(បិទទួលពាក្យ) សេចក្តីប្រកាសអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន

កម្មវិធីអាហារូបករណ៍សិល្ប​ៈអមតៈ អាន ចន ផន​ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ក្នុងគោលបំណងអភិវឌ្ឍទស្សនៈវិស័យសិល្បៈរបស់សិស្សនិស្សិត លើកកម្ពស់នៃការរួមបញ្ចូល ភាពច្នៃប្រតិដ្ឋ ព្រមទាំងកម្រិតវិជ្ជាជីវៈ និងសក្តានុពលរបស់និស្សិតក្នុងការក្លាយខ្លួនជាអ្នកដឹកនាំក្នុងវិស័យមួយនេះ។ គោលដៅរបស់អង្គការសិល្បៈ គឺដើម្បីវិនិយោគលើភាពជាអ្នកដឹកនាំតាមរយៈភាពច្នៃប្រតិដ្ឋ និងទេពកោសល្យដែលពោរពេញដោយសក្តានុពល និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការបញ្ចេញមតិ និងឆ្លុះបញ្ចាំងលើទំនាក់ទំនង និងសង្គមរបស់ពួកគេក្នុងទស្សនៈបែបទូលំទូលាយ។ តាមរយៈការធ្វើដូច្នេះ យើងសង្ឃឹមថានឹងពង្រឹងសមត្ថភាពធនធានមនុស្សដែលមានគុណតម្លៃ នឹងអាចទ្រទ្រង់អាជីព និងសិល្បៈនៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងរយៈពេលយូរ។

កាលណាតែសិល្បៈ វប្បធម៌ និងប្រពៃណីរបស់យើងត្រូវបានបំផ្លិចបំផ្លាញ យើងត្រូវការរយៈពេលជាច្រើនជំនាន់ ដើម្បីផ្សះផ្សា និងកសាងឡើងវិញ។ ឥឡូវនេះកម្មវិធីអាហារូបករណ៍ផ្តល់លទ្ធភាពដល់យុវជនក្នុងការសិក្សាបន្ថែម រៀនជំនាញថ្មីៗ និងបន្តក្តីស្រមៃនៃការកសាងអាជីពក្នុងវិស័យសិល្បៈ។ ក្តីសង្ឃឹមនោះ គឺជាអ្វីដែលខ្ញុំចង់បញ្ជូនទៅកាន់ក្មេងជំនាន់ក្រោយ។ ខ្ញុំពិតជាមានមោទកភាពចំពោះសិស្សនិស្សិតទាំងអស់ ហើយនេះជាអ្វីដែលកម្មវិធីនេះសម្រេចបានមកដល់ពេលនេះ។ លោក អាន​ ចន​ ផន​ ស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ

ចំណាំ៖ សម្រាប់អ្នកដែលបំពេញពាក្យក្នុងកុំព្យូទ័រ សូមពិនិត្យ និងផ្ទៀងផ្ទាត់សំណួរទាំងអស់ជាមួយពាក្យស្នើសុំជា PDF ដើម្បីប្រាកដថាអ្នកបានឆ្លើយគ្រប់សំណួរ។

និស្សិតអាហារូបករណ៍ឆ្នាំ ២០២៦


សឿត សុវណ្ណនី

សឿត សុវណ្ណនី មានទីកន្លែងកំណើតនៅខេត្តបន្ទាយមានជ័យហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ សុវណ្ណនី ជាអតីតនិស្សិត នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញគំនូរសារគមនាគមន៍។ សព្វថ្ងៃ សុវណ្ណនី ប្រកបការងារឯករាជ្យជាអ្នករៀបចំកម្មវិធីគ្រប់ប្រភេទ, អ្នកសម្របសម្រួល គ្រប់គ្រងសិល្បៈសម្តែង តន្រ្តី និងទស្សនីយភាព, អ្នកសម្របសម្រួលសិល្បករ និងជាពិធីការនី។ សុវណ្ណនី ស្នើសុំអាហារូបករណ៍សិក្សាភាសាអង់គ្លេសទូទៅ ដើម្បីបំពេញភាពខ្វះខាតរបស់ខ្លួនក្នុងការប្រើប្រាស់ភាសាអង់គ្លេសលើអាជីពការងារ និងការប្រាស្រ័យទាក់ទងគ្នា ដែលអាចទទួលបានឱកាសបន្ថែមដើម្បីរីកចម្រើនបន្តលើជំនាញក្នុងវិស័យសិល្បៈ។

ជា គឹមជិន

មានទីកន្លែងកំណើតនៅខេត្តកោះកុងហើយសព្វថ្ងៃរស់នៅខេត្តព្រះសីហនុ។ គឹមជិន ជាអតីតនិស្សិត នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញបុរាណវិទ្យា ហើយបច្ចុប្បន្នជាមន្រ្តីក្នុងការិយាល័យបេតិកភ័ណ្ឌនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហនុ។ គឹមជិន ស្នើសុំអាហារូបករណ៍សិក្សាភាសាអង់គ្លេសទូទៅដើម្បីអាចស្វែងយល់ឯកសារពាក់ព័ន្ធនឹងវប្បធម៌ដែលសរសេរជាភាសាអង់គ្លេស និងដើម្បីមានឱកាសបន្តការសិក្សានៅបរទេសក្នុងវិស័យវប្បធម៌ ទទួលបានចំណេះដឹងនិងបច្ចេកទេសថ្មីៗបន្ថែមក្នុងការស្រាវជ្រាវ ជាពិសេសទាក់ទងនឹងវត្ថុសិល្បៈ។

គូ សម្ផស្ស

ជាជនជាតិដើមកួយ មានទីកន្លែងកំណើតនិងសព្វថ្ងៃរស់នៅខេត្តកំពង់ធំ។ សម្ផស្ស ជាគ្រូបង្រៀនម្នាក់ដែលបានបង្រៀននៅតំបន់សហគមន៍ជនជាតិដើមកួយអស់រយៈពេល ៤ឆ្នាំមកហើយ។ សម្ផស្ស ក៏ជាយុវជនស្ម័គ្រចិត្តសម្របសម្រួលក្រុមសិល្បៈក្នុងសហគមន៍ផងដែរ។ សម្ផស្ស ស្នើសុំអាហារូបករណ៍សិក្សាភាសាអង់គ្លេស ដោយសារសហគមន៍របស់គាត់ត្រូវការធនធានមនុស្សបន្ថែមដែលអាចចេះប្រើភាសាអង់គ្លេស ដើម្បីចែករំលែកសិល្បៈវប្បធម៌របស់ជនជាតិដើមភាគតិចកួយឱ្យបានកាន់តែទូលំទូលាយទាំងក្នុងនិងក្រៅប្រទេស។

នី ដាលី

មានទីកន្លែងកំណើតនៅខេត្តកណ្តាលហើយសព្វថ្ងៃរស់នៅខេត្តកំពត។ ដាលី កំពុងសិក្សាជំនាញអក្សរសាស្រ្តខ្មែរ ឆ្នាំទី១ នៅសាកលវិទ្យាល័យអង្គរខេមរា និងជាសិល្បការនីផ្នែករបាំប្រពៃណីនិងរបាំប្រជាប្រិយ។ ដាលី ស្នើសុំអាហារូបករណ៍សិក្សាជំនាញរបាំបុរាណ ដើម្បីយកជំនាញនោះមកអភិវឌ្ឍខ្លួនបន្ថែមឱ្យកាន់តែច្បាស់លាស់និងជួយផ្សព្វផ្សាយចែករំលែកជំនាញដែលបានរៀនចេះ ទៅក្នុងសហគមន៍ឱ្យយល់ដឹងបន្ថែមនិងមានជំនាញច្បាស់លាស់ ចៀសវាងការហាត់រៀនតៗគ្នាតាមបណ្តាញអ៊ីនធើណេតដោយពុំមានក្បួនខ្នាតត្រឹមត្រូវ។

មាស សុថារី

មានទីកន្លែងកំណើតនៅខេត្តស្វាយរៀងហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ សុថារី ជាអតីតសិស្សរបាំប្រពៃណី នៅសាលាមធ្យមវិចិត្រសិល្បៈ និងធ្លាប់បម្រើការងារជាមន្រ្តីជាប់កិច្ចសន្យានៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សុថារី ស្នើសុំអាហារូបករណ៍សិក្សាភាសាអង់គ្លេសទូទៅដើម្បីបង្កើនចំណេះដឹងនិងជំនាញផ្នែកភាសាអង់គ្លេស និងដើម្បីសម្រេចបំណងចូលធ្វើការជាមន្រ្តីរាជការនៅក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ ។

សារ៉ែន ហ៊ិន

ជាជនជាតិគ្រឹង មានទីកន្លែងកំណើតនៅខេត្តរតនគិរីហើយសព្វថ្ងាំរស់នៅរាជធានីភ្នំពេញ។ ហ៊ិន បានបញ្ចប់បរិញ្ញាបត្រជំនាញព័ត៌មានវិទ្យានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាសមាជិកក្រុមរលកសំឡេងជនជាតិដើមភាគតិច ដោយមានតួនាទីកាត់តវីដេអូ គ្រប់គ្រងទំព័រហ្វេសប៊ុកនិងបណ្តាញយូធូបរបស់ក្រុម។ ហ៊ិន ស្នើសុំអាហារូបករណ៍សិក្សាជំនាញរចនាក្រាហ្វិក ដើម្បីបង្កើនជំនាញ ទទួលបានគន្លឹះក្នុងការរចនាសម្ភារៈផ្សព្វផ្សាយឱ្យមានភាពទាក់ទាញ សម្រាប់គម្រោងរបស់ក្រុមដែលលើកកម្ពស់ការទទួលស្គាល់សិទ្ធិ កសាងសាមគ្គីភាព និងធ្វើឱ្យមាននិរន្តរភាពសេដ្ឋកិច្ចក្នុងការងារក្រុមជនជាតិដើមភាគតិចនិងសង្គម។

ផាន កុថាណុ

មានទីកន្លែងកំណើតនិងសព្វថ្ងៃរស់នៅខេត្តសៀមរាប។ ថាណុ ជាអតីតនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញបុរាណវិទ្យា ហើយសព្វថ្ងៃជាបុគ្គលិកកិច្ចសន្យានៅបណ្ណាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានតួនាទីចុះបញ្ជីសៀវភៅនានាក្នុងបណ្ណាល័យ និងជាអ្នកស្រាវជ្រាវឯកសារខ្លីៗអំពីវប្បធម៌ខ្មែរផង។ ថាណុ ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិតបុរាណវិទ្យា ដើម្បីពង្រឹងលើចំណេះជំនាញនិងអភិវឌ្ឍខ្លួនក្នុងការសិក្សាស្រាវជ្រាវក្នុងវិស័យសិល្បៈវប្បធម៌ឱ្យកាន់តែប្រសើរ ឈានចូលក្នុងវិស័យអប់រំនិងចែករំលែក និងសម្រេចបំណងក្លាយជាមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ដន សុភាង

មានទីកន្លែងកំណើតនៅខេត្តកំពង់ចាមហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ សុភាង ជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញសង្គមកិច្ចវិទ្យា។ សព្វថ្ងៃ សុភាងកំពុងហាត់រៀននិពន្ធបទភ្លេងដោយខ្លួនឯង ដោយការរកឃើញខ្លួនឯង ចង់ដើរតាមក្តីស្រមៃ ស្រឡាញ់សិល្បៈតន្រ្តីតាំងពីតូច។ សុភាង ស្នើសុំអាហារូបករណ៍សិក្សាជំនាញកុំព្យូទ័រ (Studio) ដើម្បីអាចបង្កើតស្នាដៃសិល្បៈ ដូចជាធ្វើភ្លេង ថតសំឡេង កែសំឡេង និងផលិតជាចម្រៀងទាំងមូល។

ច្រឹក សេ

ច្រឹក សេ (ហៅ ចៅ ភេត្រា) មានទីកន្លែងកំណើតនិងសព្វថ្ងៃរស់នៅខេត្តសៀមរាប។ ចៅ ភេត្រា ជាអ្នកច្រៀងចាប៉ីដងវែង និងជាប្រធានរោងជាងចាប៉ីដងវែងមួយកន្លែងនៅខេត្តសៀមរាប។ ចៅ ភេត្រា ស្នើសុំអាហារូបករណ៍សិក្សាជំនាញផលិតឧបករណ៍ភ្លេងបុរាណ ដោយសារមានចិត្តស្រឡាញ់ចង់អភិរក្ស ផ្សព្វផ្សាយ បន្តវេន និងមានគោលដៅចង់បណ្តុះបណ្តាលក្មេងជំនាន់ក្រោយនិងផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានស្គាល់។

រិន ពេជ្ជរដ្ឋ

មានទីកន្លែងកំណើតនៅខេត្តតាកែវហើយសព្វថ្ងៃរស់នៅខេត្តកណ្តាល។ ពេជ្ជរដ្ឋ ជាអតីតនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញប្រវត្តិវិទ្យា និងសព្វថ្ងៃជាមន្រ្តីការិយាល័យសារមន្ទីរនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល។ ពេជ្ជរដ្ឋ ស្នើសុំអាហារូបករណ៍សិក្សាអនុបណ្ឌិតជំនាញបុរាណវិទ្យាដើម្បីពង្រឹងចំណេះដឹង ចំណេះធ្វើ សមត្ថភាពពេញលេញ សម្រាប់ការចូលរួមអភិរក្ស ចងក្រង ផ្សព្វផ្សាយដល់សាធារណជនទូទៅ នៃតម្លៃអត្តសញ្ញាណស្ថាបត្យកម្មខ្មែរតាមវត្តអារាម រួមមាន ព្រះវិហារ សាលាឆាន់ កុដិ និងចេតិយជាដើម។

និស្សិតអាហារូបករណ៍ឆ្នាំ ២០២៥


ប៊ុត សុនា

ប៊ុត សុនា មានទីកន្លែងកំណើតនៅខេត្តព្រៃវែងហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ សុនា ជាអតីតនិស្សិត នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញបុរាណវិទ្យា។ ក្នុងឆ្នាំ២០២១ សុនា បានចូលបម្រើការជាមន្រ្តីជាប់កិច្ចសន្យា នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការធ្វើការនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សុនា បានបទពិសោធន៍ជាច្រើនក្នុងវិស័យសិល្បៈវប្បធម៌ ដូចជា ការងាររដ្ឋបាល សម្របសម្រួលកម្មវិធីសិល្បៈនានា សម្របសម្រួលការងារជាមួយសិប្បកម្មក្នុងអង្គការ សហគមន៍ សមាគម ស្ថាប័នក្រៅរដ្ឋាភិបាល, ការងារប្រមូលទិន្នន័យមត៌កអរូបីទូទាំងប្រទេស និងរៀបចំសិក្ខាសាលាផ្សេងៗ។ សុនា ស្នើសុំអាហារូបករណ៍សិក្សាភាសាអង់គ្លេសទូទៅ ដើម្បីសម្រួលក្នុងការស្រាវជ្រាវឯកសារផ្សេងៗដែលទាក់ទងនឹងការងារនិងវិស័យបុរាណវិទ្យា (ផ្នែកសិល្បៈខ្មែរ) និងចងក្រងទុកជាឯកសារ ដែលសុនាកំពុងធ្វើការជាអ្នកសម្របសម្រួលក្នុងវិស័យនេះស្រាប់។

សៀន សុខនី

សៀន សុខនី ជាជនជាតិព័រ មានទីកន្លែងកំណើតនៅខេត្តពោធិ៍សាត់ហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ សុខនី បច្ចុប្បន្នធ្វើការងារស្ម័គ្រចិត្តបង្កើតក្រុមសិល្បៈចម្រៀង រលកសំឡេងជនជាតិដើម ក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ប្រពៃណី ជាពិសេស ភាសា របៀបរបបរស់នៅរបស់ជនជាតិដើមភាគតិចនៅកម្ពុជា។ សុខនី ស្នើសុំអាហារូបករណ៍សិក្សាភាសាអង់គ្លេសទូទៅដើម្បីពង្រឹងចំណេះដឹងភាសាបរទេស បង្កើនឱកាសស្វែងរកប្រភពជំនួយជួយអភិវឌ្ឍក្រុម បង្កើតមូលនិធិជួយការអប់រំរបស់កុមារនិងយុវជនជនជាតិដើមភាគតិចនៅកម្ពុជា អាចផ្សព្វផ្សាយវប្បធម៌និងបញ្ហានានារបស់ក្រុមនិងសហគមន៍ដល់អ្នកខាងក្រៅនិងពិភពលោកបានយល់ដឹង។

មាស សារឹម

មាស សារឹម មានទីកន្លែងកំណើតនៅខេត្តស្វាយរៀងហើយសព្វថ្ងៃរស់នៅខេត្តពោធិ៍សាត់។ សារឹម ជាអតីតនិស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងកំពុងបម្រើការនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ជាអនុប្រធានការិយាល័យសារមន្ទីរ ទទួលបន្ទុករៀបចំចុះបញ្ជីវត្ថុបុរាណចូលក្នុងប្រព័ន្ធ Database និងដាក់តាំងបង្ហាញវត្ថុបុរាណនៅសារមន្ទីរ។ សារឹម ស្នើសុំអាហារូបករណ៍សិក្សាភាសាបារាំងទូទៅ ដើម្បីពង្រឹងចំណេះដឹងផ្នែកភាសានេះ ងាយស្រួលក្នុងការអភិរក្ស ស្រាវជ្រាវ ចងក្រងឯកសារការងារ និងអាចទាក់ទងជាមួយបរទេសដែលចង់ស្វែងយល់ពីវប្បធម៌ និងសិល្បៈជាតិផងដែរ។

ប៉ោ ចិន្តា

ប៉ោ ចិន្តា មានទីកន្លែងកំណើតនៅខេត្តកំពង់ធំហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ ចិន្តា ជានិស្សិតតែងនិពន្ធទូទៅនៅមហាវិទ្យាល័យសិល្បៈនាដសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ចិន្តា ស្នើសុំអាហារូបករណ៍គាំទ្រលើការសិក្សាជំនាញនៅសាកលវិទ្យាល័យ ដើម្បីឈានទៅសម្រេចគោលដៅក្នុងវិស័យសិល្បៈវប្បធម៌របស់ខ្លួន រួមមាន ការបង្កើតសមាគមសិល្បៈនៅឯស្រុកកំណើតនាខេត្តកំពង់ធំដើម្បីជួយឱ្យក្មេងៗទទួលបានការយល់ដឹងពីសិល្បៈវប្បធម៌កាន់តែច្បាស់ ព្រមទាំងចេះស្រឡាញ់ ការពារ និងផ្សព្វផ្សាយ និងចូលរួមចំណែកផលិតខ្សែភាពយន្ត និងសៀវភៅ ដែលមានគុណភាពខ្ពស់នៅក្នុងស្រុក ព្រមទាំងអាចប្រកួតប្រជែងជាមួយទីផ្សារខាងក្រៅស្រុកបាន។

គឹម នឹង

គឹម នឹង មានទីកន្លែងកំណើតនិងកំពុងរស់នៅខេត្តសៀមរាប។ នឹង ជាអតីតនិស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយសព្វថ្ងៃជាមន្រ្តីជាប់កិច្ចសន្យានៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានតួនាទីជួយសម្របសម្រួលកិច្ចការផ្សេងៗដែលទាក់ទងនឹងវិស័យសិល្បៈវប្បធម៌។ ថ្មីៗនេះ នឹង កំពុងចូលរួមចំណែកសិក្សាចងក្រងឯកសារទាក់ទងនឹង សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី អារ្យធម៌ វប្បធម៌ ជាពិសេសផ្តោតសំខាន់ទៅលើបេតិកភណ្ឌវប្បធម៌អរូបី។ នឹង ស្នើសុំអាហារូបករណ៍សិក្សាភាសាអង់គ្លេសទូទៅដើម្បីពង្រឹងចំណេះដឹងផ្នែកភាសានេះក្នុងការធ្វើការព្រោះឯកសារនិងវីដេអូផ្សេងៗដែលទាក់ទងនឹងសិល្បៈភាគច្រើនសរសេរឬនិយាយជាភាសាអង់គ្លេស ហើយក៏ដើម្បីបង្កភាពងាយស្រួលក្នុងការទាក់ទងការងារជាមួយអង្គការឬស្ថាប័នដៃគូទាំងក្នុងប្រទេសនិងអន្តរជាតិផងដែរ។

ទីវ ស៊ីម

ទីវ ស៊ីម ជាជនជាតិទំពួនកាត់គ្រឹង មានទីកន្លែងកំណើតនិងកំពុងរស់នៅខេត្តរតនគិរី។ ស៊ីម បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនិងអនុបណ្ឌិតជំនាញគ្រប់គ្រង។ ស៊ីម មានបទពិសោធន៍ដឹកនាំក្រុមយុវជនភូមិ សម្របសម្រួលការងារអភិវឌ្ឍន៍ទូទៅនិងការអប់រំសហគមន៍ពីការការពារនិងថែរក្សាវប្បធម៌ជនជាតិដើមភាគតិច ហើយបច្ចុប្បន្នកំពុងគ្រប់គ្រងនិងដឹកនាំក្រុមយុវជនជនជាតិដើមភាគតិចចំនួន២៥នាក់ក្នុងមួយឆ្នាំ។ ស៊ីម ស្នើសុំអាហារូបករណ៍បន្តការសិក្សាថ្នាក់បណ្ឌិតជំនាញគ្រប់គ្រង ដើម្បីពង្រឹងសមត្ថភាព ជំនាញ ឥទ្ធិពល និងចំណេះដឹងផ្នែកយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងនិងដឹកនាំ ជាពិសេស កិច្ចការក្នុងសង្គម ការជំរុញកិច្ចការអប់រំសិល្បៈវប្បធម៌ សាមគ្គីភាព វិស័យសេដ្ឋកិច្ច និងយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍនិងថែរក្សាមត៌កសម្រាប់មនុស្សជាតិនិងក្មេងជំនាន់ក្រោយដោយមានគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព។

ស៊ីន ម៉ៅធាង

ស៊ីន ម៉ៅធាង មានទីកន្លែងកំណើតនៅខេត្តត្បូងឃ្មុំហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ ម៉ៅធាង កំពុងសិក្សាបរិញ្ញាបត្រជំនាញភាសាវិទ្យា បរិញ្ញាបត្រដឹកនាំរឿងរបាំ និងល្ខោនខោល។ ម៉ៅធាង មានគោលដៅវែងឆ្ងាយក្នុងវិស័យសិល្បៈវប្បធម៌ ក្នុងការរៀបរៀងចងក្រងសៀវភៅសិក្សាគោល ស្រាវជ្រាវអំពីសិល្បៈវប្បធម៌ ជាពិសេសទម្រង់ល្ខោនខោល ឱ្យមានភាពសម្បូរបែបក្នុងការសិក្សារៀនសូត្រ ងាយស្រួលដល់អ្នកជំនាន់ក្រោយ និងដំឡើងស្នាដៃថ្មីក្នុងទម្រង់ល្ខោនខោលនិងសហសម័យ។ ម៉ៅធាង ស្នើសុំអាហារូបករណ៍សិក្សាបរិញ្ញាបត្រដឹកនាំរឿងរបាំ ដើម្បីសម្រេចគោលដៅខាងលើ ក្នុងការពង្រឹងសមត្ថភាព មានវិជ្ជាជីវៈជាអ្នកសិល្បៈអាជីព និងមានពេលវេលាស្រាវជ្រាវលើវិស័យសិល្បៈវប្បធម៌យ៉ាងពិតប្រាកដ។

សៀង បញ្ញា

សៀង បញ្ញា មានទីកន្លែងកំណើតនៅខេត្តកំពង់ស្ពឺហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ បញ្ញា បានបញ្ឈប់ការសិក្សាជំនាញស្ថាបត្យកម្មដោយសារកង្វះខាតលទ្ធភាព ហើយសព្វថ្ងៃកំពុងសិក្សាជំនាញបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ បញ្ញា ស្នើសុំអាហារូបករណ៍សិក្សាភាសាបារាំងទូទៅ ដើម្បីជាជំនួយដល់ការសិក្សាជំនាញបុរាណវិទ្យា ដោយមើលឃើញពីសារៈសំខាន់របស់ភាសានេះក្នុងការសិក្សាជំនាញបុរាណវិទ្យា ហើយក៏ជាមធ្យោបាយដែលនាំឱ្យបញ្ញាអាចសិក្សាកាន់តែទូលំទូលាយដើម្បីអភិវឌ្ឍជំនាញរបស់ខ្លួន និងបម្រើការលើវិស័យនេះក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌជាតិនិងប្រាសាទបុរាណដែលនៅសេសសល់។

ក្រាក់ ទីធ្លា

ក្រាក់ ទីធ្លា ជាជនជាតិពូនង មានទីកន្លែងកំណើតនៅខេត្តមណ្ឌលគិរីហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ ទីធ្លា មានចំណង់ចំណូលចិត្តស្រឡាញ់សិល្បៈវប្បធម៌ជនជាតិដើមពូនង ហើយមានទេពកោសល្យក្នុងការរាំ ច្រៀង សរសេរចម្រៀងជាភាសាជនជាតិពូនងនិងភាសាខ្មែរផងដែរ។ ទីធ្លា ស្នើសុំអាហារូបករណ៍សិក្សាបរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេស ដើម្បីមានសមត្ថភាពប្រើប្រាស់ភាសាក្នុងការនិយាយ បង្ហាញនិងថែរក្សាសិល្បៈវប្បធម៌របស់ខ្លួន ជាពិសេសផ្សព្វផ្សាយសិល្បៈវប្បធម៌របស់ខ្លួនទៅកាន់ភ្ញៀវបរទេសដែលមកទស្សនាក្នុងតំបន់និងចង់ស្វែងយល់ពីសិល្បៈវប្បធម៌ជនជាតិ។

យូ សុវណ្ណារឹទ្ធិ

យូ សុវណ្ណារិទ្ធិ មានទីកន្លែងកំណើតនៅខេត្តកណ្តាលហើយសព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។ សុវណ្ណារិទ្ធិ ចូលចិត្តគូរនិងស្រមើស្រមៃរូបភាព ចូលចិត្តការថត ភាពច្នៃប្រតិដ្ឋ និងការតែងនិពន្ធ។ សព្វថ្ងៃ សុវណ្ណារិទ្ធិ ជានិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ និងជាបុគ្គលិកបម្រើការនៅស្ថាប័នមួយជាអ្នកធ្វើគំនូរជីវចល។ សុវណ្ណារិទ្ធិ ស្នើសុំអាហារូបករណ៍បន្តសិក្សាបរិញ្ញាបត្រជំនាញគ្រប់គ្រងនិងសារព័ត៌មាន ព្រោះមានចក្ខុវិស័យនិងគោលដៅ ចង់បង្កើន និងបង្កើតស្នាដៃភាពយន្តថ្មីៗដើម្បីជួយលើកស្ទួយវិស័យសិល្បៈភាពយន្តនៅកម្ពុជា ដោយមិនត្រឹមតែបង្កើតជាសាច់រឿងដែលមានស្តង់ដារ តែបង្កប់អត្ថន័យនិងការអប់រំនៅក្នុងនោះផងដែរ។

និស្សិតអាហារូបករណ៍ឆ្នាំ ២០២៤


ហ៊ុន រស្មី

ហ៊ុន រស្មី ជាសិស្សជំនាញល្ខោននិយាយនៅសាលាហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង។ គាត់មានគោលដៅ ចង់ក្លាយជាអ្នកនិពន្ធនិងដឹកនាំការសម្តែងអាជីពមួយដែលពោរពេញទៅដោយសមត្ថភាពនិងព្រហ្មវិហារធម៌ និងជួយដល់កុមារកម្ពុជានិងខ្សែភាពយន្តកម្ពុជាកាន់តែល្បីល្បាញនិងមានទីផ្សារច្រើនព្រមទាំងជួយលើកមុខមាត់ប្រទេសជាតិ និងថែរក្សាសម្បត្តិវប្បធម៌កេរ្តិ៍ដំណែលជាតិខ្មែរឱ្យបានគង់វង្សយូរអង្វែង។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាភាសាអង់គ្លេសទូទៅ ដើម្បីងាយស្រួលក្នុងការធ្វើការងារក្នុងសិល្បៈនិងរួមការងារជាមួយជនបរទេសនិងមានសមត្ថភាពជួយមិត្តរួមក្រុម។ គាត់ជឿថា ភាសាអង់គ្លេសមានសារៈសំខាន់ណាស់សម្រាប់គាត់ក្នុងការស្រាវជ្រាវនិងធ្វើឱ្យការងាររបស់គាត់ចេញមកមានគុណភាព ហើយអាហារូបករណ៍នេះនឹងជួយឱ្យគាត់មានចំណេះដឹងទូលំទូលាយ មានភាពជឿជាក់និងភាពក្លាហាន។

យូ សារ៉ាន់

យូ សារ៉ាន់ ជាសិស្សជំនាញរបាំប្រពៃណីនិងល្ខោនខោលនៅសាលាហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីទ្រទ្រង់ការសិក្សាភាសាបារាំងទូទៅ ដោយសារគាត់មានគោលដៅ ចូលរួមចំណែកអភិវឌ្ឍនិងដំឡើងស្នាដៃសិល្បៈទស្សនីយភាពថ្មី តាមរយៈការប្រើប្រាស់ភាសាបារាំងនៅសាលារបស់គាត់ជាមួយសិល្បករដែលប្រើប្រាស់ភាសាបារាំងក្នុងការទាក់ទងនិងរៀនសូត្រពីបទពិសោធន៍ថ្មី និងប្រយោជន៍ដល់ស្នាដៃថ្មីនោះ។ គាត់នឹងអាចផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរទៅកាន់អ្នកដែលប្រើប្រាស់ភាសាបារាំងដែលធ្វើដំណើរមកកម្ពុជាជាពិសេសនៅខេត្តបាត់ដំបងផ្ទាល់។ ហើយគាត់ជឿថាគាត់អាចនឹងមានឱកាសទៅសិក្សានៅប្រទេសបារាំងប្រសិនបើគាត់ចេះនិយាយ និងប្រើប្រាស់ភាសាបារាំងបានល្អប្រសើរ។

សេវ ប្រាក់

សេវ ប្រាក់ ជានិស្សិតប្រវត្តិវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងនាមជាជនជាតិដើមភាគតិច គាត់តែងតែមានការចាប់អារម្មណ៍លើការសិក្សាពីវប្បធម៌របស់ខ្លួន និងវប្បធម៌ជាតិអោយបានច្រើន ហើយក្នុងក្ដីស្រមៃរបស់គាត់នៅពេលដែលរៀនចប់មានចំណេះដឹងច្រើនទាក់ទងនិងវិស័យសិល្បៈវប្បធម៌ គាត់ចង់ក្លាយជាអ្នកសិក្សាស្រាវជ្រាវ និងកត់ត្រាទុកជា​​ឯកសារសម្រាប់ឱ្យអ្នកសិក្សាជំនាន់ក្រោយបានបន្ថែមនូវចំណុចខ្វះខាតអ្នកជំនាន់មុន​។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាភាសាអង់គ្លេសទូទៅ ព្រោះគាត់មានក្ដីស្រមៃចង់ក្លាយជាអ្នកប្រវត្តិវិទ្យាជនជាតិដើមភាគតិច ដែលមានសមត្ថភាពគ្រប់គ្រាន់បណ្ដុះបណ្ដាលអំពីវប្បធម៌នៅតាមមូលដ្ឋានខ្លួនឯង និងតំបន់ផ្សេងៗទៀត។

សុខ លីដា

សុខ លីដា ជានិស្សិតជំនាញគំនូរវិចិត្រកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នាពេលបច្ចុប្បន្ននិងពេលអនាគត គោលដៅរបស់គាត់ក្នុងវិស័យសិល្បៈ​ គឺក្លាយជាសិល្បករម្នាក់ ដែលអាចបម្រើឱ្យវិស័យសិល្បៈ ប្រជាជនខ្មែរ រួមទាំងសង្គមជាតិ និងសិក្សាបន្តនៅក្រៅប្រទេសអំពីសិល្បៈវប្បធម៌របស់ពិភពលោកផងដែរ​ ដើម្បីយកមកអភិវឌ្ឈ​វិស័យសិល្បៈក្នុងប្រទេស។ ដូច្នេះហើយ គាត់បានស្នើសុំអាហារូបករណ៍ដើម្បីសិក្សាភាសាបារាំងទូទៅ។ គាត់ជឿថា អាហារូបករណ៍នេះនឹងជួយផ្គត់ផ្គង់ទៅគាត់នូវលទ្ធភាពពេលវេលា កម្លាំងចិត្តគ្រប់គ្រាន់ក្នុងការសិក្សាចាប់យកចំណេះដឹងថ្មីៗដើម្បីជាស្ពានចម្លង និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីសិក្សានៅក្រៅប្រទេសជាយុវជនជំនាន់ក្រោយប្រកបដោយជំនាញ និងសមត្ថភាពជាសសរទ្រូងប្រទេសជាតិ។

ហម ចាន់សុម៉ាលីស

ហម ចាន់សុម៉ាលីស ជានិស្សិតជំនាញស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្នុងនាមជានិស្សិតផ្នែកស្ថាបត្យកម្មមួយរូប គាត់មានឆន្ទៈក្នុងការបង្ហាញ និងអភិវឌ្ឍសិល្បៈវប្បធម៌ខ្មែរ តាមរយៈសំណង់ដែលគាត់បានរចនាឡើង​។ គាត់មានគោលគំនិតជាក់លាក់មួយថារាល់គម្រោងសំណង់ដែលជាទំនួលខុសត្រូវរបស់គាត់គឺត្រូវរចនាឡើងប្រកបដោយការច្នៃប្រតិដ្ឋបែបខ្មែរ។ ទោះគាត់មិនអាចសង់អង្គរវត្តបានម្ដងទៀត តែគាត់ជឿថាគាត់អាចសាងសង់សំណង់ថ្មីប្រកបដោយផាសុកភាព ស្របទៅតាមតម្រូវការនៃសម័យកាលជឿនលឿនមួយនេះជូនមាតុភូមិ និងបង្ហាញថាសិល្បៈវប្បធម៌ខ្មែរ គឺពិតជាទូលាយ។ ដូច្នេះហើយទើបគាត់ស្នើសុំអាហារូបករណ៍ដើម្បីទ្រទ្រង់ការសិក្សាជំនាញស្ថាបត្យកម្ម ហើយមើលឃើញថា អាហារូបករណ៍នេះនឹងជាឱកាសដ៏ល្អនិងសំខាន់បំផុតសម្រាប់គាត់ ដើម្បីក្លាយជាស្ថាបត្យករមួយរូប ហើយក៏អាចទទួលចំណេះដឹងជាច្រើនពីកម្មវិធីមកបង្កើតឆន្ទៈក្នុងការសម្រេចនូវគោលបំណងមួយនេះ។

ម៉ី ចាន់ថុនា

ម៉ី ច័ន្ទថុនា បានបញ្ចប់បរិញ្ញាបត្រជំនាញបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយសព្វថ្ងៃជាមន្ត្រីជាប់កិច្ចសន្យា នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានជួយសម្របសម្រួលកិច្ចការងារផ្សេងៗ ដែលទាក់ទងនឹងវិស័យសិល្បៈវប្បធម៌។ គាត់បានស្នើសុំអាហារូបករណ៍សិក្សាភាសាបារាំងទូទៅ ព្រោះគាត់មានគោលដៅ និងជឿជាក់យ៉ាងច្បាស់ថា នៅពេលខាងមុខគាត់គឺជាចំណែកមួយក្នុងការជួយនិងលើកស្ទួយក្នុងវិស័យសិល្បៈវប្បធម៌ ដែលអាហារូបករណ៍នេះពិតជាចំណែកមួយយ៉ាងធំក្នុងការពង្រឹងសមត្ថភាពចំណេះដឹងផ្នែកភាសាបារាំង ដើម្បីគាត់យកមកប្រើប្រាស់ក្នុងវិស័យការងារ ហើយឆ្លងតាមបទពិសោធន៍គាត់កន្លងមក ឯកសារ និងវីដេអូផ្សេងៗដែលទាក់ទងនឹងសិល្បៈភាគច្រើន សរសេរឬនិយាយជាភាសាបារាំង។ ដូចនេះគាត់សង្ឃឹមថា ថ្ងៃខាងមុខបើគាត់មានចំណេះដឹងផ្នែកភាសាបារាំងកាន់តែស៊ីជម្រៅ គាត់ពិតជាអាចជួយកិច្ចការងារនេះបានយ៉ាងប្រសើរជាក់ជាពុំខាន។

រិទ្ធ ដារ៉ូ

រិទ្ធ ដារ៉ូ ជានិស្សិតជំនាញដឹកនាំរឿងរបាំប្រពៃណីនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីទ្រទ្រង់ការសិក្សាលើជំនាញដឹកនាំរឿងរបាំប្រពៃណីនេះ ព្រោះគាត់មានគោលដៅចង់ក្លាយជាអ្នកសម្ដែង និងដឹកនាំស្រាវជ្រាវបន្ថែមលើជំនាញដឹកនាំរឿងរបាំប្រពៃណី។ លើសពីនេះទៅទៀតគាត់រំពឹងថាឱកាសដែលគាត់ទទួលបានអាចជាផ្នែកមួយក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានបន្ត ទាំងអភិរក្ស និងអភិវឌ្ឍឱ្យជំនាញសិល្បៈកាន់តែរីកចម្រើននិងប្រសើឡើង ស្របតាមសកលភាវូបនីយកម្ម។ គាត់ជឿថាអាហារូបករណ៍នេះអាចជួយឱ្យគាត់សម្រេចបានគោលដៅសិក្សាជំនាញដឹកនាំរឿង និងមានលទ្ធភាពក្នុងការចំណាយលើការចុះស្រាវជ្រាវ នឹងដំឡើងជាទស្សនីយភាពក្នុងឆ្នាំបញ្ចប់ឆមាសថ្នាក់ឆ្នាំទី២ ទី៣ និងទី៤។

ប៉ិច ស៊ីនួន

ប៉ិច ស៊ីនួន ជានិស្សិតឯកទេសដឹកនាំរឿងល្ខោនយីកេនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅថ្ងៃអនាគត គាត់ចង់ក្លាយជាគ្រូបង្រៀននិងអ្នកដឹកនាំរឿងម្នាក់នៅក្នុងទម្រង់ទស្សនីយភាពសិល្បៈល្ខោនយីកេ។ គាត់មើលឃើញថាខ្លួនឯងជាសិល្បករមួយរូប និងជាចំណែកនៃធនធានសិល្បៈដែលអាចចូលរួមជួយថែរក្សា អភិវឌ្ឍ និងផ្សព្វផ្សាយទម្រង់សិល្បៈមួយនេះ។ តទៅមុខទៀតគាត់មានគំនិត ច្នៃប្រតិដ្ឋសិល្បៈបុរាណមួយនេះអោយបានប្រសើរឡើង និងដើរទាន់សម័យកាលបច្ចុប្បន្ន​ សមស្របពេលដែលគាត់កំពុងសិក្សារៀនសូត្រ ស្រាវជ្រាវជំនាញឯកទេស​និងបង្កើតយុទ្ធសាស្រ្តនៃការបញ្ចូលគ្នារវាងសិល្បៈពីអតីកាលនិងបច្ចុប្បន្ន ឱ្យមានភាពស៊ីសង្វាក់គ្នា ងាយស្រួលក្នុងការសម្ដែងឱ្យមានភាពទាន់សម័យកាល បង្កើតស្នាដៃថ្មីៗឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែមានគុណតម្លៃសម្រាប់សិល្បៈវប្បធម៌ ឱ្យសមនឹងពាក្យថា បុរាណមិនយឺត សម័យមិនបរទេសដូចជាការចូលរួមកសាងធនធានមនុស្សសម្រាប់អ្នកបន្តវេន ទៅជំនាន់ក្រោយៗទៀត។ ដូច្នេះហើយទើបគាត់ស្នើសុំអាហារូបករណ៍នេះ ជាទុនមួយសម្រាប់ជួយសម្រួលដល់ការសិក្សារៀនសូត្រដើម្បីជួយឱ្យគាត់បានសម្រេចគោលដៅទាំងនោះ អាចធ្វើកិច្ចការកាន់តែរលូន​និងល្អប្រសើរជាងមុន បង្កើតស្នាដៃសិល្បៈ រហូតប្រឡងបញ្ចប់ឆ្នាំ។

ប៊ុន ហ្សើឌី

ប៊ុន ហ្សើឌី ជាប្រធានក្រុមអភិរក្សភ្លេងខ្មែរមួយនៅខេត្តសៀមរាប។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីរៀនឧបករណ៍ភ្លេងតាខេនិងភ្លេងប្រពៃណីផ្សេងទៀត ព្រោះគាត់មានគោលដៅចង់ចេះជំនាញនេះឱ្យបានច្បាស់លាស់ ផ្សព្វផ្សាយឧបករណ៍ភ្លេងខ្មែរ និងបង្រៀនទៅក្មេងជំនាន់ក្រោយនៅតាមមូលដ្ឋានកុំឱ្យបាត់បង់និងតាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គមផងដែរ។ បន្ថែមពីនេះទៀត គាត់នឹងរៀនផលិតឧបករណ៍ភ្លេងខ្មែរដើម្បីផ្គត់ផ្គង់ជីវភាព ដែលវាក៏ជាការលើកស្ទួយឧបករណ៍ភ្លេងខ្មែរឱ្យល្បីសុះសាយតាមរយៈការផលិតនេះ។ គាត់ក៏មានបំណងពង្រីកពីក្រុមអភិរក្សភ្លេងខ្មែរ ទៅជាសមាគមអភិរក្សភ្លេងខ្មែរផងដែរ។ អាហារូបករណ៍នេះនឹងជួយគាត់លើថ្លៃចំណាយធ្វើដំណើរទៅរៀននិងអាហារ ព្រមទាំងថ្លៃសិក្សាជាមួយគ្រូឯកជនផងដែរ។

គាង សុផែត

គាង សុផែត ជាមន្រ្តីរាជការនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង។ គាត់ស្នើសុំអាហារូបករណ៍សិក្សាឯកទេសគំនូរសារគមនាគមនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រោះគោលដៅដ៏ចម្បងបំផុតក្នុងវិស័យសិល្បៈវប្បធម៌របស់គាត់ គឺចង់ក្លាយខ្លួនទៅជារចនាធិការ ផ្នែកគំនូរផ្សព្វផ្សាយដ៏ជំនាញម្នាក់។ គាត់នឹងប្រើប្រាស់ចំណេះនិងជំនាញដ៏ពិតប្រាកដលើវិស័យនេះ ដើម្បីបង្ហាញទេពកោសល្យដែលគាត់មានឱ្យបានទូលំទូលាយ អំពីគោលគំនិត ទស្សនៈទាន និងបំណងដែលអាចបរិយាយទៅតាមរយៈស្នាដៃគំនូររចនារបស់គាត់។ គាត់ជឿជាក់ថាសមិទ្ធផល​ដែលគាត់បានទទួលពីការសិក្សាថ្នាក់ឧត្តមសិក្សា ដែលបានទទួលតាមរយៈកម្មវិធីអាហារូបករណ៍នេះ នឹងជំរុញគោលដៅគាត់ឱ្យជាចលករមួយក្នុងការលើកកម្ពស់វិស័យគំនូររចនា និងផ្សព្វផ្សាយក្នុងសង្គមកម្ពុជា ជាពិសេសគឺគោលដៅលើកកម្ពស់វប្បធម៌ជាតិ តាមរយៈវិស័យគំនូរ។ គាត់រំពឹងគិតថាកម្មវិធីអាហារូបករណ៍នេះអាចជួយគាត់ឱ្យស្វែងរកឃើញខ្លួនឯងធ្វើដំណើរតាមក្ដីសុបិន្ត និងគោលដៅពិតប្រាកដឡើងវិញ ហើយនេះគឺជាមធ្យោបាយដ៏ល្អប្រសើរតែមួយគត់ដែលអាចផ្ដល់ឱកាសឱ្យគាត់មានលទ្ធភាពបន្តការសិក្សាលើវិស័យនេះ នៅថ្នាក់ឧត្តមសិក្សាបាន។  

និស្សិតអាហារូបករណ៍ឆ្នាំ ២០២៣


ម៉ៅ ស្រីឆ្នាស់

ម៉ៅ ស្រីឆ្នាស់ ជាអតីតមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិន។ សព្វថ្ងៃ គាត់ជានិស្សិតកំពុងសិក្សាជំនាញដឹកនាំរឿង (របាំបុរាណ) នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយស្នើសុំអាហារូបករណ៍ដើម្បីគាំទ្រការសិក្សាលើជំនាញនេះ។ គាត់រំពឹងថា បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ គាត់នឹងយកជំនាញនេះទៅបម្រើការនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិន ដើម្បីពង្រឹងនិងអភិវឌ្ឍរាល់តម្រូវការរបស់មន្ទីរខេត្ត មិនថាការដឹកនាំ ឬការសម្តែង អោយកាន់តែប្រសើរឡើង។ ម៉្យាងវិញទៀត គាត់ចង់ផ្សព្វផ្សាយ ចែករំលែកដល់យុវជនខេត្តដើម្បីអោយពួកគាត់មានឱកាសសិក្សាទម្រង់ក្បាច់បុរាណនេះកាន់តែច្បាស់។

ពីង ស្រីណុច

ពីង ស្រីណុច បានបញ្ចប់ការសិក្សាបរិញ្ញបត្រជំនាញបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយសព្វថ្ងៃជាជំនួយការអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាភាសាអង់គ្លេសទូទៅ ដែលនឹងបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងការងាររបស់គាត់ជាមួយអង្គការដៃគូក្នុងប្រទេសនិងអន្តរជាតិ ដោយគាត់នឹងអាចអាន ស្រាវជ្រាវព័ត៌មានផ្សេងៗ ពិសេសចំណេះដឹងសិល្បៈពីប្រទេសនានា ដើម្បីយកមកបម្រើអោយផលប្រយោជន៍ជាតិទៅថ្ងៃមុខ។ គោលដៅរបស់គាត់គឺអភិវឌ្ឍខ្លួនអោយកាន់តែមានសក្តានុពល មានចំណេះដឹងខ្ពស់លើវិស័យសិល្បៈនិងវប្បធម៌ជាតិ អាចស្វែងយល់ពីវប្បធម៌ប្រទេសដទៃដើម្បីជាយានក្នុងការអភិវឌ្ឍនិងផ្សព្វផ្សាយវប្បធម៌កម្ពុជានៅលើសកលលោក។

ហ៊ុល កញ្ញា

ហ៊ុល កញ្ញា ជាសិល្បករឯករាជ្យផ្នែកសិល្បៈចក្ខុទស្សន៍ នៅខេត្តសៀមរាប។ គាត់ស្នើសុំអាហារូបករណ៍សិក្សាបរិញ្ញាបត្រជំនាញអក្សរសាស្រ្តអង់គ្លេស ព្រោះវាអាចជួយអោយគាត់អាចបន្តការសិក្សាអភិវឌ្ឍជំនាញសិល្បៈរបស់គាត់អោយកាន់តែមានសមត្ថភាពមួយកម្រិតទៀត ហើយការទាក់ទងជាមួយស្ថាប័នអន្តរជាតិកាន់តែមានភាពប្រសើរឡើង។ គាត់ក៏មានគោលបំណងចង់ក្លាយជាអ្នកអប់រំបណ្តុះបណ្តាលលើវិស័យសិល្បៈមួយរូបនាពេលអនាគតផងដែរ។ គាត់នឹងត្រូវខំពង្រឹងការសិក្សាស្រាវជ្រាវបន្ថែមទៀតទាំងជំនាញស្នូលនិងជំនាញទំនាក់ទំនងអោយកាន់តែល្អ ដើម្បីក្លាយជាបុគ្គលមួយរូបអាចធ្វើការងារបម្រើវិស័យសិល្បៈវប្បធម៌ពេញចំណេះដឹង។

រដ្ឋ ស្រីប៉ា

រដ្ឋ ស្រីប៉ា ជាជនជាតិដើមកួយ នៅខេត្តព្រះវិហារ។ គាត់ស្នើសុំអាហារូបករណ៍សិក្សាបរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិ ដើម្បីជួយអោយជំនាញភាសាអង់គ្លេសនិងជំនាញទំនាក់ទំនងរបស់គាត់ជាមួយស្ថាប័នជាតិនិងអន្តរជាតិកាន់តែប្រសើរ។ គោលដៅរបស់គាត់គឺក្លាយជាអ្នកច្នៃម៉ូតដ៏សំបូរបែបម្នាក់ដែលអាចទំនាក់ទំនងជាមួយដៃគូរសហការទាំងក្នុងនិងក្រៅប្រទេសដើម្បីលើកកម្ពស់ ការរក្សាសម្លៀកបំពាក់ច្នៃម៉ូតប្រពៃណីខ្មែរ រួមជាមួយការច្នៃប្រឌិតទាន់សម័យ ស្របទៅតាមតម្រូវការប្រជាជនក្នុងស្រុកនិងក្រៅស្រុក ដែលជាកាច្នៃប្រឌិតម៉ូតប្លែកៗ ហើយគិតគូរពីការប្រើប្រាស់ក្រណាត់និងវត្ថុធាតុដើមធម្មជាតិដែលមិនប៉ះពាល់ដល់បរិស្ថាន ជាពិសេសគាត់មានគោលដៅបង្កើតជាអាជីវកម្មតូចមួយដើម្បីផ្តល់ការងារដល់ស្ត្រីជនជាតិដើមភាគតិចដែលមានជីវភាពខ្សត់ខ្សោយនិងក្មេងស្រីដែលបោះបង់ការសិក្សាដើម្បីផ្តល់ជាប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារតាមរយៈការផ្តល់ជាការងារក្នុងសិប្បកម្មច្នៃម៉ូត។

ហ៊ួត សុខកន្និដ្ឋា

ហ៊ួត សុខកន្និដ្ឋា មកពីខេត្តបន្ទាយមានជ័យ សព្វថ្ងៃជានិស្សិតបរិញ្ញាបត្រសិក្សាជំនាញដឹកនាំរឿង ផ្នែកល្ខោននិយាយ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍សិក្សាបរិញ្ញាបត្រជំនាញអក្សរសាស្រ្តអង់គ្លេស។ នៅថ្ងៃអនាគត គាត់ចង់ក្លាយជាអ្នកដឹកនាំរឿងម្នាក់នៅក្នុងទម្រង់សិល្បៈទស្សនីយភាពល្ខោននិយាយនិងភាពយន្ត។ គាត់មើលឃើញខ្លួនឯងជាចំណែកមួយដែលអាចចូលរួមផ្សព្វផ្សាយអភិវឌ្ឍន៍ទៅលើវិស័យនេះអោយកាន់តែប្រសើរ តាមរយៈការច្នៃប្រឌិត ដើម្បីដើរអោយទាន់សម័យកាលបច្ចុប្បន្ននិងអនាគត ព្រមទាំងចែករំលែកនិងចូលរួមកសាងភាពធន់សម្រាប់អ្នកបន្តវេនជំនាន់ក្រោយៗនិងផ្តល់ឱកាសក្នុងការចូលរួមបញ្ចេញសមត្ថភាពតាមការសម្តែងនិងការនិពន្ធផ្សេងៗ។ អាហារូបករណ៍នេះនឹងជួយជ្រោមជ្រែងដល់ការសិក្សារបស់គាត់សព្វថ្ងៃបានរលូននិងសម្រេចគោលដៅ ដោយអាចប្រើភាសាអង់គ្លេសជាទន់និងងាយស្រួលក្នុងការស្រាវជ្រាវ ក៏ដូចជាទំនាក់ទំនងនិងផ្សព្វផ្សាយផងដែរ។

រិន កវី

រិន កវី ជាគ្រូភ្លេងឯកជនបង្រៀនភ្លេងពិណពាទ្យ នៅខេត្តបន្ទាយមានជ័យ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាបន្ថែមជាមួយគ្រូឯកជននៅខេត្តសៀមរាប លើជំនាញភ្លេងកន្ទាំមីង រួមមានឧបករណ៍ស្រឡៃ គងពាទ្យ ស្គរជ័យ និងគងមោង។ អាហារូបករណ៍នេះនឹងជួយអោយគាត់បានហាត់រៀនភ្លេងទ្រាំមីងដែលជិតនឹងបាត់បង់ទៅហើយ ហើយអាចអោយគាត់ពាំនាំវង់ភ្លេងនេះមកបង្កើត បណ្តុះបណ្តាលដល់យុវជនក្នុងខេត្តបន្ទាយមានជ័យ ព្រោះសព្វថ្ងៃនេះវង់ភ្លេងទ្រាំមីងបានបាត់បង់ហើយក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងថ្ងៃអនាគត គាត់ចង់ក្លាយខ្លួនជាគ្រូភ្លេងបុរាណខ្មែរ និងជាអ្នកស្រាវជ្រាវភ្លេងបុរាណ តាមនិស្ស័យពីកំណើតដែលស្រឡាញ់ពេញចិត្ត។

ពឿន ពន្លា

ពឿន ពន្លា ជាអ្នកផលិតវីដេអូនិងរចនារូបភាពនៅអង្គការល្ខោនគំនិត ក្នុងខេត្តបាត់ដំបង។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាភាសាអង់គ្លេសទូទៅ ព្រោះភាសាអង់គ្លេសរបស់គាត់នៅមានកម្រិត។ គាត់តែងតែមានទំនុកចិត្តចំពោះស្នាដៃការងាររបស់គាត់ ហើយក៏មានឱកាសជាច្រើនដែលហុចអោយគាត់ក្នុងការអភិវឌ្ឍលើចំណេះដឹងនិងជំនាញដែលគាត់មាន តែពេលខ្លះគាត់បានបាត់បង់ឱកាសទាំងនោះដោយសារចំណេះដឹងភាសាបរទេសរបស់គាត់នៅមានកម្រិត។ ម៉្យាងវិញទៀត ការងារដែលគាត់ធ្វើសព្វថ្ងៃទាក់ទងនឹងសហគមន៍ ជួយលើកស្ទួយទៅដល់ស្រ្តីងាយរងគ្រោះ តាមរយៈសិល្បៈល្ខោននិយាយ ដែលគាត់ជាផ្នែកមួយដែលជួយអោយការងារនេះដំណើរការនិងទទួលបានជោគជ័យតាមរយៈការផលិតវីដេអូនិងការផ្សព្វផ្សាយនានា។ ដូច្នេះ ភាសាអង់គ្លេសដើរតួជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងគម្រោងនិងការអនុវត្តផែនការរបស់គាត់។

ផាត ភីរម្យ

ផាត ភីរម្យ ជាមន្ត្រីការិយាល័យសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ។ គាត់ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិតជំនាញរដ្ឋបាលសាធារណៈ ដើម្បីចូលរួមចំណែកពង្រឹងគុណភាពរដ្ឋបាលក្នុងវិស័យវប្បធម៌តាមរយៈការជម្រុញដល់វិស័យជំនាញដែលចំណុះអោយមន្ទីរវប្បធម៌ អោយមានសកម្មភាពកាន់តែសកម្មថែមទៀតទាក់ទងនឹងការថែទាំនិងស្តារឡើងវិញនូវសិល្បៈបុរាណផ្សេងៗដែលរងការគំរាមកំហែងរៀបនឹងបាត់បង់ ហើយស្វែងរកធនធានមនុស្សរស់ដែលចេះឧបករណ៍ប្រពៃណីបុរាណកម្រយកមកអភិរក្សនិងផ្ទេរទៅអោយអ្នកជំនាន់ក្រោយអោយបានកាន់តែទូលំទូលាយថែមទៀត។ ជាពិសេសជំនាញនេះនឹងជួយពង្រីកចំណេះដឹងគាត់ទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្សក្នុងមន្ទីរវប្បធម៌ និងចេះចាត់ចែងការងាររបស់មន្ត្រីនៅតាមការិយាល័យនីមួយៗអោយបានចំគោលដៅនិងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចន សុវណ្ណឌី

ចន សុវណ្ណឌី ជានិស្សិតបរិញ្ញាបត្រកំពុងសិក្សាជំនាញគំនូរវិចិត្រកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីគាំទ្រដល់ការសិក្សាជំនាញគំនូរវិចិត្រកម្មរបស់គាត់នៅសាកលវិទ្យាល័យដោយសារតែថវិកាក្នុងការបង់ថ្លៃសិក្សាជាបញ្ហាមួយធំសម្រាប់គាត់។ គោលដៅរបស់គាត់គឺត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រនាពេលខាងមុខ។ រួចគាត់នឹងប្រើចំណេះដឹងជំនាញដែលគាត់មាន ពង្រឹងខ្លួនបន្ថែមដើម្បីក្លាយទៅជាសិល្បករមួយរូបរបស់កម្ពុជា ដើម្បីមានឱកាសក្នុងការបង្ហាញទេពកោសល្យរបស់ខ្លួន មិនត្រឹមតែក្នុងស្រុក តែទៅកាន់អន្តរជាតិ។ ក្នុងពេលជានិស្សិតនេះ គាត់មានឱកាសបានចូលបម្រើការក្នុងការជួសជុលគំនូរនៅក្នុងប្រាសាទចន្ទឆាយានៃព្រះបរមរាជវាំង តួនាទីជានិស្សិតហាត់ការ ដែលមានតម្លៃមួយដ៏ធំធេងសម្រាប់គាត់នៅក្នុងវិស័យសិល្បៈវប្បធម៌ ហើយក៏ជាស្ពានដើម្បីចម្លងគាត់អោយកានតែមានភាពរឹងមាំមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការធ្វើជាអ្នកបន្តវេនផ្នែកសិល្បៈមួយនេះ។

ម៉ន មាន

ម៉ន មាន ជាជនជាតិដើមកួយនៅខេត្តកំពង់ធំ និងជាគ្រូបង្រៀននៅអនុវិទ្យាល័យ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាស្រាវជ្រាវបង្កើតរបាំជនជាតិដើមកួយ ព្រោះជំនឿ ទំនៀមទម្លាប់ និងប្រពៃណីមួយចំនួន កំពុងតែប្រឈមនឹងការបាត់បង់នាពេលអនាគត។ អាហារូបករណ៍នេះនឹងអាចជួយគាត់ក្នុងការកសាងសមត្ថភាព ទទួលបានចំណេះដឹង បទពិសោធន៍ល្អៗ និងការប្រឹក្សាយោបល់ផ្សេងៗពីអ្នកជំនាញផ្នែកសិល្បៈវប្បធម៌ ពិសេសមានឱកាសទទួលបានថវិកាក្នុងដំណើរការគម្រោងដើម្បីអោយគាត់សម្រេចគោលដៅនេះ។ គាត់នឹងបន្តពង្រឹងនិងពង្រីកក្រុមសិល្បៈយុវជនជនជាតិដើមកួយ ដោយគៀងគរកុមារនិងយុវជនអោយចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនេះ ដោយសហការជាមួយចាស់ទុំក្នុងសហគមន៍ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីសិក្សាស្រាវជ្រាវចងក្រងបង្កើតនូវរបាំជនជាតិដើមកួយថ្មីៗទៀត។

និស្សិតសអាហារូបករណ៍ឆ្នាំ ២០២២


ចាន់ សាវតី

ចាន់ សាវតី មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយសព្វថ្ងៃនៅរាជធានីភ្នំពេញ ធ្វើការជាមន្រ្តីផ្នែកទំនាក់ទំនង។ គាត់ធ្លាប់បំរើការជាអ្នកលក់សិល្បៈគំនូរនិងជាជំនួយការផ្នែកទីផ្សារនិងទំនាក់ទំនងនៅស្ថាប័នសិល្បៈមួយ។ តាមរយៈបទពិសោធន៍ធ្វើការជាមួយសិល្បករ គាត់មើលឃើញថាសិល្បករមានទេពកោសល្យនិងសមត្ថភាពខ្ពស់ តែពុំទាន់មានជំនាញផ្សព្វផ្សាយស្នាដៃសិល្បៈរបស់ខ្លួនបានទូលំទូលាយ។ ដូច្នេះ គាត់ចង់ចូលរួមចំណែកជាអ្នកជួយផ្សព្វផ្សាយស្នាដៃសិល្បៈពួកគេ និងទាក់ទងជាមួយវិចិត្រសាលទាំងក្នុងនិងក្រៅស្រុក។ ដូច្នេះ ហើយទើបគាត់ស្នើសុំអាហារូបករណ៍រៀនភាសាបារាំង ហើយគាត់នឹងបន្តការសិក្សានៅប្រទេសបារាំងផ្នែកទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយសិល្បៈ។

កែវ គា

កែវ គា ជាសិល្បករល្ខោនស្រមោលស្បែកធំ ល្ខោនស្រមោលស្បែកតូច ឆ្លាក់ចម្លាក់ទម្រង់ល្ខោននេះ និងជាប្រធានសិល្បករនៅ Bambu Stage ក្នុងខេត្តសៀមរាប សម្តែងជាប្រចាំថ្ងៃជូនទស្សនិកជនជាតិនិងអន្តរជាតិ។ គាត់និងក្រុមបានដំឡើងល្ខោនអប់រំជាច្រើនដែលបង្កប់នូវអត្ថន័យដូចជាជីវភាពប្រជាជន បញ្ហាក្នុងសង្គម និងប្រវត្តិសាស្រ្តជាដើម។ គាត់ក៏ធ្លាប់បង្ហាត់បង្រៀនឆ្លាក់ស្បែកដល់ក្មេងៗនៅតាមសាលារៀន និងសាធារណជនផងដែរ។ គាត់ស្នើសុំអាហារូបករណ៍រៀនជំនាញសម្តែងសិល្បៈបន្ថែមដើម្បីសិក្សាឲ្យកាន់តែស៊ីជម្រៅលើទម្រង់សិល្បៈខាងលើ ជាពិសេសលើមូលដ្ឋានគ្រឹះ។

ប៉េង ចាន់ទ្រា

ប៉េង ចាន់ទ្រា ជាសិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យនៅខេត្តកំពង់ធំ។ គាត់ពុំមែនជាសិល្បករ តែជាអ្នកសម្របសម្រួលនិងដឹកនាំក្នុងក្រុមសិល្បៈ រួមមានផ្នែកទំនាក់ទំនងនិងផ្នែកហិរញ្ញវត្ថុជាដើម ទៅផ្សព្វផ្សាយដល់មនុស្សវ័យក្មេងនៅក្នុងសហគមន៍ និងសាលារៀន។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ដើម្បីបង្កើនចំណេះដឹងភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង ជាពិសេសជាមួយបរទេស ទាំងផ្សព្វផ្សាយសិល្បៈវប្បធម៌និងស្នើសុំជំនួយគាំទ្រក្រុមសិល្បៈគាត់។

ផ្លាន សុខជា

ផ្លាន សុខជា មានស្រុកកំណើតនៅខេត្តរតនគិរី ហើយសព្វថ្ងៃជានិស្សិតស្ថាបត្យកម្មនៅសាកលវិទ្យាល័យន័រតុន។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីទ្រទ្រង់ការសិក្សាជំនាញស្ថាបត្យកម្មរបស់គាត់នៅសាកលវិទ្យាល័យ។ អាហារូបករណ៍នេះនឹងជាចំណែកធំមួយ ជំរុញការសិក្សារបស់គាត់ឲ្យចប់ចុងចប់ដើម ជួយឲ្យគាត់ក្លាយជាស្ថាបត្យករមួយរូបដែលលើកតម្កើងសិល្បៈវប្បធម៌ខ្មែរនិងជាពិសេសសិល្បៈជនជាតិដើមភាគតិច និងជាគំរូមួយសម្រាប់យុវជននៅក្នុងសហគមន៍គាត់ផងដែរ។

ស៊ា សុភារុន

ស៊ា សុភារុន បានបញ្ចប់ការសិក្សាជំនាញបុរាណវិទ្យាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សព្វថ្ងៃ គាត់កំពុងធ្វើការជាបុគ្គលិកបច្ចេកទេសនៅអាជ្ញាធរជាតិអប្សរា។ ការងារគាត់​ ទាក់ទងនឹងការថែរក្សា អភិរក្ស ស្រាវជ្រាវ និងចងក្រងនូវសម្បត្តិបេតិកភណ្ឌ។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ដោយសារវាចាំបាច់សម្រាប់ការទំនាក់ទំនង។ ម៉្យាងវិញទៀត វិស័យបុរាណវិទ្យា មានការសិក្សាចងក្រងជាភាសាអង់គ្លេស។ គាត់នឹងត្រូវធ្វើការបកប្រែឯកសារទាំងនោះដើម្បីផ្សព្វផ្សាយនិងចែករំលែកដល់យុវជនជំនាន់ក្រោយ។ គាត់ក៏មានគោលបំណងបន្តការសិក្សានៅបរទេស។ អាហារូបករណ៍នេះនឹងជួយឲ្យគាត់ក្លាយទៅជាអ្នកបន្តវេន និងជាអ្នកដឹកនាំនាពេលអនាគតដែលពោរពេញដោយសមត្ថភាព ទាំងផ្នែកជំនាញនិងផ្នែកភាសា។

សូរ ចាន់នូ

សូរ ចាន់នូ ជាគ្រូបង្រៀនសិល្បៈរបាំបុរាណនិងរបាំប្រពៃណី នៅសាលាបឋមសិក្សាមួយក្នុងខេត្តសៀមរាប។ គាត់ស្នើសុំអាហារូបករណ៍រៀនបរិញ្ញាបត្រផ្នែកគ្រប់គ្រង ដើម្បីយល់ដឹងពីការគ្រប់គ្រងនិងការដឹកនាំសិល្បករ។ អាហារូបករណ៍នេះក៏នឹងជួយពង្រីកចំណេះដឹងគាត់បន្ថែមទាំងការអភិវឌ្ឍខ្លួននិងភាពជាអ្នកដឹកនាំ និងក្លាយជាការញ៉ាំងចិត្តដល់ក្មេងក្នុងសហគមន៍គាត់ផងដែរ​។

សរ សុផៃ

សរ សុផៃ បានបញ្ចប់ការសិក្សាបរិញ្ញបត្រជំនាញបុរាណវិទ្យាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយសព្វថ្ងៃកំពុងបម្រើការងារជាមន្រ្តីរាជការនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង។ គាត់ស្នើសុំអាហារូបករណ៍រៀនអនុបណ្ឌិតជំនាញបុរាណវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីសិក្សាបន្តនិងចេះវិភាគកាន់តែស៊ីជម្រៅ ដោយសារគាត់មានគោលបំណង សិក្សាចងក្រងស្ថាននាមស្រុកនៅក្នុងខេត្តព្រៃវែង និងរៀបចំចុះបញ្ជីវត្ថុសិល្បៈធ្វើជាសៀវភៅសមុច្ច័យសារមន្ទីរខេត្តព្រៃវែង។

ត្រើយ យ៉ាម

ត្រើយ យ៉ាម ជាសិស្សនៅវិទ្យាល័យជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី និងជាអ្នករាំរបាំក្នុងក្រុមសិល្បៈវប្បធម៌ពូនងប៊ូស្រា។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ដើម្បីងាយស្រួលក្នុងការបង្ហាញពីសិល្បៈវប្បធម៌របស់គាត់ទៅកាន់ពិភពលោក។ គាត់មានក្តីស្រមៃ ចង់ឲ្យសិល្បៈសហគមន៍គាត់មានភាពរីកចម្រើន និងមានភាពល្បីល្បាញ។ ដូច្នេះអាហារូបករណ៍នេះនឹងអាចជួយគាត់មានចំណេះដឹងបន្ថែមផ្នែកភាសាអង់គ្លេស មានភាពជាអ្នកដឹកនាំ បណ្តុះគំនិតថ្មីៗ និងមានភាពក្លាហានជាងមុន ដើម្បីជាគំរូដល់សហគមន៍គាត់។

ទ្រី សុខារស្មី

ទ្រី សុខារស្មី បច្ចុប្បន្នជានិស្សិតជំនាញស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ព្រោះវាជាទុនសម្រាប់ការសិក្សាស្រាវជ្រាវពីផ្នែកស្ថាបត្យកម្មបន្ថែមឲ្យកាន់តែច្បាស់ ដើម្បីក្លាយខ្លួនជាបុគ្គលមានសមត្ថភាព ហើយគាត់ក៏មានបំណងក្លាយជាគ្រូបង្រៀនជំនាញនេះនាពេលអនាគតផងដែរ។ បន្ថែមពីនេះទៀត អាហារូបករណ៍នេះនឹងជួយឲ្យគាត់កាន់តែស្គាល់ខ្លួនឯងច្បាស់។

យាន ឆេងហាក់

យាន ឆេងហាក់ កំពុងសិក្សាជំនាញសិល្បៈនាដសាស្រ្តឆ្នាំទី១នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ មុនពេលបន្តការសិក្សានៅសាកលវិទ្យាល័យ គាត់បានចូលរួមសកម្មភាពផ្សព្វផ្សាយសិល្បៈផ្នែករបាំទៅសហគមន៍ក្នុងខេត្តកំពង់ធំ ជាប្រធានដឹកនាំក្រុមនិងជាអ្នករបាំផង។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ។ អាហារូបករណ៍នេះ នឹងជួយឲ្យគាត់អាចបញ្ចប់ការសិក្សាមុខជំនាញសិល្បៈបានដោយរលូន និងយកចំណេះដឹងដែលមានទៅផ្សព្វផ្សាយ ព្រមទាំងបណ្តុះបណ្តាលឧត្តមគតិស្នេហាវិស័យសិល្បៈដល់ក្មេងជំនាន់ក្រោយ ជាពិសេសលើកតម្កើងនិងបង្កើតមុខរបរដើម្បីផ្គត់ផ្គង់ជីវភាពសិល្បករឲ្យមានជីវភាពល្អប្រសើរ។

សម្រង់សម្តីពីសិស្សអាហារូបករណ៍


“I am always passionate to attend scholarship meetings because I can learn new things, build my self-confidence, and strengthen the relationships with my friends”_ KHEM Sok Srey Mean, Painting student

“My speaking skills and self-confidence have improved very much through the trainings and workshops by CLA.”_SGNOUN Kavey Sereyroth, Pin student

“I am more confident to share my ideas and am motivated to join educational events to improve both my general and artistic knowledge and skills”_EL Huyno, Painting student


រៀបចំដោយ៖


តាមដានព័ត៌មាន៖