះបណ្ដាលផ្នែកសរសេរសារព័ត៌មានពី Newsroom Cambodia រយៈពេលបីខែ ហើយបន្ដជាអ្នកសារព័ត៌មានអាជីពរហូតដល់សព្វថ្ងៃ។ ក្រៅពីការងារ ខ្ញុំចូលចិត្តការសរសេរជាខ្លាំង មិនថាការសរសេរកាសែត រឿងខ្លី ឬមតិផ្ទាល់ខ្លួនខ្លី ដើម្បីលើកទឹកចិត្តឱ្យមានការកែប្រែសង្គមជាដើម។ ចំណែក សិល្បៈ គឺជាផ្នែកមួយបន្ថែមសម្រស់ជីវិតរស់នៅប្រចាំថ្ងៃ ដែលខ្ញុំចាប់អារម្មណ៍ និងតែងឆ្លៀតពេលចូលរួម ព្រមទាំងឈ្វេងយល់ផងដែរ៕

ល្ខោននិយាយ «បុគ្គលជោគជ័យ»

ទាល់តែចាញ់បោក បង់ខាតលុយលើគ្រូជោគជ័យ ទើបដឹងភ្ញាក់ខ្លួន!

ម្ដងម្ដាល យើងប្រហែលបានឮ ឬឃើញអំពីបុគ្គលជោគជ័យ គ្រូជោគជ័យ ដែលគេចែកចាយលើបណ្ដាញសង្គម។ ប៉ុន្ដែពេលនេះ យើងមកចួបជាមួយ «បុគ្គលជោគជ័យ» ដែលជាល្ខោននិយាយវិញម្ដង តើនឹងទទួលអារម្មណ៍យ៉ាងណា!

បន្ទាប់ពីបញ្ចប់វិដេអូ ល្ខោននិយាយ «បុគ្គលជោគជ័យ» ក្នុងចំនួន ៤១:៤៣នាទី លើទំព័រយូធូប Cambodian Living Arts, អ្វីដែលខ្ញុំគិតឃើញមុខគេ គឺសាច់រឿងមួយនេះ ពិតជាបានផ្សារភ្ជាប់នឹងប្រធានបទរបស់កម្មវិធីរដូវកាលវប្បធម៌ឆ្នាំ២០២២ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក»។ 

ដ្បិតជាល្ខោននិយាយ បែបអប់រំ ផ្ដល់ការគិតពិចារណា និងត្រូវចំណាយពេលទស្សនាដល់ទៅជាង ៤០នាទី ប៉ុន្ដែការជ្រើសរើសអ្នកសម្ដែង ពិតជាសក្តិសម ហាក់ជាចរិតធម្មជាតិក្នុងរឿងពិតៗ បូកផ្សំនឹងភាពប៉ិនប្រសប់របស់ពួកគេ បង្កបរិយាកាសគួរចង់តាមដាន មិនធុញ ជាពិសេសភាពក្រមិចក្រមើម នៃតួសម្ដែងនេះ ញ៉ឹងឱ្យអ្នកទស្សនា ទះដៃ និងផ្ទុះសំណើចដោយអន្លើឥតដាច់។ 

គ្រូជោគជ័យ ដែលប៉ិនប្រូ ពូកែនិយាយបញ្ចុះបញ្ចូល ធ្វើឱ្យអ្នកចង់ជោគជ័យ (រីតា គ្រូបង្រៀនថ្នាក់មតេយ្យ) ចង់ចូលលុយវិនិយោគ ដោយមិនរារែក ព្រោះស្រមៃឃើញតែភាពជោគជ័យដ៏មហិមា។ ហេតុនេះហើយ ទើប រីតា ហ៊ានកុហកប្ដី ហើយត្រូវបង់ខាតលុយ ១ម៉ឺនដុល្លារទៅលើគ្រូជោគជ័យទទេៗ តែទីបំផុត ប្ដីរបស់នាង ដែលជាមន្រ្តីឥណទានធនាគារ បានលើកលែងទោសឱ្យនាង ព្រោះតែគិតឃើញថា ការចាញ់បោកគ្រូជោគជ័យនោះ ក៏ជាចំណែកកំហុសរបស់គាត់។

ខ្ញុំជឿថា ម្ដងឬច្រើន មនុស្សម្នាអាចចាញ់បោកគេ ឬក៏គ្រូជោគជ័យ ប៉ុន្ដែចំណុចខ្លះនៃការសម្ដែងល្ខោននេះ នៅតែឱ្យខ្ញុំគិតឆ្លុះបញ្ចាំងទៅលើរឿងពិតខាងក្រៅ។ រីតាដែលមានសមត្ថភាពអាចធ្វើគ្រូបង្រៀន ហេតុអីក៏ងាយជឿពាក្យគេ​បញ្ចុះបញ្ចូលម្ល៉េះ ឬក៏ភាពគិតតែចង់មានបានពេក បាំងបាត់ចំណេះដឹងការគិត ពិតធ្វើឱ្យមនុស្សលែងខ្វល់អី។ មួយវិញទៀត បន្ទាប់ពីដឹងការពិត ប្រពន្ធរបស់ខ្លួន(រីតា), មន្ត្រីឥណទានធនាគារយើង ហាក់ក្រោធខ្លាំងណាស់ នឹកស្មានមិនដល់ មិនគួរណាប្រពន្ធខ្លួន ទៅចាញ់បោកគ្រូជោគជ័យ ដែលជាកូនបំណុលធនាគារ ដ៏មហាសែនពិបាកទាររបស់គាត់សោះ។ ប៉ុន្ដែបន្ទាប់ពីរីតា និយាយតបបែបខឹងពីរបីម៉ាត់វិញ មន្រ្តីយើង ក៏ព្រមលើកលែងទោសឱ្យ។ អាចថាវគ្គត្រង់នេះ ហាក់ចង់បញ្ជាក់ថា «ការអត់ឱន ផ្ដល់ឱកាសឱ្យគ្នា ជាដំណោះស្រាយមួយសម្រាប់ស្រាយចំណងបញ្ហា» ប៉ុន្ដែតើមិនរហ័សពេកទេ ឬមានទេប្ដីបែបនេះនៅសង្គមពិតខាងក្រៅ? ឬមានតែក្នុងការសម្ដែង? ត្រង់ប្លង់នេះ គួរណាស់កាត់ត្រឹមវគ្គពួកគេខឹងគ្នា រួចចូលវគ្គថ្មី ហើយបន្ថែមសំឡេងថា «មួយសប្ដាហ៍ក្រោយ ឬមួយខែក្រោយ» តើជារយៈពេលសមល្មម សម្រាប់ប្ដីអាចគិត មកសុំប្រពន្ធផ្សះផ្សាបញ្ហាទេ!

យ៉ាងណាក៏ដោយ ល្ខោននិយាយ «បុគ្គលជោគជ័យ» ដែលនិពន្ធដោយ សួស យ៉ាមីនិងដឹកល្ខោនដោយ ណេន ភារិទ្ធ ទទួលបានការគាំទ្រ លើការសម្ដែងផ្ទាល់ពីរដងរួចទៅហើយ។ ដោយកាលពីថ្ងៃទី១២ កុម្ភៈ ការសម្ដែងធ្វើឡើងមិនផ្លូវការជូនទស្សនានៅសាលាមធ្យមសិល្បៈ និងថ្ងៃទី១៣ កុម្ភៈ សម្ដែងផ្លូវការ មានអ្នកទស្សនាកុះករនៅមជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា-ជប៉ុន។ ជាពិសេស លោកអ្នកនៅតែអាចចូលទស្សនា លើទំព័រយូធូបផ្លូវការ Cambodian Living Arts និង ChenlaMedia ។

ជារួមមកបច្ចុប្បន្នពាក្យថា «បុគ្គលជោគជ័យ» អាចជាពាក្យគេមិនចូលចិត្ត។ ហើយការចែករំលែកវីដេអូ ពួកគេ(បុគ្គលជោគជ័យ) មកតាមបណ្ដាញសង្គមកន្លងមក អាចគ្រាន់ជាការកម្សាន្ត ឬឌឺដង ប៉ុន្ដែបើយើងគិតឱ្យមែនទែន អាចថាពួកគាត់មួយក្រុមណា អាចជាជនរងគ្រោះ ដែលត្រូវគេបញ្ចុះបញ្ចូល ឬចាញ់បោកគេ និងបាត់មាត់ក្រោយ ដឹងខ្លួនចាញ់បោកគេ ព្រោះខ្មាសគេ។ ល្ខោននិយាយនេះ បានបង្ហាញការណ៍ពិតនៃសង្គម និងជាការពញ្ញាក់អារម្មណ៍មួយ។  ខ្ញុំជឿថា សម្រាប់អ្នកបានទស្សនាលោ្ខននេះហើយ ទោះបីប្រុងនឹងចាញ់បោកគេ ក៏នឹងអាចគិតឡើងវិញម្ដងទៀតសិនដែរ៕

Support us

follow us

Start typing and press Enter to search