គោលដៅយុទ្ធសាស្ត្រអាទិភាព ២០២៦ – ២០៣០

អំពីអង្គការសិល្បៈខ្មែរអមតៈ

អង្គការសិល្បៈខ្មែរអមតៈ (សខអ) គាំទ្រសិល្បករនិងអង្គការសិល្បៈគ្រប់ទម្រង់ ដោយផ្តោតលើការពង្រឹង និងអភិវឌ្ឍវិស័យសិល្បៈឱ្យកាន់តែទូលំទូលាយ។ សខអ ក៏ជួយផ្តល់សេវាគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុនិងរដ្ឋបាលប្រចាំឆ្នាំ ដល់អង្គការសិល្បៈដែលទើបនឹងបង្កើតឡើង ដូចជាជួយសម្របសម្រួលការអភិវឌ្ឍអង្គភាពនិងកម្មវិធីទៅតាមពេលវេលាជាក់លាក់ណាមួយដែលបានព្រមព្រៀងគ្នា (នេះហៅថា កម្មវិធីរុងរឿង)។

កម្មវិធីស្នូលរបស់យើងរួមមាន៖ ការផ្តល់មូលនិធិដល់សិល្បករ (ឧ. សម្រាប់ការបង្កើតស្នាដៃសិល្បៈថ្មី, សម្រាប់បង្កើតគម្រោងសហគមន៍ និងសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសដើម្បីបង្កើតបណ្តាញការងារ), អាហារូបករណ៍សម្រាប់អភិវឌ្ឍអាជីពសិល្បៈ, និងការរៀបចំការសម្តែងឬព្រឹត្តិការណ៍សិល្បៈផ្សេងៗនៅតាមតំបន់ជនបទ ដើម្បីឱ្យមនុស្សកាន់តែច្រើនមានឱកាសបានចូលរួម​​​​ និងស្គាល់ទាំងទម្រង់សិល្បៈបុរាណនិងសហសម័យ។ យើងក៏រៀបចំកម្មវិធីជ័យលាភីអមតៈប្រចាំឆ្នាំ ដើម្បីអបអរដល់អ្នកទទួលបានមូលនិធិនិងអាហារូបករណ៍។

អង្គការសិល្បៈខ្មែរអមតៈ និង មជ្ឈមណ្ឌលវប្បធម៌មេគង្គ (www.mekongculturalhub.org) ជាសមាជិករបស់ សិល្បៈអមតៈអន្តរជាតិ (www.livingartsinternational.org/) ដែលជាអង្គការអន្តរជាតិមួយមានជំនឿថា សង្គមមួយអាចរីកចម្រើនញលេញទៅបាន ដោយមានការចូលរួមពីសិល្បៈ។

គោលដៅយុទ្ធសាស្ត្រអាទិភាព

– ពង្រឹងគុណភាពសិល្បៈសហសម័យនៅកម្ពុជា
– កសាងសមត្ថភាពសិល្បករឯករាជ្យ ប្រតិបត្តិករសិល្បៈវប្បធម៌ និងស្ថាប័នតូចៗ ដើម្បីឆ្ពោះទៅរកនិរន្តរភាពផ្នែកប្រតិបត្តិការ
– បន្លឺសំឡេងសិល្បករ ជាពិសេសតាមរយៈប្រព័ន្ធឌីជីថល
– ជំរុញកិច្ចសហការទាំងថ្នាក់តំបន់និងអន្ដរជាតិ ដើម្បីពង្រឹងវិស័យសិល្បៈវប្បធម៌