កម្មវិធីរដូវវប្បធម៌ ២០១៨ «ការស្វែងរកអត្តសញ្ញាណ»

នៅ​ក្នុង​ដំណាក់​កាល​វិវត្តឥត​ឈប់ឈរ​នៃ​សង្គម​មនុស្ស តើ​យើង​អាច​កំណត់​អត្តសញ្ញាណ​ខ្លួន​ឯង​បាន​ដោយ​របៀបណា? តើ​យើង​មាន​ប្រតិកម្មតប​ទៅ​នឹង​បម្រែបម្រួល​ប្រវត្តិសាស្ដ្រ វប្បធម៌ និង​ទីតាំង​ភូមិ​សាស្ដ្រ​យ៉ាង​ដូចម្ដេច? តើ​ការ​យល់​ឃើញ​របស់​យើង​អត្តសញ្ញាណ​កម្ពុជា​បានរួម​បញ្ចូល​អ្នក​ទាំង​អស់​គ្នា​ដែរ ឬទេ? តើ​អ្នកគិតថា​ កម្ពុជា​ជា​ប្រទេស​មួយ ដែល​មាន​ពហុវប្បធម៌ ឬ​ទេ? សិល្បៈខ្មែរអមតៈ ពិតជា​មាន​សេចក្ដីសោមនស្ស​សូម​ចាប់​ផ្ដើម​កម្មវិធី «រដូវវប្បធម៌» ជា​លើក​ទី​មួយ។ កម្មវិធី​នេះ​នឹង​កើត​មាន​ឡើង​ក្នុង​រយៈ​ពេល​បីខែ រួមមាន ការសម្ដែង កិច្ច​ពិភាក្សា ការ​បញ្ចាំង​ភាពយន្ដ ពិព័រណ៍ និង​សិក្ខា​សាលា​ពី​ខែ​កក្ដដា ដល់​ខែកញ្ញា ឆ្នាំ២០២៨ ប្រធានបទ «ការស្វែងរកអត្តសញ្ញាណ»។ គោល​បំណង​នៃ​កម្មវិធី គឺ​បំផុស​សំណួរ​ក្នុង​ចំណោម និង​រវាង​ទស្សនិកជន ជា​មួយសិល្បករ ព្រមទាំង​ជំរុញ​ឲ្យ​មានការ​ជជែក​ពិភាក្សា ទៅលើ​ការ​យល់​ឃើញ​របស់ពួក​គេ​ជុំវិញ​ពាក្យ «អត្តសញ្ញាណ» ជា​ពិសេស​អំពី «អត្តសញ្ញាណ​កម្ពុជា»។

យើង​ជឿ​ជាក់​ថា រដូវវប្បធម៌នេះ​នឹង​ជា​កម្មវិធី​ដ៏​មាន​សារៈ​សំខាន់ និង​អាច​ញុាំងចិត្តអ្នក​គ្រប់គ្នា។ សូម​ចូលរួម​កម្មវិធី​នេះ​ទាំង​អស់គ្នា​ជា​មួយយើង និង​សាក​ល្បង​គិតអំពី «អត្តសញ្ញាណ» របស់​យើង!

កម្រងរូបភាពពីកម្មវិធីរដូវវប្បធម៌ឆ្នាំ ២០១៨