ង៉ុន យេត ជាគ្រូបង្រៀនកម្រិតបឋមសិក្សា។ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តខ្មែរ នៅវិទ្យាស្ថានក្រុងអង្គរ សាខាខេត្តកំពង់ធំ។ ក្រៅពីការងារជាគ្រូបង្រៀន នាងក៏បានចូលរួមជាមួយមូ លនិធិស្នាមញញឹម គឺសំដៅទៅលើមនុស្សធម៌ ការអប់រំ និងវប្បធម៌។ ក្រៅពីនេះ នាងក៏មានទំនោរទៅខាង ផ្នែកសិល្បៈដូចជា ការគូរគំនូរ ការឆ្លាក់អក្សរផ្សេងៗ ព្រមទាំងការនិពន្ធប្រលោមលោក រឿងខ្លី នឹងរឿង កុមារ មួយចំនួនផងដែរ។ នៅថ្ងៃឈប់សម្រាក នាងចូលចិត្តលាក់ខ្លួនជាមួយធម្មជាតិដ៏ស្រស់ស្អាតនៃ ទេសភាពស្រុកស្រែ និងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តផ្សេងៗ។
ល្ខោននិយាយ « ផ្ទះកសិដ្ឋានធម្មជាតិ»
សំឡេងមាន់ និងគោ នាំគ្នាស្រែកយ៉ាងគគ្រឹកគគ្រេងចេញពីកសិដ្ឋានមួយកន្លែង។ បុរសចំណាស់ម្នាក់កំពុងដើរចេញពីក្រោលគោ ទាំងមានយួរធុងដាក់ទឹកដោះគោទាំងសងខាងដៃ រួចដើរចូលទៅក្នុងផ្ទះស្លឹកត្នោត ដែលមានរៀបចំយ៉ាងស្អាតតាមរបៀបអ្នកស្រុកស្រែ។ មាន់ឈ្មោលមួយក្បាល លោតចុះលោតឡើងទៅវិញទៅមក ហាក់សប្បាយរីករាយជាមួយជីវិតប្រចាំថ្ងៃរបស់វាជាខ្លាំង។ ការសម្តែងនេះ មានតួអង្គមនុស្ស៤នាក់ និងមនុស្សដើរតួជាសត្វចំនួន៣នាក់។ ក្នុងនោះសត្វឆ្កែត្រូវស្លៀកពាក់ ដោយមានត្រចៀក កន្ទុយ នឹងចេះព្រុសស្រដៀងនឹងសត្វឆ្កែយ៉ាងដូច្នោះដែរ។ ឯមាន់គក ស្រោបដោយរូបរាងជាមាន់ មានខ្នាយ មានសិរ មានកន្ទុយ ព្រមទាំងមានសម្បុរល្អជាងសត្វដទៃ។ ចំពោះសត្វគោទឹកដោះ គ្រងដោយអាវ និងខោពណ៌ស នឹងមានចំណុចដុំខ្មៅ ដែលគេសម្គាល់ថានេះជាគោទឹកដោះ សម្រាប់ផលិតទឹកដោះលក់ ឬបរិភោគ។ ក្រៅពីនោះ ឧបករណ៍មួយចំនួនដូចជាទ្រូ ឈ្នាង ដាក់ព្យួររណេងរណោង នៅក្បែរទ្រុងគោដែលកំពុងស៊ីស្មៅក្នុងទ្រុង។ គ្រាន់តែបានឃើញសកម្មភាពតែបន្តិច វាអាចបង្ហាញឱ្យអ្នកទស្សនាយល់ថា ផ្ទះនេះស្ថិតនៅទីជនបទ ដែលពួកគាត់អាស្រ័យផលលើការចិញ្ចឹមសត្វ នឹងការនេសាទផ្សេងៗ សម្រាប់ចិញ្ចឹមជីវិត។
នៅក្រោមអំពូលភ្លើងដ៏ស្រទន់ បានគ្រប់ដណ្តប់ពេញឆាកសម្តែង វាហាក់ទាញអារម្មណ៍អ្នកទស្សនា ឱ្យធ្លាក់ទៅក្នុងស្ថានភាពមួយដែលមិននឹកស្មានដល់។ ការសម្តែងរបស់តួអង្គពីមួយទៅមួយ មានភាពស៊ីសង្វាក់គ្នាល្អណាស់ មើលទៅដូចជារឿងរ៉ាវកើតឡើងភ្លាមៗ ផ្ទាល់នឹងភ្នែកតែម្តង។ រឿងនេះនិយាយពីយុវតីម្នាក់ ដែលធ្វើការយ៉ាងសកម្មនៅទីក្រុង រហូតគាត់ភ្លេចទំនាក់ទំនងចំពោះខ្លួនឯង និងអ្នកដទៃ ហើយឈានទៅរកជម្ងឺបាក់ទឹកចិត្ត ដោយសារតែសំពាធការងារ នាងបានត្រឡប់មកលេងផ្ទះនៅស្រុកស្រែទាំងដែលនាងទើបនឹងជួបគ្រោះថ្នាក់ចរាចរណ៍។ គ្រាន់តែមកលេងប៉ុន្មានថ្ងៃសោះ នាងចាប់ផ្តើមធុញទ្រាន់នឹងការនិយាយច្រើនរបស់ម្តាយ នាងចូលចិត្តសំងំលាក់ខ្លួននៅក្នុងបន្ទប់ម្នាក់ឯង និងការព្យាយាមធ្វើការងារដល់យប់ជ្រៅ។ រហូតពេលខ្លះ នាងត្រូវលេបថ្នាំងងុយគេងទៀតផង។ ដោយឃើញម្ចាស់ពិបាកចិត្ត សត្វទាំងបីបានពិភាក្សាគ្នាជួយ។ ពួកវាមានញ្ញាណពិសេស ហេតុនេះ ទើបពួកវាទទួលបានជោគជ័យ ដោយស្វែងរកមិត្តចាស់របស់សុជាតា គឺវិច្ឆិកា តាមរយៈប្រព័ន្ធអ៊ីនធើនែត ដើម្បីឱ្យនាងបានពិភាក្សាបញ្ហាផ្លូវចិត្តប្រាប់ទៅមិត្តនាង។
នេះគឺជាស្នាដៃដំឡើងដោយ ជា សុខយូ ដែលជាប់ក្នុងចំណោមស្នាដៃសិល្បៈដែលទទួលបានការឧបត្ថម្ភពី អង្គការសិល្បៈខ្មែរអមតៈ ក្នុងរដូវវប្បធម៌លើកទី៣ «ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក»។ ស្នាដៃនេះ ត្រូវបានចាក់ផ្សាយនៅលើប្រព័ន្ធ YouTube កាលពីល្ងាចថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២កន្លងទៅនេះ។
នៅក្នុងការសម្តែងល្ខោននិយាយនេះ ពិតជាមានការច្នៃប្រឌិតខ្ពស់ ទាំងសាច់រឿង ការរៀបចំឆាក នឹងការតុបតែងតួអង្គនីមួយៗ ពិសេសគឺតួអង្គសត្វតែម្តង។ ត្រឹមតែជាសត្វឆ្កែមួយក្បាលសោះ វាចេះគិតគូរពីម្ចាស់របស់វា ដោយចេះរកមធ្យោបាយដើម្បីឱ្យម្ចាស់ មានអ្នកប្រឹក្សាយោបល់ជាមួយ ចៀសវាងការគិតស្មុគស្មាញតែម្នាក់ឯង។ នេះក៏ដោយសារតែការដឹងគុណទៅតួស្រី គឺសុជាតា ជាអ្នករើសខ្លួនមកចិញ្ចឹម ។ ខ្លឹមសារនៅក្នុងរឿងនេះ បានបញ្ច្រាបនូវការអប់រំជាច្រើនដល់យុវវ័យ និងអ្នកដែលងាយទទួលរងនូវសំពាធផ្លូវចិត្ត ត្រូវស្វែងរកដៃគូណាម្នាក់ដែលអាចយល់ នឹងស្តាប់នូវរាល់បញ្ហា ព្រមទាំងដំណោះស្រាយល្អៗ ប្រកបដោយភាពវិជ្ជមានផងដែរ។ នៅចុងបញ្ចប់នៃសាច់រឿង សត្វទាំងបីបានលើកឡើងថា «មនុស្សលោកគ្រប់គ្នាតែងគិតថា ពួកគេចង់បានលុយ ទ្រព្យសម្បត្តិ របស់របរមានតម្លៃ អំណាច ភាពល្បីល្បាញ សម្រស់ និងយុវវ័យដែលមិនចេះបាត់បង់។»
ទោះបីជាមានការទាក់ទាញ នឹងមានសារអប់រំល្អក្តី ក៏នៅមានចំណុចមួយដែលខ្ញុំសូមលើកជាយោបល់បន្ថែមទៅលើល្ខោននេះ។ នៅក្នុងសាច់រឿងល្ខោនតាំងពីដើមដល់ចប់ ដូចជាមិនឃើញមានបញ្ចូលនូវឧបករណ៍ភ្លេងអ្វីដែលជួយកំដរសាច់រឿងឱ្យមានភាពលន្លង់លន្លោច ភាពសប្បាយរីករាយ នឹងភាពកើតទុក្ខព្រួយបារម្ភអ្វីឡើយ។ ឧទាហរណ៍ ពេលតួសត្វលោតចុះលោតឡើង ហើយយើងបន្ទរដោយស្គរតាមចង្វាក់របស់វា នោះប្រហែលជាទាក់ទាញអារម្មណ៍អ្នកទស្សនា ឱ្យរន្ធត់ទៅតាមដំណើររឿងជាមួយផងដែរ។
ជារួមយើងឃើញថា គ្រប់ទម្រង់នៃសិល្បៈខ្មែរ គឺសុទ្ធតែឆ្លុះបញ្ចាំងនូវគតិអប់រំយ៉ាងច្រើន ផ្អែកទៅលើតថភាពសង្គមនាពេលបច្ចុប្បន្ន តាមរយៈស្នាដៃរបស់អ្នកនិពន្ធពីមួយជំនាន់ទៅមួយជំនាន់។ ម្យ៉ាងខ្ញុំក៏សង្ឃឹមថា ការចាក់ផ្សាយទម្រង់ល្ខោននិយាយ ឬទម្រង់សិល្បៈផ្សេងៗនៅតែបន្តសកម្មភាពទៅមុខជាបន្តបន្ទាប់ ព្រោះដើម្បីលើកតម្កើងស្នាដៃសិល្បៈ ក៏ដូចជាការលើកតម្កើងស្នាដៃអ្នកនិពន្ធខ្មែរផងដែរ។