ក្រដាសព័ត៌មានអំពីយុទ្ធសាស្ត្រឆ្នាំ ២០២៣ របស់អង្គការសិល្បៈខ្មែរអមតៈ

បង្កើត​​ឡើង​​នៅ​​ក្នុង​​ឆ្នាំ​​ ១៩៩៨ ដោយ​​អតីត​​ជន​​រង​​គ្រោះ​​ពី​​របប​​ប្រល័យ​ពូ​ជ​​សាសន៍​​ខ្មែរ​​ក្រហម គឺ លោក អាន ចនផន។ ក្នុងទសវត្សរ៍ដំបូង យើងផ្តោតលើការស្តារឡើងវិញនូវទម្រង់​​សិល្បៈ​​ទស្សនីយ​ភាព​ដែល​​កំពុង​​ឈាន​​ទៅ​​រក​​ការ​​បាត់​​បង់បន្ទាប់ពីរបបខ្មែរក្រហម។

ក្នុងរយៈពេល ២០ ឆ្នាំបន្ទាប់ យើងធ្វើការងារដោយផ្តោតលើការកសាងនិរន្តរភាពសហគមន៍ និងសក្តានុពលធនធានមនុស្សដើម្បីអភិវឌ្ឍ សមត្ថភាពសិល្បករ ឲ្យក្លាយជា សិល្បករអាជីពក្នុងវិស័យសិល្បៈវប្បធម៌ តាមរយៈការផ្តល់អាហារូបករណ៍ កម្មវិធីអាហារូបករណ៍ទស្សនវប្បធម៌ ការផ្តល់មូលនិធិដំឡើងស្នាដៃថ្មីដល់ក្រុមសម្តែង និងការបើកថ្នាក់បង្រៀនសិល្បៈជាដើម។

ជាមោទកភាព បច្ចុប្បន្ន យើងបានវិវឌ្ឍតួនាទីយើងយ៉ាងពេញលេញជាអ្នកផ្តល់មូលនិធិ និងជាកត្តាជំរុញក្នុងការពង្រឹងភាពច្នៃប្រតិដ្ឋ និងការបញ្ចេញមតិតាមរយៈការផ្តល់មូលនិធិជាច្រើន ទៅដល់សិល្បករ និងអ្នកដឹកនាំក្នុងវិស័យសិល្បៈ ក្នុងគោលដៅដើម្បីបង្កើតជាប្រព័ន្ធអេកូសិល្បៈមួយដែលមានសក្តានុពលល្អសម្រាប់សង្គមកម្ពុជា។