ព្រឹទ្ធាចារ្យ ឃី មុំ «ទម្រង់ យីកេ»

៨៤ ឆ្នាំកន្លងផុតទៅ កិត្តិនាមព្រឹទ្ធាចារ្យសិល្បៈទំរង់ យីកេ មួយរូប នៅតែដក់ជាប់ក្នុងក្រអៅដួងចិត្តរបស់មនុស្សជំនាន់ថ្មី!

យីកេ ត្រូវបានគេស្គាល់ថាជាទម្រង់សិល្បៈ តន្រ្តីផង ល្ខោនោង និង ជារបាំផង ដែលមាននៅក្នុងប្រវត្តិសិល្បៈខ្មែរយើងយូរយារណាស់មកហើយ។ នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ថា យីកេ គឺជាឈ្មោះល្បែងមហោស្រពមួយប្រភេទ លេងស្រដៀងនឹងល្ខោន តែមានទះស្គរតូចខ្លះ ធំខ្លះបញ្ចើចជាមួយនឹងការរាំច្រៀង។

ពេលគេនិយាយដល់ទំរង់សិល្បៈ យីកេ នេះ នោះគេនឹងនឹកឃើញដល់ ព្រឹទ្ធាចារ្យ ឃី មុំ ដែលត្រូវបានគេប្រសិទ្ធនាមថាជា វិរៈសិល្បករទំរង់​ យីកេ។

ព្រឹទ្ធាចារ្យ ឃី មុំ លោកប្រសូតឡើងនៅក្នុងឆ្នាំ ១៩៣៩ នាស្រុកសំរោង ខេត្តតាកែវ។ ឱពុករបស់លោកឈ្មោះ តា ឃី ជាអ្នកបង្កើតក្រុម យីកេ ដំបូងគេបង្អស់នៅក្នុងខេត្តតាកែវ ហើយមានភាពល្បីល្បាញនៅក្នុងទសវត្សរ៍ ១៩៦០ ដោយបានសម្តែងនៅគ្រប់បណ្តាខេត្តក្នុងប្រទេសកម្ពុជា។

នៅអាយុ ១២ ឆ្នាំ ព្រឹទ្ធាចារ្យ ឃី មុំ បានចាប់ផ្តើមសិក្សាទម្រង់សិល្បៈ យីកេ ជាមួយលោកឪពុករបស់លោករហូតចេះស្ទាត់ជំនាញសិល្បៈ យីកេ នេះ និងបានចូលរួមសម្តែងស្ទើគ្រប់ទិសទីនាសម័យនោះ។

មិនយូរប៉ុន្មាន ជាអកុសលប្រទេសកម្ពុជាបានធ្លាក់ក្នុងរណ្តៅមរណៈនៃរបបប្រលៃពូជសាស្រ្តខ្មែរក្រហម។ ពេលនោះលោកត្រូវបានគេជម្លាសឱ្យមកធ្វើស្រែនៅក្បែរបឹងទន្លេសាបវិញ។ នាពេលនោះលោកមិនអាច សម្តែងសិល្បៈ យីកេ បន្តទៀតបានទេដោយសារតែប្រទេសបាត់បង់សន្តិភាពទាំងមូល។

ក្រោយរបបខ្មែរក្រហម ព្រឹទ្ធាចារ្យ ឃី មុំ បានត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ និងបានបង្កើតក្រុមយីកេថ្មីមួយ ប៉ុន្តែមិនមានដំណើរការល្អនោះឡើយ។

បន្ទាប់ពីនោះនៅក្នុងឆ្នាំ ១៩៨០ អ្នកគ្រូ ឃី មុំ បានក្លាយជាព្រឹទ្ធាចារ្យបង្ហាត់បង្រៀនសិល្បៈទំរង់ យីកេពេញលេញ ដោយបានបង្ហាត់នៅក្នុងព្រះបរមរាជវាំង ហើយបន្ទាប់មកនៅសាលាក្រហម និងចុងក្រោយ នៅសាលាវិចិត្រសិល្បៈរហូតដល់ឆ្នាំ ២០០២ ទើបព្រឹទ្ធាចារ្យ  ឃី មុំ បានចូលនិវត្តន៍។

ក្រោយព្រឹទ្ធាចារ្យបានចូលនិវត្តន៍ពីការបង្រៀននៅសាលាវិចិត្រសិល្បៈ នៅក្នុងឆ្នាំ ២០០៣ អង្គការសិល្បៈខ្មែរអមតៈបាន អញ្ជើញលោកចូលរួមកម្មវិធីមួយដែលមានឈ្មោះថា កម្មវិធីព្រឹទ្ធាចារ្យសិល្បៈខ្មែរ ដែលក្រោយមកបានក្លាយជាអង្គការសិល្បៈខ្មែរអមតៈនាពេលបច្ចុប្បន្ននេះ។ ដោយកម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីអាចឱ្យព្រឹទ្ធាចារ្យដែលនៅរស់រានមានជិវិតអាចផ្ទេរចំណេះដឹងសិល្បៈរបស់ពួកគាត់ទៅកាន់ក្មេងជំនាន់ក្រោយតាមរយៈការបង្កើតថ្នាក់បង្រៀនសិល្បៈនៅក្នុងសហគមន៍របស់ពួកគាត់។

បច្ចុប្បន្ន ព្រឹទ្ធាចារ្យ ឃី មុំ លែងបន្តបង្ហាត់បង្រៀនទៀតហើយដោយសារលោកចាស់ជរា ប៉ុន្តែលោកនៅតែទទួលបានការបន្តគាំទ្រពីអង្គការសិល្បៈខ្មែរអមតៈរហូតដល់ពេលបច្ចុប្បន្ន។

ព្រឹទ្ធាចារ្យ ឃី មុំ គឺជាគ្រូសិល្បៈយីកេដ៏ល្បីនៅខេត្តតាកែវ និងចាត់ទុកជាជង្រុកក្បួនខ្នាតសិល្បៈយីកេដែលជាសិល្បៈបុរាណដ៏មានតម្លៃមួយរបស់ជាតិខ្មែរ។ គាត់បានបណ្តុះបណ្តាលអ្នកបន្តវេនទំរង់សិល្បៈយីកេជាច្រើនជំនាន់ ដែលធានាបានថាទម្រង់សិល្បៈមួយនេះនៅតែគង់វង្សជាមួយក្មេងជំនាន់ក្រោយជានិរន្ត។