ព្រឹទ្ធាចារ្យវីរៈសិល្បការិនី ទេព ម៉ារី «ទម្រង់ ពិណពាទ្យ»

បើនិយាយរៀបរាប់អំពីវង់ភ្លេងបុរាណខ្មែរ អ្នកនឹងនឹកឃើញដល់វង់ភ្លេងពិណពាទ្យមុនគេ ព្រោះគេតែងនិយមយកភ្លេងនេះ ប្រគុំកំដរក្នុងកម្មពិធីផ្សេងៗជារឿយៗ។

ភ្លេងពិណពាទ្យ គឺជាគ្រឿង​តន្ត្រី​សម្រាប់​វាយ ដំ ផ្លុំ រួម​ផ្គុំ​គ្នា​បង្កើតបានជា​វង់មួយ ដែល​មាន​អង្គ ៥ គឺ​មាន​វាទ្យ​ភណ្ឌ (គ្រឿង​ភ្លេង) ប្រាំ​ឈ្មោះ​គឺ​មាន​រនាត​មួយ ឬ​មាន​រនាត​បី គឺ​រនាត​ឯក​១ រនាត​ធុង​១ រនាត​ដែក​១, មាន​គង​វង់​មួយ​វង់ ឬ​មាន​គង​វង់​ពីរ​វង់ គឺ​គង​វង់​ធំ​១ វង់ គង​វង់​តូច​១​វង់, មាន​ស្រឡៃ​១ មាន​សម្ភោរ​១ មាន​ស្គរ​ធំ​ពីរ រួម​គ្នា​ជា។

យោងតាមតំណាលតគ្នា ភ្លេងពិណពាទ្យ មានប្រភពដើមនៅកំឡុងសម័យហ្វូណន ខណៈពេលក្រុមនោះ ត្រូវបានគេហៅថា ពិណបាង និងប្រើប្រាស់ឧបករណ៍ហៅថាពិណ ដែលគេជឿថាបានផ្សព្វផ្សាយមកពីប្រទេសឥណ្ឌា។ លុះ​ចំណេរ​កាល​ត​មក ខ្មែរ​យើង​បំបាត់ ពិណ ចេញ​មិន​បញ្ចូល​ក្នុង​វង់​ភ្លេង​នេះ ប៉ុន្តែ​ភ្លេង​ប្រភេទ​នេះ​នៅ​តែ​មាន​ឈ្មោះ​ថា ពិណពាទ្យ ដូច​ដើម​ដដែល ហើយបច្ចុប្បន្នក្រុមភ្លេងពិណពាទ្យគឺជាក្រុមវង់ភ្លេងព្រះរាជវាំង។ ទម្រង់ភ្លេងមានច្រើនបទដែលគេយកមកលេងក្នុងពិធីផ្សេងៗដូចជា៖ ព្រះរាជពិធីបួងសួង ទទួលក្បួនទ័ព ព្រះរាជពិធីច្រត់ព្រះនង័្គល របាំទេពមនោរម្យ របាំអប្សរា ល្ខោនខោល ល្ខោនស្បែកតូច ល្ខោនស្បែកធំ ល្ខោនរឿងរៀមកេរ្តិ៍ បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិនទាន បុណ្យផ្កា បុណ្យបញ្ចុះខន្ធសីមា។ល។

ទន្ទឹមនឹងនេះ យើងក៏មិនអាចរំលងនូវវត្តមានបុគ្គលសំខាន់មួយរូប ដែលបានរួមចំណែកយ៉ាងសកម្មធ្វើឱ្យវង់ភ្លេងពិណពាទ្យមានភាពរស់រានដល់សព្វថ្ងៃ នោះគឺព្រឹទ្ធាចារ្យវីរៈសិល្បការិនី ទេព ម៉ារី។ 

តន្ត្រីការិនីទេព ម៉ារី ហៅទូច ប្រសូតនៅឆ្នាំ ១៩៣៣ មានស្រុកកំណើតនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជាឧបនិស្ស័យទាំងវ័យក្មេង កុមារី ម៉ារី បានចាប់ផ្ដើមរៀនភ្លេងបុរាណតាំងពីអាយុ១១ឆ្នាំ ជាមួយឪពុកមាគឺលោកគ្រូ យ៉ា ឡុង។ ក្រោយមកលោកគ្រូបានផ្លាស់ទៅបង្ហាត់ភ្លេងនៅក្នុងព្រះបរមរាជវាំង កុមាររូបនេះផ្តាច់ប្តូរបន្តដេញតាមក្តីស្រមៃ បានសុំទៅជាមួយឪពុកមាដើម្បីបានសិក្សារៀនសូត្រភ្លេងបន្ថែម។ ការអត់ធ្មត់តាំងចិត្តខិតខំស្រូបវិជ្ជាអស់ជាច្រើនឆ្នាំ ទើបគាត់មានឯកទេសយ៉ាងចំណាន ចេះលេងគ្រប់ឧបករណ៍ភ្លេងទាំងអស់ក្នុងវង់ភ្លេងពិណពាទ្យ។  មិនតែប៉ុណ្ណោះគាត់បានក្លាយជាតន្ត្រីការិនីប្រចាំព្រះបរមរាជវាំង និងជាមិត្តរួមអាជីពជាមួយ ព្រឹទ្ធាចារ្យវីរៈសិល្បករ ឯក សុន។

ឆ្លងផុតស្បៃអន្ធិកានៃរបបខ្មែរក្រហម ព្រឹទ្ធាចារ្យម៉ារី មិនដែលបោះបង់ក្តីស្រលាញ់នោះចំពោះសិល្បៈភ្លេងបុរាណនោះឡើយ។ គាត់បានវិលត្រលប់មកកាន់ភ្នំពេញ ដើម្បីសិក្សាភ្លេងបន្ត និងបានចូលរួមហាត់ល្ខោនស្រមោលស្បែកធំ ជាមួយព្រឹទ្ធាចារ្យវីរៈសិល្បករ ទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន។ 

នៅឆ្នាំ ២០០៣ អង្គការសិល្បៈខ្មែរអមតៈ បានអញ្ជើញព្រឹទ្ធាចារ្យ ម៉ារី ចូល​រួមក្នុងកម្មវិធីព្រឹទ្ធាចារ្យសិល្ប:សម្តែង។ គំនិតផ្តួចផ្តើមដ៏សំខាន់បំផុតដែលបានបង្កើតកម្មវិធីនេះឡើង គឺក្នុងគោលបំណងដើម្បីធានាឲ្យបាននូវចំណេះដឹងនៃសិល្ប:គ្រប់ទម្រង់របស់ព្រឹទ្ធាចារ្យសិល្ប:នានា ដែលនៅរស់រានមានជីវិតក្រោយរបបខ្មែរក្រហម និងផ្ទេរចំណេះជំនាញ់ទាំងនោះទៅកាន់កូនចៅជំនាន់ក្រោយៗទៀតដើម្បីជួយបន្តផ្សព្វផ្សាយសម្បត្តិវប្ប​ធម៌ជាតិ ។

ក្នុងជម្មាយុ៨៧ឆ្នាំ ព្រឹទ្ធាចារ្យ ទេព ម៉ារី បានមានប្រសាសន៍ថា «បើអាចត្រលប់ពេលវេលាថយក្រោយបានលោកនៅតែបន្តរើសយកវិថីនេះ ព្រោះគាត់ស្រលាញ់សិល្បៈខ្លាំងណាស់ ជាពិសេសគឺភ្លេងពិណពាទ្យនេះ»។ ហើយលោកថែមទាំងពោលដោយទឹកមុខស្រពាប់ស្រពោន ព្រោះលោកមានការសោកស្តាយដែលមិនអាចបន្តបង្រៀនសិស្សបានទៀត ត្បិតស្ថិតក្នុងជរាភាពហើយក្តី។ 

នៅថ្ងៃសៅរ៍ ទី៩ ខែតុលា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ឆ្នាំ ព្រឹទ្ធាចារ្យ ទេព ម៉ារី បានទទួលមរណភាព ដោយជរាពាធ។

ការចាក់ចេញរបស់ព្រឹទ្ធាចារ្យ ទេព ម៉ារី គឺជាការបាត់បង់នូវធនធានដ៏សំខាន់មួយនៃទម្រង់សិល្បៈតន្រ្តីបុរាណ។ ព្រោះកាលលោកនៅមានជីវិត លោកតែងចិញ្ចឹម និងបណ្ដុះបណ្ដាលភ្លេងពិណពាទ្យ ដល់ក្មេងកំព្រា និងក្មេងក្រីក្រ។ គាត់បានបន្សល់ទុកសមិទ្ធិផលជាច្រើន រួមទាំងកិត្តិសព្ទ និងចំណេះជំនាញដល់កូនសិស្សលោកជាច្រើនរាប់មិនអស់ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ មិនអាចកាត់តម្លៃបាន។