១៨​ មករា កិច្ចពិភាក្សា «នគរូបនីយកម្ម និងអត្តសញ្ញាណ/បេតិកភណ្ឌ»

កិច្ចពិភាក្សា «នគរូបនីយកម្ម និងអត្តសញ្ញាណ/បេតិកភណ្ឌ»

១០ឆ្នាំនេះកម្ពុជាបានឆ្លងកាត់ការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់ផ្នែកអភិវឌ្ឍទីក្រុងដែលបានជះឥទ្ធិពលលើផ្នែកសោភ័ណ្ឌភាព បរិស្ថាន អត្តសញ្ញាណរបស់ទីក្រុង ជីវភាពប្រជាជននិងសិល្បៈវប្បធម៌ប្រពៃណីជាដើម។ តាមរយៈចរន្តនៃការផ្លាស់ប្ដូរនេះ តើយើងអាចធ្វើឱ្យមានតុល្យភាពនៃការអភិវឌ្ឍនេះនិងផ្នែកផ្សេងៗ និងអ្នកដែលទទួលរងនូវឥទ្ធិពលនេះយ៉ាងដូចម្ដេចដើម្បីអភិវឌ្ឍទីក្រុងប្រកបដោយផាសុកភាពនិងគុណតម្លៃ? តើអ្នកណាខ្លះគួរតែមានសំឡេងឬការចូលរួមនៅក្នុងដំណើរការអភិវឌ្ឍនេះ? តើអ្នករាល់គ្នាអាចចូលរួមធ្វើឱ្យកាន់តែប្រសើរនូវអនាគតប្រទេសកម្ពុជាតាមលទ្ធភាពនិងមធ្យោបាយផ្សេងៗរបស់អ្នកដោយរបៀបណា?…

ជួបជាមួយវាគ្មិន៖

វាគ្មិន៖ ស្រេង ឡេង

ស្រេង ឡេង កំពុងធ្វើការនឹងរស់នៅសៀមរាបជាង៦ឆ្នាំ។ គាត់បានបញ្ចប់ការសិក្សាផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្នភ្នំពេញ និងអនុបណ្ឌិតផ្នែក “កូរ៉េ និងអាស៊ីខាងកើត” នៅប្រទេសកូរ៉េខាងត្បូង។

សព្វថ្ងៃនេះ គាត់ជាបុគ្គលិកនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ មានតួនាទីជាអ្នកអប់រំពី “ធម្មជាតិ ប្រាសាទ និងអ្នកស្រុក” ពោលគឺ “បរិស្ថាន បេតិកភណ្ឌវប្បធម៌ និងសហគមន៍” ។

ឡេង ក៏ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ក្នុងខេត្តសៀមរាប និងគាត់បានធ្វើការស្រាវជ្រាវពី បេតិកភណ្ឌវប្បធម៌សិល្បៈអប្សរាសម័យអង្គរ, អយុធ្យា តាមរយៈចម្លាក់ និងសម្ភាសចាស់ៗអ្នកស្រុកអង្គរដែលនៅដឹងចាំ។ គាត់ក៏ធ្លាប់ចូលរួមកម្មវិធីសិក្ខាសាលាស្តីពីបរិស្ថានអាស៊ាននៅភ្នំពេញ បាងកក និងបានធ្វើបទបង្ហាញពីបេតិកភណ្ឌវប្បធម៌ របាំអប្សរាជាច្រើនសារផងដែរ។

វាគ្មិន៖ គឹម ហាក់

គឹម ហាក់ កើតក្នុង​ឆ្នាំ​១៩៨១ នៅ​ក្រុង​បាត់ដំបង បច្ចុប្បន្ន​រស់នៅ​ក្នុងរាជធានី​ភ្នំពេញ។

គឹម ហាក់ កើតពីរឆ្នាំក្រោយការដួលរលំនៃរបបខ្មែរក្រហម ហើយគាត់ធំឡើងដឹងក្តីស្តាប់ឮការចងចាំឪពុកម្តាយរបស់គាត់អំពីសម័យកាលនោះ។ សព្វថ្ងៃ គាត់ប្រើការងារសិល្បៈរបស់គាត់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអតីតកាលនៃប្រទេសនេះ ដើម្បីការចងចាំ លើកឡើង និងបកស្រាយឡើងវិញនូវប្រវត្តិសាស្ត្រសង្គមកម្ពុជា មុន អំឡុងពេល និងក្រោយរបបខ្មែរក្រហម។

ការងាររបស់ ហាក់ គាត់ធ្វើការស្វែងយល់ពីប្រធានបទមួយចំនួនដែលទាក់ទងនឹងផ្ទៃក្រណាត់វប្បធម៌នៃប្រទេសកម្ពុជា រួមមានទាំងការថតរូប និងកំណត់ត្រាអនុស្សាវរីយ៍នៃទឹកដី រួមទាំងរឿងរ៉ាវអ្នកនៅរស់រានមានជីវិត (ការចងចាំ, ជំរំជនភៀសខ្លួន, ប្រទេសម្ចាស់ផ្ទះ, ប្រជាជនកម្ពុជាដែលបានចាកចេញពីប្រទេសកំណើត, ដំណើរការផ្សះផ្សារ, សហគមន៍, មនុស្សជាតិ និង ការធ្វើឱ្យរស់ឡើងវិញ), ព្រះរាជពិធីបុណ្យព្រះបរមសព ព្រះបាទ នរោត្តម សីហនុ, ការចងក្រងឯកសារស្ថាបត្យកម្ម និងទិដ្ឋភាពផ្លាស់ប្តូរទូលាយនៃស្រុកកំណើតគាត់។

គឹម ហាក់ ធ្លាប់ដាក់តាំងពិព័រណ៍ស្នាដៃជាច្រើនតាមប្រទេសនានានៅទ្វីបអាស៊ី ទ្វីបអូសេអានី ទ្វីបអឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក។ ការងាររបស់គាត់ចេញផ្សព្វផ្សាយលើឆាកអន្តរជាតិតាមរយៈមហោស្រពសិល្បៈ និងមហោស្រពរូបថត ហើយមានការចុះផ្សាយក្នុងកាសែតរូបថតល្បីៗជាច្រើនផងដែរ។

ពេលវេលា៖
៣:០០-៤:៣០
ល្ងាច

តម្លៃ៖
ចូលរួមដោយសេរី

Location:
សាកលវិទ្យាល័យជាតិគ្រប់គ្រង, St.96 Christopher Howes Phnom Penh BS16, AP18

វាគ្មិន៖ ហ៊ុន សុកញ្ញា

ហ៊ុន សុកញ្ញា បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជំនាញស្ថាបត្យកម្មពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ២០១៦ ហើយជាអ្នកមានចំណាប់អារម្មណ៍ខ្លាំងទៅលើបេតិកភណ្ឌទីក្រុងនិងការអភិរក្ស ដោយផ្តោតលើការអភិរក្សអគារស្ថាបត្យកម្មសម័យអាណានិគម និងអគារស្ថាបត្យកម្មខ្មែរថ្មីក្រោយសម័យឯករាជ្យ ក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ២០១៦ ក្រុមរបស់គាត់បានទទួលពានរង្វាន់លេខ២ក្នុងការប្រកួតទៅលើការស្រមើស្រមៃទីតាំងជុំវិញអគារការិយាល័យប្រៃសណីយ៍ក្នុងរាជធានីភ្នំពេញ។

ចាប់តាំងពីឆ្នាំ២០១៦ គាត់បានធ្វើការជាមគ្គុទេសក៍សម្រាប់ដំណើរទស្សនាអគារស្ថាបត្យកម្មខ្មែរ ដែលតែងតែទទួលបានពានរង្វាន់ ដោយជូនអ្នកទេសចរទស្សនាអគារស្ថាបត្យកម្មក្នុងរាជធានីភ្នំពេញ។ គាត់បានចូលរួមការងារថ្នាក់ជាតិនិងអន្តរជាតិ ក្នុងការចងក្រងឯកសារ និងកត់ត្រាឯកសារអគារស្ថាបត្យកម្មរបស់កម្ពុជា ដូចជា គម្រោងវណ្ណ ម៉ូលីវណ្ណ។គាត់ក៏បានធ្វើការលើការចងក្រងឯកសារពីទីតាំងរោងកុនក្នុងរាជធានីភ្នំពេញតាំងពីសម័យអាណានិគម តាមរយៈគម្រោងរោងកុន។ បន្ថែមពីនេះទៀត គាត់បានចូលរួមសិក្ខាសាលាជាច្រើន ទាក់ទងនឹងការផ្សព្វផ្សាយពីអគារស្ថាបត្យកម្មដែលមាននិរន្តរភាពនិងការចែករំលែកចំណេះដឹងក្នុងតំបន់ និងអន្តរជាតិ ដូចជា ទីក្រុងចំណាស់ បញ្ហាប្រឈមថ្មី នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី នៅខែតុលា ឆ្នាំ២០១៨ រៀបចំដោយ វិទ្យាស្ថាន Getty Conservation ។

អ្នកសម្របសម្រួល៖ គ្រី ស៊ុយហៀង

គ្រី ស៊ុយហៀង ជាអ្នកជំនាញដោះស្រាយទំនាស់ ជាហ្វេមីនីស្ត និងជាសន្ធានការីដែលទទួលស្គាល់ដោយNational Mediator Accreditation System ដែលមានបទពិសោធន៍ច្រើនទៅលើសមភាពយេនឌ័រ ភាពជាអ្នកដឹកនាំរបស់ស្រ្តី ការកសាងសន្តិភាព និងការបំលែងទំនាស់។ សព្វថ្ងៃ គាត់ជានាយិកាប្រតិបត្តិ នៃអង្គការនារីដើម្បីសន្តិភាព ហើយបានប្រែក្លាយអង្គការនេះពីការចាប់ផ្តើមដំបូងជាក្រុមសហគមន៍ទៅជាស្ថាប័នមួយដែលមានជំនាញទាក់ទងនឹងយេនឌ័រនិងបញ្ហាសន្តិភាព។ ហៀង ក៏ជាអ្នកតស៊ូមតិដែលមានការទទួលស្គាល់ ក្នុងការធ្វើឱ្យមានបរិយាប័ន្ននៃសម្លេងស្រ្តីជនជាតិភាគតិច និងក្រុមងាយរងគ្រោះដទៃទៀត ទៅក្នុងដំណើរការសម្រេចចិត្ត ការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាងសន្តិភាព។ ដោយមានប្រវត្តិការងារយូរឆ្នាំក្នុងកិច្ចការស្រាវជ្រាវបែបការចូលរួម ការគៀងគងសហគមន៍ សន្ធានកម្មប្រកបដោយការឆ្លើយតបយេនឌ័រ ការទំនាក់ទំនងបែបអហិង្សា និងការសម្របសម្រួលវគ្គបណ្តុះបណ្តាល ហៀង ត្រូវបានគេស្គាល់ថាជាអ្នកជំនាញក្នុងការគៀងគរមនុស្សមកជួបជុំគ្នាពិភាក្សាលើបញ្ហាសំខាន់ៗ និងតម្រង់ផ្លូវឱ្យមានការរីកចម្រើននិងការផ្លាស់ប្រែជាវិជ្ជមាន ទាំងផ្នែកស្ថាប័ននិងបុគ្គល។ ហៀង ក៏ជា សហស្ថាបនិកនៃវិធីសាស្រ្តស្រាវជ្រាវបែបសន្តិភាព ដែលហៅថា Facilitative Listening Design (FLD) សម្រាប់ប្រើក្នុងបរិបទរសើបនិងជម្លោះផ្សេងៗ។ ហៀង បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតលើផ្នែក “សន្តិភាពនិងជម្លោះ” ពីសាកលវិទ្យាល័យ Massachusetts Lowell សហរដ្ឋអាមេរិក។


រៀបចំដោយ៖

គាំទ្រថវិកាដោយ៖

គាំទ្រដោយ៖

ដៃគូផ្សព្វផ្សាយ៖


ឧបត្ថម្ភទីតាំងដោយ៖


តាមដានព័ត៌មាន៖