អ្នកទទួលបានមូលនិធិដាំដុះឆ្នាំ ២០២៦

ខុន រក្សា

ខុន អរ ឈ្មោះដើម ខុន រក្សា គឺជាអ្នកផលិតភាពយន្ត និង អ្នកថតរូបជនជាតិខ្មែរម្នាក់ ដែលស្នាដៃរបស់គេផ្តោតលើ អារម្មណ៍ជ្រាលជ្រៅ ការតភ្ជាប់រវាងមនុស្ស និង បញ្ហាសង្គម។ ដោយមានមនោផ្នែកភាពមើលឃើញ ការនិពន្ធរឿងរបស់គេ ភាគច្រើនផ្អែកលើប្រធានបទអំពីភាពរងរបួស អត្តសញ្ញាណ និង ភាពអត់ធ្មត់។ តាមរយៈទស្សនយភាពភាពយន្ត និង សិល្បៈរូភាព រក្សាមានបំណងបង្កើតរឿងរ៉ាវជិតស្និទ្ធដែលជំរុញឱ្យអ្នកមើលគិត និងបង្កើតការប៉ះពាល់ចិត្តអ្នកទស្សនា។ 

សុខ ចាន់រ៉ាដូ

លោក សុខ ចាន់រ៉ាដូ គឺជាអ្នកដឹកនាំរឿងដែលមានទីលំនៅនៅរាជធានីភ្នំពេញ ហើយស្នាដៃរបស់លោកតែងតែរុករកនូវចំណុចប្រសព្វរវាងតថភាពសង្គម (Social Realism) និងការនិទានរឿងលំនាំបែបកំណាព្យ (Poetic Narrative)។ ការងារសិល្បៈរបស់លោកបានចាប់ផ្តើម នៅក្រោមការណែនាំរបស់សមិទ្ធិករភាពយន្ត លោក រិទ្ធី ប៉ាន់ នៅមជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា។ ទីនោះហើយដែលលោកបានអភិវឌ្ឍវិធីសាស្រ្តផ្ទាល់ខ្លួនមួយហៅថា ‘Neo-Documentarist’ ដែលវិធីនេះផ្តល់អាទិភាពលើការបង្ហាញបទពិសោធរស់នៅពិតៗ ជៀសជាងការរៀបចំទុកជាមុន។

លោក សុខ ចាន់រ៉ាដូ បានលេចមុខមាត់នៅលើឆាកអន្តរជាតិជាលើកដំបូងតាមរយៈខ្សែភាពយន្តរឿង «សំឡេងនៃរាត្រី, ២០២១» [Sound of the Night] ដោយរឿងនេះត្រូវបានជ្រើសរើសចាក់បញ្ចាំងជាលើកដំបូងនៅក្នុងផ្នែក Pardi di Domani នៃមហោស្រពភាពយន្ត Locarno ។ ក្រោយមក ខ្សែភាពយន្តនេះត្រូវបានជ្រើសរើសឱ្យចាក់បញ្ចាំងនៅក្នុងមហោស្រពជាង ៦០ នៅទូទាំងពិភពលោក។

ក្នុងនាមជាសិក្ខាកាមបញ្ចប់ការសិក្សាពីកម្មវិធី Asian Film Academy (ទីក្រុងប៊ូសាន ឆ្នាំ២០២២) និងវគ្គបណ្ដុះបណ្ដាលរបស់ Purin Pictures (ប្រទេសថៃ ឆ្នាំ២០២២) ភាពយន្តរបស់លោក ចាន់រ៉ាដូ​ រួមមាន៖ ភាពយន្តឯកសារខ្លីចុងក្រោយរបស់គាត់ដែលមានចំណងជើងថា «គ្មានចម្លើយ សម្រាប់អ្នកប្រយុទ្ធ, ២០២៦» [Don’t Ask Me Why I Fight] ឆ្លុះបញ្ចាំងពីអ្នកដឹកនាំភាពយន្តម្នាក់ដែលមានការប្តេជ្ញាចិត្តក្នុងការផ្តល់សំឡេងទៅកាន់ពិភពលោក តាមវិធីសាស្ត្របែបស្និទ្ធស្នាល ហើយពោរពេញដោយភាពតស៊ូនៃបរិបទកម្ពុជានាពេលសម័យបច្ចុប្បន្ន។​

រស់ សុគន្ធា

លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញខាងល្ខោនខោល ហើយលោកបានសម្តែងជាតន្ត្រីករអាជីពនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសចិន កាណាដា សិង្ហបុរី ទីក្រុងញូវយ៉ក និងប្រទេសជប៉ុន។ លោកធ្លាប់ជាអ្នកដឹកនាំតន្ត្រីសម្រាប់ការផលិតស្នាដៃ Here I Stand in Time នៅទីក្រុងភ្នំពេញ ដែលដឹកនាំដោយលោក Peter Chin សហការជាមួយលោកស្រី​ ជ័យ ច័ន្ទកិត្យា និងសិល្បករនៃអង្គការអម្រឹតាសិល្បៈ។

ទ្រី សុខារស្មី

នាងខ្ញុំបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ដោយមានចំណាប់អារម្មណ៍លើតម្លៃបេតិកភណ្ឌវប្បធម៌នៃសំណង់ពុទ្ធសាសនាខ្មែរ នាងខ្ញុំ និងសមាជិកក្រុម បានអនុវត្តនិក្ខេបបទស្រាវជ្រាវលើគម្រោង «ពិពិធភណ្ឌដ្ឋានពុទ្ធសិល្បៈសំណង់ព្រះវិហារពុទ្ធសាសនាមុនពាក់កណ្ដាលសតវត្សទី២០»។ តាមរយៈការសិក្សានេះ បានជំរុញឱ្យនាងខ្ញុំកាន់តែមានចំណាប់អារម្មណ៍លើការស្រាវជ្រាវ និងអភិរក្សសំណង់បេតិកភណ្ឌចំណាស់។ ទន្ទឹមនឹងនេះ នាងខ្ញុំក៏ធ្លាប់ទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងស្នាដៃរចនាគម្រោង «ក្រោមម្លប់ ២» ផងដែរ។


នាងខ្ញុំក៏ជាអតីតបេក្ខភាពជ័យលាភីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ឆ្នាំ២០២២ ដែលបានផ្តល់ការគាំទ្រលើការសិក្សាភាសាអង់គ្លេសទូទៅ។ ការទទួលបានការគាំទ្រនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជំនាញភាសាអង់គ្លេសរបស់នាងខ្ញុំ និងអនុញ្ញាតឱ្យនាងខ្ញុំអាចប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការសិក្សា និងស្រាវជ្រាវឯកសារផ្សេងៗ ជាពិសេសក្នុងវិស័យស្ថាបត្យកម្ម។