(បិទទួលពាក្យ) ប្រកាសជ្រើសរើសមូលនិធិ «ដំឡើងស្នាដៃថ្មី»

គម្រោងមូលនិធិដំឡើងស្នាដៃថ្មីក្នុងឆ្នាំ២០២៥នេះ នាំមកជូននូវមូលបទ «វិវត្ត»។ យើងសង្កេតឃើញថាអស់រយៈកាល ៥០ឆ្នាំមកហើយ បន្ទាប់ពីការដួលរំលំនៃទីក្រុងភ្នំពេញ​និងការចាប់ផ្តើមនៃរបបខ្មែរក្រហម។ គម្រោងមូលនិធិក្នុងឆ្នាំនេះ មានបំណងរំលេចរឿងរ៉ាវផ្សេងៗអំពី ការវិវត្តរបស់កម្ពុជាតាមរយៈសិល្បករ​បីជំនាន់។ នេះគឺជាឱកាសក្នុងការឧទ្ទិស និងចងចាំចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់នេះស្រប ពេលជាមួយគ្នានេះវាក៏ជាពេលវេលាដ៏សំខាន់ក្នុងការឆ្លុះបញ្ចាំង អំពីដំណើរការវិវឌ្ឍរបស់កម្ពុជាផងដែរ។ តើវិស័យសិល្បៈកម្ពុជាមានការ ផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះពីមួយជំនាន់ទៅមួយ ជំនាន់បន្ទាប់ពីសម័យកាលខ្មៅងងឹតនោះ? តើការបង្ហាញចេញនូវរឿងរ៉ាវផ្សេងៗតាមបែប សិល្បៈ​ (អំពីបរិស្ថាន នគរូប នីយកម្ម ។ល។ ជាទម្រង់ របាំ ល្ខោន តន្រ្តី​ ក្តី បានផ្លាស់ប្តូរយ៉ាងដូចម្តេចក្នុងបរិបទសង្គមដែលផ្លាស់ប្តូរឥត ឈប់ឈរនេះ?

ក្រោមប្រធានបទ «វិវត្ត» ​ពួកយើងសូមអញ្ជើញសិល្បករ សហគមន៍សិល្បៈ ដែលជាយុវជនជំនាន់ថ្មីដែលមានសក្ដានុពល និងទេព កោសល្យសិល្បៈឱ្យមកចូលរួមជាមួយពួកយើងក្នុងដំណើរស្វែងរកចម្លើយនិងអត្ថន័យ ដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើតាមរយៈការ បង្ហាញនូវស្នាដៃសិល្បទស្សនីយភាពដែលមានភាពច្នៃប្រតិដ្ឋនិងភាពចម្រុះ។

សម្រាប់ឆ្នាំ២០២៥នេះ មូលនិធិដំឡើងស្នាដៃថ្មីនៅតែរក្សារចនាសម្ព័ន ៣ស្រទាប់ដដែលមានដូចជា៖

មូលនិធិទី៣៖ «មូលនិធិសម្រាប់ការធ្វើបទបង្ហាញ» ថវិកាចំនួន ១០០០ដុល្លារអាមេរិក សម្រាប់ឱ្យអ្នកទទួលមូលនិធិយកទៅ ប្រើប្រាស់ដើម្បីដាក់បង្ហាញស្នាដៃនៅពេលបញ្ចប់

មូលនិធិទី១៖ «មូលនិធិសម្រាប់អនុវត្ដគម្រោង» ថវិកាចំនួន ៣០០០ដុល្លារអាមេរិក សម្រាប់ឱ្យអ្នកទទួលមូលនិធិយកទៅអនុវត្ត ដំណើរការនៃការដំឡើងស្នាដៃ

មូលនិធិទី២៖ «មូលនិធិសម្រាប់អ្នកប្រឹក្សាផ្នែកសិល្បៈ» ថវិកាចំនួន ១០០០ដុល្លារអាមេរិក សម្រាប់ឱ្យអ្នកទទួលមូលនិធិធ្វើការ ជាមួយអ្នកប្រឹក្សាផ្នែកសិល្បៈ

ពន្យាពេលទទួលពាក្យរហូតដល់ថ្ងៃទី ១២ ឧសភា​ ២០២៥

អ្នកទទួលបានមូលនិធិដំឡើងស្នាដៃថ្មីឆ្នាំ ២០២៥


សុខ ណាលីស

ណាលីស បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាសិល្បករដែលបានសម្តែងក៏ដូចជាដំឡើងស្នាដៃទាំងក្នុងស្រុក និងក្រៅស្រុកចាប់តាំងពីឆ្នាំ ២០០៧។ ក្នុងទសវត្សរ៍ទីពីរនៃអាជីពជាអ្នករាំ ណាលីសបានផ្លាស់ប្តូរចំណាប់អារម្មណ៍មួយចំនួនរបស់នាងទៅស្រាវជ្រាវទម្រង់សិល្បៈបុរាណដ៏ទៃទៀត ហើយតែងតែស្ញប់ស្ញែងគំរូវីរភាពនៃបុគ្គលសំខាន់ៗនៅក្នុងសិល្បៈ។ ណាលីស បន្ត​ពង្រីក​តួនាទី​របស់ខ្លួនក្នុង​វិស័យ​សិល្បៈ​ដោយ​មាន​ទស្សនៈ​ថា៖ «សិល្បៈ​ពិត​ជា​អាច​ជា​ឧបករណ៍​ដែល​បង្ហាញ​ពី​ភាព​ពិត​នៃ​សង្គម និង​រួម​ចំណែក​ដល់​ភាព​សុខដុម​ក្នុង​ប្រទេស​ជាតិ»។

ទន្លេក្រហម

វិចារ នឹងត្រូវបានដំឡើងនៅក្នុងទម្រង់ល្ខោនកំណាព្យដែលភាគច្រើនសម្តែងអំពីតថភាពក្នុងសង្គម មានលក្ខណៈអប់រំ និងពិរោះភាសា។ ស្នាដៃសិល្បៈក្រោមចំណងជើងថា វិចារ លើកឡើងអំពីដំណើរវិវដ្តរបស់កម្ពុជាចាប់តាំងពីការដណ្តើមបានអំណាចរបស់របបកម្ពុជាប្រជាធិបតេយ្យរហូតដល់បច្ចុប្បន្នតាមរយៈតួនាទីនិងឥទ្ធិពលរបស់បុគ្គលដែលមានតួនាទីសំខាន់ៗ។ ហេតុអ្វីបដិវត្តកំណត់យកសិល្បករ បញ្ញាវន្ត និងមូលធនជនជាមុខសញ្ញា? តើពួកគេមានឥទ្ធិពលយ៉ាងណាដល់ការក្រោកត្រឡប់មកវិញពីបាតដៃទទេរបស់មាតុភូមិកម្ពុជា? ស្នាដៃសិល្បៈវិចារ នឹងលាតត្រដាងឡើងនូវចម្លើយទាំងនេះ។

ក្រុមស្គរស្រ្ដីមេធា

មេធាជាក្រុមស្គរស្រ្ដីដំបូងគេនៅក្នុងប្រទេសកម្ពុជា។ មេធាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដែលធ្លាប់ស្ថិតក្នុងការគ្រប់គ្រងនិងជំនួយពីអង្គការសិល្បខ្មែរអមតៈពីមុនមក។ អ្វីដែលមេធាជម្នះគឺការមិនគាំទ្រពីសង្គមដែលគិតថាស្រ្ដីមិនអាចលេងឧបករណ៍ស្គរបាន ផ្នត់គំនិតមួយដែលដាក់គំនាបថាជាស្រ្ដីមិនសមនឹងធ្វើអ្វីដែលខុសពីទំនៀមទម្លាប់ខ្មែរ។ ដូច្នេះមេធាបានប្រើឧបករណ៍ភ្លេងខ្មែរ ជាសំឡេងដើម្បីផ្លាស់ប្ដូរ និងបង្ហាញពីសក្ដានុពលក្នុងនាមស្រ្ដីក្នុងសង្គមនិងសិល្បៈ។

ទន្លេក្រហម

សិល្បការនីក្រុមស្គរស្ត្រី ឆ្លងកាត់នូវសម័យកាល ៣ នៃជំនាន់កូវិត បន្សល់នូវបទពិសោធន៍ជីវិត ទាំងការតស៊ូ ភាពជ្រួលច្របល់ រន្ធត់ វង្វេង តែជំនះរហូតដល់ទីបំផុតជោគជ័យ ។ ក្រុមស្គរស្ត្រីចាប់ផ្ដើមពីការតស៊ូជាក្រុម តែត្រូវជួបប្រទះការរារាំងដ៏ធំនៃសម័យកូវិត ។ សង្គមបង្ខំឱ្យក្រុមសិល្បការនីទាំងអស់ បែកផ្លូវគ្នា និងបោះបងការសម្ដែងចោល ដោះដូរនឹងជិវិតរស់ដើម្បីជីវភាព។ តែសំឡេងសិល្បៈ បានធ្វើឱ្យនារីម្នាក់ក្លាហានចាប់ផ្ដើមឡើងវិញតែម្នាក់ឯង ។ អ្វីដែលនាងមិនដឹងនោះគឺទឹកចិត្តរបស់នាងបានជំរុញឱ្យក្រុមស្ត្រី ទាំងអស់ងើបឈឡើង តស៊ូសាជាថ្មីរហូតដល់ធ្វើឱ្យក្រុមស្គរស្ត្រី មានឈ្មោះបោះសំឡេងដ៏អស្ចារ្យ។

ចេង រតនា

ចេង រតនា ជាអ្នកនិពន្ធ និងប្រឡូកក្នុងវិស័យតែងនិពន្ធតាំងពីកុមារភាពមកម្ល៉េះ ដោយដំបូងឡើយ រតនាចាប់ផ្ដើមសរសេររឿងខ្លី និងក្រោយមក ក៏វិវត្តទៅជាប្រលោមលោកខ្លី និងកំណាព្យ។ លើសពីអក្សរសិល្ប៍ រតនាក៏ចូលចិត្តឈ្វេងយល់ពីសិល្បៈទម្រង់ផ្សេងៗទៀត ដូចជាភាពយន្ត តន្ត្រី របាំ និងល្ខោន។ បច្ចុប្បន្ន រតនាក៏ជាសិស្សនៅសាលាសិល្បៈសម្ដែង និងកំពុងឈ្វេងយល់កាន់តែស៊ីជម្រៅពីការសម្ដែង ការដឹកនាំ និងគំនិតច្នៃប្រតិដ្ឋថ្មីៗ ទាំងក្នុងភាពយន្ត និងល្ខោន។

ល្ខោនសហសម័យ
«សំឡេងខ្ទរគ្មានទីបញ្ចប់៖ ហេមជាតិ»

ល្ខោនសហសម័យ “សំឡេងខ្ទរគ្មានទីបញ្ចប់៖ ហេមជាតិ” ជាដំណើររុករកអនុស្សាវរីយ៍ ជីវិត និងសេចក្ដីស្នេហា ក្នុងអគារប្រវត្តិសាស្ត្រដ៏ចំណាស់មួយកណ្ដាលក្រុងភ្នំពេញ ដោយឆ្លងកាត់អតីតកាលដ៏រុងរឿង ភាពខ្មៅងងឹត និងបច្ចុប្បន្នកាលប្រកបដោយភាពស្រពេចស្រពិល។ ដំណើររុករកនេះបានក្លាយជាស្ពានផ្សារភ្ជាប់រឿងរ៉ាវទាំងអស់នេះ ជាមួយនឹងសុទិដ្ឋិនិយមមួយគឺ “ព្រលឹងសិល្បៈមិនស្លាប់ទេ”។

ព្រហ្ម វល័ក្ខណ៍

ព្រហ្ម វល័ក្ខណ៍ ជាអ្នកសម្តែងមួយរូប, កំពុងតែដុសខាតខ្លួនឱ្យទៅជាអ្នកដឹកនាំឆាក, ដែលមានការជាប់ចិត្តចំពោះ ល្ខោនឯកសារ (បានទទួលការបណ្ដាលចិត្តពីស្នាដៃ របស់តារាសម្តែង អ្នកនិពន្ធរឿង និង សាស្រ្តាចារ្យជាតិអាមេរិកាំង នាម Anna Deavere Smith) ដែលជាទម្រង់មួយបែបមានរូបភាពជា ល្ខោនផង, ការសម្ដែងសិល្បៈផង, និង ថោមទេសន៍ផង។ ដោយចម្រាញ់ចេញពី អក្សរសិល្ប៍ខ្មែរ និង វិវេចនាអក្សរសិល្ប៍, ស្នាដៃដែលកំពុងតែបង្កើតរបស់ វល័ក្ខណ៍ មានចំណងជើងថា គុណតម្លៃយើង ជាគម្រោងមួយដែលពិនិត្យទៅលើ ភាពធន់និងភាពងាយរងគ្រោះនៃរាងកាយរបស់មនុស្សស្រី និង ទំនាក់ទំនងរវាងរាងកាយនោះ និង «ច្បាប់» និង ភាព(អ)យុត្តិធម៌។

សោកនាដកម្មកាកី

សោកនាដកម្មកាកី (ជាចំណងជើងព្រាងមួយ ដែលកំពុងឋិតក្នុងដំណាក់កាលធ្វើបញ្ញត្តកម្ម) គឺជាគម្រោងទស្សនីយភាពបែបអន្តរវិជ្ជា ដែលពិនិត្យទៅលើ ភាពធន់និងភាពងាយរងគ្រោះនៃរាងកាយរបស់មនុស្សស្រី និង ទំនាក់ទំនងរវាងរាងកាយនោះ និង «ច្បាប់» និង ភាព(អ)យុត្តិធម៌។ គម្រោងនេះមានបំណង គាស់កកាយនូវ សំឡេងរបស់មនុស្សស្រីទាំងឡាយណា ដែលបានកប់លិចនៅក្នុងអក្សរសិល្ប៍ខ្មែរ ហើយគម្រោងនេះក៏មានច្របាច់បញ្ចូលផងដែរនូវ សំឡេង បទពិសោធន៍ និង រឿងរ៉ាវ របស់មនុស្សស្រីខ្មែរសម័យថ្មី ដែលបានចែកចាយលើណ្ដាញសង្គម។ ដោយដកស្រង់ចេញពីស្នាដៃអក្សរសិល្ប៍ខ្មែរឆ្នាំ១៨១៥មួយដ៏ល្បីល្បាញ មានចំណងជើងថា នាងកាកី ដែលជាស្នាព្រះហស្ដនៃព្រះបាទអង្គឌួង និង បទវិភាគរបស់បណ្ឌិត វ៉ាន់ ឌីកាអុន ចំពោះប្រលោមលោកនេះ, ឈុតឆាករបស់ សោកនាដកម្មកាកី នេះ នឹងបានត្រូវតាក់តែងឡើងដោយ ប្រើបច្ចេកទេសនិទានរឿង «ដើរផងនិយាយផង» (ខ្ចីពីអក្ខរនាដករ នាម Aaron Sorkin, បច្ចេកទេសនេះបានត្រូវរចនាឡើង ដើម្បីធ្វើឱ្យឆាកមានអារម្មណ៍ថា មានកម្លាំង ភាពប្រញិបប្រញាប់ និង ការបណ្ដាក់គ្នា) និង ដោយការច្របាច់បញ្ជូលផងដែរនូវ ការផ្សាយបន្តផ្ទាល់ (ប្រើម៉ាស៊ីនថត), ការចាក់បញ្ចាំងស្លាយ (វីដេអូ បណ្ណសារ និង ខ្សែអាត់ផ្សេងៗ), ការរាំ និង តន្រ្តី។ គម្រោងនេះ មានចេតនាយក អក្សរសិល្ប៍ខ្មែរដែលនិទានតាមឬពីនិទស្សន៍មនុស្សប្រុស (មិនថាជាស្ដេច ជាអ្នកសរសេរ ឬ អ្នកបរិយាយ)មក «ចារឡើងវិញ» កសាងឡើងវិញ និង និទានឡើងវិញ តាមរយៈឬចេញពីនិទស្សន៍របស់មនុស្សស្រី។ ដូចដែលយើងបានដឹងហើយថា ខ្មែរយើងតែងយកពាក្យ កាកីនេះ មកប្រៀប (ឬមានវេវចនភាព)ទៅនឹង ស្រ្តីដែលផិតក្បត់ មិនស្មោះត្រង់ ឬ ស្ត្រីដែលសង្គមមិនឱ្យតម្លៃ ព្រោះអំពើ«មិនខ្មាសអៀន» របស់ខ្លួន។ ក្នុងន័យនេះ សោកនាដកម្មកាកី មានបំណងចង់ តតាំង និង បង្កភាពស្មុគស្មាញបន្ថែមដល់ រូបភាពដែលសង្គមខ្មែរតែងតែឃើញពេលគិតអំពីពាក្យកាកីម្ដងៗ តាមរយៈការនាំយកនូវ សំឡេងនិងសាច់រឿងនៃជីវិតពិតរបស់មនុស្សពិត មកដាក់បង្ហាញនៅលើឆាក ហើយ ដូចនេះ នាំឱ្យមានពិសោធន៍ទស្សនីយភាពដ៏ប្លែកមួយ ដែលនឹងជំរុញឱ្យមាន ការសន្ទនានិងការពិភាក្សាគ្នា។

អ្នកទទួលបានមូលនិធិដំឡើងស្នាដៃថ្មីឆ្នាំ ២០២៤


យ៉ូន មុនដែត

យ៉ូន មុនដែត មានអាយុ២៥ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិផាវ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ខ្ញុំជាជនជាតិដើមភាគតិចព្រៅ (ប្រូវ)​ ខ្ញុំមានបងប្អូន៥នាក់ក្នុងគ្រួសារ។ ខ្ញុំបានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ ២០១៧ នៅខេត្តរតនគិរី។  ឥឡូវនេះ ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ ផ្នែកតូរ្យតន្ត្រី​ លើជំនាញហ្គីតាក្លាស៊ិក។ ខ្ញុំសម្រេចចិត្ត រៀនជំនាញនេះ ព្រោះខ្ញុំចង់ក្លាយជា សិល្បៈក  អ្នកនិពន្ធ ចម្រៀង និងជាគ្រូបង្រៀនតន្ត្រី។ ខ្ញុំ ចង់ប្រើជំនាញនេះ ដើម្បីលើកកម្ពស់ និងអភិរក្សតន្ត្រីប្រពៃណីរបស់ជនជាតិដើមភាគតិច​ និងតន្ត្រីប្រពៃណីខ្មែរផងដែរ ។

វីរៈ វិនិច

វីរៈ វិនិច ជាតារាសម្ដែងអាជីព និងជាអ្នកដឹកនាំរឿងនៅក្នុងប្រទេសកម្ពុជា។ នាងក៏ធ្វើការជាទីប្រឹក្សាបច្ចេកទេសផ្នែកទំនាក់ទំនងការផ្លាស់ប្តូរឥរិយាបថសង្គមសម្រាប់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយផងដែរ។ នាងបានហ្វឹកហាត់ជាតារាសម្តែងអាជីពនៅសាលាសិល្បៈសម្តែង (The Acting Art Academy) រយៈពេល២ឆ្នាំ ដែលនាងទទួលបានឱកាសសម្តែង និងបទពិសោធន៍ជាច្រើនក្នុងការសម្តែងសិល្បៈ។ ដើម្បីស្វែងយល់ស៊ីជម្រៅក្នុងសិល្បៈ និងភាពយន្ត នាងបានសាងពីចំណង់ចំណូលចិត្ត និងការតាំងចិត្តក្នុងការសរសេរ និងការដឹកនាំ។ នាងសង្ឃឹមថានឹងឃើញមានការរីកចម្រើនរបស់សិល្បករខ្មែរវ័យក្មេង និងថាមពលរួមតាមរយៈការងាររបស់នាង។

គឹម​ សុជាតិ

គឹម​ សុជាតិគឺជាសមាជិកក្រុមរបស់រាំរបស់អង្គការអេពិកអាត​ ខេត្តកំពត។ ពេលឥលូវនេះគាត់កំពុងតែបន្ដបេសកម្ម​ជាអ្នករបាំសហសម័យមួយរូបផងដែរ។ គាត់ពេញចិត្តជាខ្លាំងក្នុងការក្លាយជាអ្នករបាំសហសម័យដែលមានពិការភាពមួយរូបនៅក្នុងប្រទេសកម្ពុជា។ គាត់ព្យាយាមបន្ដការងារមួយនេះ​ ដោយសារតែគាត់មានបំណងចង់លើកស្ទួយវិស័យពិការភាព​ ក្នុងវិស័យសិល្បៈអោយមានភាពទូលំទូលាយសម្រាប់បងប្អូនមានពិការ។

វង្ស វណ្ណៈ

លោក វង្ស វណ្ណៈ ជាសិល្បករអាជីពដែលការងារប៉ិនប្រសប់របស់គាត់រួមបញ្ជូលនូវការរចនា ការសម្តែង  ការដឹកនាំសិល្បៈ និងការផ្ទេរចំណេះដឹងដល់ក្មេងជំនាន់ក្រោយផងដែរ។ សព្វថ្ងៃគាត់ជាគ្រូបង្ហាត់សៀកនៅសាលាមធ្យមវិចិត្រសិល្បៈ និង ជាគ្រូបង្រៀនម៉ោងមុខវិជ្ជាតុបតែងសំលៀកបំពាក់នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ វណ្ណៈបានចូលរួមយ៉ាងសកម្មក្នុងវិស័យសិល្បៈទស្សនីយភាព និងការច្នៃម៉ូតសំលៀកបំពាក់ដែលគាត់មានគោលបំណងចូលរួមផ្សព្វផ្សាយ​ អភិរក្សនិងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរអោយមាននិរន្ត៍ភាព និងចង់បណ្តុះមនសិកាធនធានមនុស្សជំនាន់ក្រោយអោយមានចំណេះដឹងប្រកបដោយគុណភាពនៅក្នុងបរិបទសង្គមបច្ចុប្បន្ន។


រៀបចំដោយ៖

ផ្ដល់មូលនិធិដោយ៖


តាមដានព័ត៌មាន៖