ព្រឹទ្ធាសិល្បៈ កោសល្យវោហារ គង់ ណៃ «ទម្រង់ ចាប៉ីដងវែង»

ចំណេរកាលកន្លងផុតទៅប្រជាជនខ្មែរពិតជាធ្លាប់បានលឺពីសំលេងឧបករណ៍តន្ត្រីមួយដែលបាន បំពេរដោយមានការច្រៀងលោមជាមួយពាក្យកាព្យដ៏មានអត្ថន័យទៅតាមរសនិយមនៃសិល្បករនីមួយៗ។

ចាប៉ីជាឧបករណ៍តន្ត្រីខ្មែរមួយក្នុងចំណោមឧបករណ៍តន្ត្រីបុរាណខ្មែរទាំងអស់ដែលមានអាយុកាលយូរលង់ណាស់មកហើយ។ ទៀតសោតឧបករណ៍មួយនេះតែងមានវត្តមានក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងមហោរី ឬវង់ភ្លេងអារក្សជាដើម តែកាន់តែសំបូរបែបទៀតនោះឧបករណ៍នេះ ប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យផងដែរ។

ក្នុងរយៈពេលជិត ៨ ទសវត្សរ៍មកនេះ នៅពេលគេនិយាយដល់ឧបករណ៍ចាប៉ីដងវែង គេនឹងនឹកដល់សិល្បករឆ្នើមមួយរូបដែលត្រូវបានគេប្រសិទ្ធនាមថាជា លោកព្រឹទ្ធាចារ្យសិល្បៈ កោសល្យវោហារ គង់ ណៃ

ព្រឹទ្ធាចារ្យសិល្បៈ កោសល្យវោហារ គង់ ណៃ ជាតន្ត្រីករផ្នែកចាប៉ីដងវែងល្បីល្បាញមួយរូបទាំងនៅលើឆាកជាតិ និងឆាកអន្តរជាតិ ។ លោក ប្រសូតនៅឆ្នាំ ១៩៤៥ ក្នុងខេត្តកំពត។ ភ្នែកទាំងពីររបស់លោកបានពិការនៅពេលលោកអាយុ៤ឆ្នាំដោយជំងឺអុតធំ។លោកបានរៀនចាប៉ីដងវែងពីឳពុកធំរបស់លោកឈ្មោះ គង់ ទិត ដែលកាលនោះលោកមានអាយុ១៣ឆ្នាំ ។ បើទោះបីជាលោកពិការភ្នែកក៏ពិតមែន តែនេះមិនមែនជាឧបសគ្គដែលអាចរាំងស្ទះចំពោះឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់លោកជាមួយសិល្បៈតន្ត្រីនេះឡើយ។បន្ទាប់ពីបានហ្វឹកហាត់ជាមួយឪពុកធំ របស់លោកកន្លងទៅរយះពេល៨ឆ្នាំលោកក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈទេពកោសល្យ ផ្នែកចាប៉ីដងវែង នៅអាយុ ១៩ ឆ្នាំ។

ដោយភាពប៉ិនប្រសព្វលើទំនុកច្រៀង ឃ្លោងឃ្លាក្លែមឥតទាស់នោះ នៅក្នុងឆ្នាំ ១៩៨២ លោក ក៏ទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត ហើយក្រោយមក ក្នុងឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជធានីភ្នំពេញបន្ថែមទៀត។ មិនយូរប៉ុន្មាន ក្នុងឆ្នាំ ២០០១ លោកក៏បានទទួលវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល ផងដែរ។

១ឆ្នាំ ក្រោយមក នៅឆ្នាំ២០០២លោកទទួលបានវិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួចរំលងបាន៥ឆ្នាំ នៅឆ្នាំ ២០០៧ លោកបានទទួលគ្រឿងឥស្សរិយយសម្ដងទៀតពី រដ្ឋាភិបាលហើយនៅឆ្នាំ២០១២លោកក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាន នាមថាកោសល្យវោហារ គង់ណៃ។ ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ លោកព្រឹទ្ធាចារ្យក៏ ទទួលបាន​ពាន​រង្វាន់​សិល្បៈ​ និង​វប្បធម៌​ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបាន​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​១៩៩០ នៅ​ទីក្រុង​ហ្វូគុអុ​កាប្រទេស​ជប៉ុន សម្រាប់​ផ្តល់​ជូន​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​តំបន់​អាស៊ី ពាក់ព័ន្ធ​ផ្នែក អប់រំ សិល្បៈ និង​វប្បធម៌ ក្នុងឆ្នាំ២០១៧ ទៀតផងដែរ។

គួរំលឹកព្រឹទ្ធាចារ្យសិល្បៈ គង់ ណៃ គឺជាព្រឹទ្ធាចារ្យដំបូងគេដែលបានចូលរួមក្នុងកម្មវិធីព្រឹទ្ធាចារ្យសិល្ប:សម្តែងក្នុងឆ្នាំ ២០០៣ របស់អង្គការសិល្បៈខ្មែរអមតៈ។ កាលនោះយើងបង្កើតកម្មវិធីនេះឡើងក្នុងគោលដៅដើម្បីធានាឲ្យបានថាចំណេះដឹងសិល្ប:របស់ព្រឹទ្ធាចារ្យសិល្ប:ដែលនៅរស់រានមានជីវិតក្រោយរបបខ្មែរក្រហមត្រូវបានផ្ទេរទៅកាន់ក្មេងជំនាន់ក្រោយ។ ឥឡូវនេះអស់រយៈពេល ២១ ឆ្នាំហើយដែលព្រឹទ្ធាចារ្យ គង់ ណៃ បានចូលរួមជាមួយយើង ហើយយើងក៏នៅតែបន្តគាំទ្រគាត់រហូតមកទល់ពេលបច្ចុប្បន្ន។

ដោយជរាភាព សព្វថ្ងៃលោកមិនបានបង្ហាត់បង្រៀនទៀតនោះឡើយ។ លោកក៏មានសិស្សរបស់លោកម្នាក់ឈ្មោះ ពេជ្រ សារ៉ាត ដែលបច្ចុប្បន្នក៏កំពុងបន្តវេនពីលោក ក្នុងការបង្រៀនទម្រង់ចម្រៀងចាប៉ីដងវែងនេះទៅដល់អ្នកជំនាន់ក្រោយទៀតផងដែរ។

ពេលវេលាកាន់តែទៅមុខ ចំណែកឯវ័យរបស់ ព្រឹទ្ធាចារ្យសិល្បៈ កោសល្យវោហារ គង់ ណៃ ក៏កាន់តែជ្រេបនិ្តិចម្តងៗ។ ប៉ុន្តែការលះបង់យ៉ាងធំធេងរបស់លោកចំពោះវិស័យសិល្បៈវប្បធម៌នៅកម្ពុជាបានបន្សល់ទុកនូវកេរដំណែល និងស្នាដៃតជំនាន់។

លោកពិតជាបានផ្តល់នូវការចងចាំដែលដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាអំពីទេពកោសល្យដ៏អស្ចារ្យរបស់លោក ព្រមទាំងបានពាំនាំនូវអត្ថន័យ គុណតម្លៃ និងភាពសម្បូរបែបនៃ

សិល្បៈតន្ត្រីរបស់បុព្វបុរសខ្មែរដែលបានបន្សល់ឲ្យកូនចៅជំនាន់ក្រោយយ៉ាងច្រើនក្រាស់ក្រែលរហូតមក ដល់ពេលបច្ចុប្បន្ននេះ។