អ្នកទទួលបានមូលនិធិដាំដុះឆ្នាំ ២០២២

ហ៊ុល កញ្ញា

កើតនៅឆ្នាំ ១៩៩៩ នៅសៀមរាប នាងជាសិល្បករ បច្ចុប្បន្ននាងកំពុងបន្តការសិក្សាថ្នាក់ភាសាអង់គ្លេសនៅសកលវិទ្យាល័យ។ស្នាដៃរបស់នាងក៏ស្នើឱ្យមានការផ្លាស់ប្តូររវាងតួនាទីរៀងៗខ្លួននៅក្នុងសង្គម និងតំណាងឱ្យវាជាការឆ្លុះបញ្ចាំងខ្លួនឯង។ ស្នាដៃសិល្បៈពហុជំនាញរបស់នាង ភាគច្រើនរួមបញ្ចូលការថតរូបជាមួយការគូរគំនូរ ការកាត់ក្រដាស។

គម្រោង ទស្សនៈស្ត្រី

មានគោលបំណងឆ្លុះបញ្ចាំងពីសំឡេងរបស់ស្ត្រី និងចង់ឲ្យស្វែងយល់ អំពីផ្នត់គំនិតទាក់ទងនឹងវប្បធម៌ប្រពៃណីមកលើស្ត្រីខ្មែរតាំងពីបុរាណកាលនិងបន្តជះឥទ្ធិពលយ៉ាងខ្លាំងដល់សេរីភាពនៃការបញ្ចេញមតិរបស់ស្ត្រីនាពេលបច្ចុប្បន្ន។

ការយល់ឃើញដែលថាស្ត្រីមិនមានសមត្ថភាពក្នុងការបំពេញការងារផ្សេងៗបានល្អ ជាងការធ្វើជាស្ត្រីមេផ្ទះ បានក្លាយជាពាក្យស្លោកខ្លីនៅក្នុងសង្គមកម្ពុជា ដែលនៅតែមានឥទ្ធិពល លើស្ត្រីខ្មែរភាគច្រើន។ ក្នុងនាមសិល្បករ ខ្ញុំចង់ស្វែងរកការគាំទ្រពីស្ត្រីទូទៅ ដើម្បីបង្ហាញអារម្មណ៍ របស់ពួកគេ ដើម្បីស្វែងរកវិធីបង្វែរគំនិតអវិជ្ជមានទាំងនោះចេញ។

ភូ ហ្សង់-បាទីស្ត៍

គឺជាអ្នកនិពន្ធ អ្នកដឹកនាំរឿងល្ខោន និងអ្នកសម្តែង ជនជាតិខ្មែរ-បារាំង។ ស្នាដៃល្ខោនដំបូងរបស់គាត់គឺរឿង ស្រុកខ្មែរ, នេះហើយខ្ញុំ! Cambodia, Here I Am! ដែលបានសម្តែងនៅប្រទេសបារំាង និង កម្ពុជា ចន្លោះឆ្នាំ ២០១១ និង ២០១២ត្រូវបានបោះពុម្ពជា ភាសាបារាំង និង ភាសាខ្មែរ ក្នុងឆ្នាំ២០១៧។

គម្រោង ភាសារម្តាយខ្ញុំ

គឺសា្នដៃល្ខោនសំឡេង ដែលនិយាយពីបញ្ហាទំនាក់ទំនងរវាងម្តាយនិងកូនប្រុសដែលមិននិយាយភាសារដូចគ្នា។ ជាស្នាដែដែលនិពន្ធជាភាសារបារំាង នឹងត្រូវបានរបកប្រែជាភាសារខ្មែរនិងអង់គ្លេសសម្រាប់ធ្វើការបង្ហាញនៅវិទ្យាស្ថានភាសារបារំាងនៅខែមិនា ឆ្នាំ ២០២២។

ទីវ ស៊ីម

គឺជាជនជាតិទំពួនកាត់គ្រឹង ដែលកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តរតនគិរី ក្រោមជំនួយឧបត្ថម្ភពីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន។ លោកធ្លាប់ជាអ្នកសម្របសម្រួលការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីលើការងារកសិកម្ម អប់រំ សុខភាព បរិស្ថាន និងវប្បធម៌ និងសម្របសម្រួលក្រុមសិស្សជនជាតិដើមភាគតិចក្រីក្រចម្រុះចំនួន៣៦នាក់ឲ្យបន្តការសិក្សានៅក្នុងខេត្តរតនគិរី។ សព្វថ្ងៃលោកជាស្ថាបនិកបង្កើតកន្លែងស្នាក់នៅរបស់សិស្ស និងកន្លែងកំសាន្តវប្បធម៌ជនជាតិដើមភាគតិចនិងកសិកម្មគំរូនៅខេត្តរតនគិរី ដែលលោកប្រើប្រាស់បាន៦ភាសារួមមាន ទំពួន គ្រឹង ខ្មែរ អង់គ្លេស ព្រៅ និងកាវ៉ែត។ លោកក៏ជាអ្នកសម្របសម្រួលការស្រាវជ្រាវជំងឺរបេងនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងផងដែរ។

គម្រោង លើកកម្ពស់គំនិតផ្តួចផ្តើមការច្នៃប្រឌិតដើម្បីអភិរក្សសិល្បៈឧបករណ៍ភ្លេងបុរាណជនជាតិដើមភាគតិច

គឺជាគម្រោងស្រាវជ្រាវឧបករណ៍ភ្លេងដែលប្រឈមនឹងការបាត់បង់ រួមមាន ចាប៉ីឃ្លោក ខ្លី និងម៉ិម របស់ជនជាតិដើមភាគតិចចំនួន ៤ (កាវ៉ែត, ទំពួន, គ្រឹង និងចារ៉ាយ) ដែលមាននៅក្នុងភូមិកាចូន ភូមិតងណងឡិ ភូមិកាលឹម ភូមិល្អឺនជង និងភូមិថារ៉ង នៅខេត្តរតនគិរី។ ឧបករណ៍ទាំងនេះជិតបាត់បង់អស់ទៅហើយ ជាពិសេសបច្ចេកទេសក្នុងការផលិតនិងការប្រគំ។ គម្រោងនេះនឹងចាប់ផ្តើមដោយការស្រាវជ្រាវរកអ្នកជំនាញចេះផលិតឧបករណ៍ភ្លេងទាំងនេះ និងបង្កើតគណៈកម្មការវាយតម្លៃគុណភាពសំឡេង និងសោភណ្ឌភាពឧបករណ៍ភ្លេង, ថតវីដេអូ, ចងក្រងឯកសារ និងបោះពុម្ព, សម្តែង និងផ្សព្វផ្សាយតាមរយៈការតាំងពិព័រណ៍ និងនៅតាមបណ្តាញសង្គម។

ជួង វាសនា

វាសនាសព្វថ្ងៃគឺជានិសិ្សតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្នែកនាដសាស្ត្រ ឯកទេសរបាំប្រពៃណី ជាអ្នកដំឡើងរបាំ និងជាសិល្បករឯករាជ្យម្នាក់ផងដែរ។ ហើយក៏ធ្លាប់ចូលរួមសម្តែងក្នុងកម្មវិធីជាតិនិងអន្តរជាតិផងដែរ។

គម្រោង ល្ខោនបើកបទ

គម្រោងនេះនឹងធ្វើការស្រាវជ្រាវបន្ថែមទៅលើទំរង់ល្ខោនបើកបទ ដើម្បីចងក្រងជាឯកសារ និងមានការដំឡើងជាផ្ទាំងទស្សនីយភាពនិងជាសៀវភៅ។

ណេន ភារិទ្ធ

បច្ចុប្បន្នគឺជាប្រធានក្រុម ភារិទ្ធល្ខោននិយាយ​ ព្រមទាំងជាអ្នកដឹកនាំរឿងល្ខោននិយាយផងដែរ។

គម្រោង វគ្គបណ្តុះបណ្តាលខ្លីអំពីល្ខោននិយាយនៅក្នុងសហគមន៍

ជាកម្មវិធីសិក្សាក្រៅម៉ោងមួយ សម្រាប់ចែករំលែក និងស្វែងយល់អំពីមូលដ្ឋានគ្រឹស នៃការសម្ដែង ទាំងទ្រឹស្ដី ការអនុវត្តន៍ និងការរៀបចំអត្ថបទរឿងល្ខោននិយាយ ។ គម្រោងកម្មវិធីនេះ និងក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍដល់ធនធានសិល្បករល្ខោន និង ផ្សព្វផ្សាយនូវទម្រងសិល្បៈល្ខោននិយាយ អោយកាន់តែទូលំទូលាយដល់សហគមន៍ពិសេសគឺយុវជន យុវនារី។

យាន រស្មី

គឺជាគទានុរក្ស, អ្នកសរសេរ និង ជាអ្នកស្រាវជ្រាវសិល្បៈ, ហើយ ជានាយកកម្មវិធីនៃលានសិល្បៈសហសម័យ«សិល្បៈត្រជាក់ភ្នែក» (STP)។ លោកក៏ជាគ្រូបង្រៀនប្រវត្តិសាស្រ្តសិល្បៈក្រៅម៉ោងនាសកលវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្រ្តកម្ពុជា (CamTech) និង ជានិស្សិតអនុបណ្ឌិច្បាប់អន្តរជាតិសាធារណៈនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) និង សកលវិទ្យាល័យ Paris 8។

គម្រោង ៤០ឆ្នាំនៃជីវិតសិល្បៈរបស់ស្រីបណ្តូល៖ ការចងក្រងបណ្ណសារ

គឺជាគម្រោងស្រាវជ្រាវដែលមានរយៈពេលបួនឆ្នាំដើម្បីចងក្រងឯកសារស្នាដៃ និង ជីវប្រវតិ្តរបស់សិល្បករស្រីបណ្ដូលចាប់ពីឆ្នាំ១៩៨០ (ការសិក្សានិងការធ្វើស្នាដៃសិល្បៈនៅជំរុំជនភាសខ្លួន) ដល់ ឆ្នាំ២០២១។ គម្រោងនេះមានបំណងក្នុងការ ធ្វើឌីជីថលនីយកម្មស្នាដៃសិល្បៈរបស់លោកស្រីបណ្ដូល (ថតរូប) ដើម្បីចងក្រងនិងបោះពុម្ពជាគន្ថចារ (សៀវភៅCatalog), រៀបចំពិព័រណ៍ភូតកាលទោល (ឬ retrospective exhibition ពិព័រណ៍ដែលក្រឡេកមើលទៅការងារអតីតកាល), និង បង្កើត «បណ្ណសារស្រីបណ្ដូល» ហើយបើកប្រើប្រាស់ជាសាធារណៈតាមរយៈវេទិកាមជ្ឈមណ្ឌល បុប្ផាណា។