កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ក្នុងគោលបំណងអភិវឌ្ឍទស្សនៈវិស័យសិល្បៈរបស់សិស្សនិស្សិត លើកកម្ពស់នៃការរួមបញ្ចូល ភាពច្នៃប្រតិដ្ឋ ព្រមទាំងកម្រិតវិជ្ជាជីវៈ និងសក្តានុពលរបស់និស្សិតក្នុងការក្លាយខ្លួនជាអ្នកដឹកនាំក្នុងវិស័យមួយនេះ។ គោលដៅរបស់អង្គការសិល្បៈ គឺដើម្បីវិនិយោគលើភាពជាអ្នកដឹកនាំតាមរយៈភាពច្នៃប្រតិដ្ឋ និងទេពកោសល្យដែលពោរពេញដោយសក្តានុពល និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការបញ្ចេញមតិ និងឆ្លុះបញ្ចាំងលើទំនាក់ទំនង និងសង្គមរបស់ពួកគេក្នុងទស្សនៈបែបទូលំទូលាយ។ តាមរយៈការធ្វើដូច្នេះ យើងសង្ឃឹមថានឹងពង្រឹងសមត្ថភាពធនធានមនុស្សដែលមានគុណតម្លៃ នឹងអាចទ្រទ្រង់អាជីព និងសិល្បៈនៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងរយៈពេលយូរ។
កាលណាតែសិល្បៈ វប្បធម៌ និងប្រពៃណីរបស់យើងត្រូវបានបំផ្លិតបំផ្លាញ យើងត្រូវការរយៈពេលជាច្រើនជំនាន់ ដើម្បីផ្សះផ្សារ និងកសាងឡើងវិញ។ ឥឡូវនេះកម្មវិធីអាហារូបករណ៍ផ្តល់លទ្ធភាពដល់យុវជនក្នុងការសិក្សាបន្ថែម រៀនជំនាញថ្មីៗ និងបន្តក្តីស្រមៃនៃការកសាងអាជីពក្នុងវិស័យសិល្បៈ។ ក្តីសង្ឃឹមនោះ គឺជាអ្វីដែលខ្ញុំចង់បញ្ជូនទៅកាន់ក្មេងជំនាន់ក្រោយ។ ខ្ញុំពិតជាមានមោទនភាពចំពោះសិស្សនិស្សិតទាំងអស់ ហើយនេះជាអ្វីដែលកម្មវិធីនេះសម្រេចបានមកដល់ពេលនេះ។ លោក អាន ចន ផន ស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ

និស្សិតអាហារូបករណ៍ឆ្នាំ ២០២៣

ម៉ៅ ស្រីឆ្នាស់
ម៉ៅ ស្រីឆ្នាស់ ជាអតីតមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិន។ សព្វថ្ងៃ គាត់ជានិស្សិតកំពុងសិក្សាជំនាញដឹកនាំរឿង (របាំបុរាណ) នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយស្នើសុំអាហារូបករណ៍ដើម្បីគាំទ្រការសិក្សាលើជំនាញនេះ។ គាត់រំពឹងថា បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល៤ឆ្នាំ គាត់នឹងយកជំនាញនេះទៅបម្រើការនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិន ដើម្បីពង្រឹងនិងអភិវឌ្ឍរាល់តម្រូវការរបស់មន្ទីរខេត្ត មិនថាការដឹកនាំ ឬការសម្តែង អោយកាន់តែប្រសើរឡើង។ ម៉្យាងវិញទៀត គាត់ចង់ផ្សព្វផ្សាយ ចែករំលែកដល់យុវជនខេត្តដើម្បីអោយពួកគាត់មានឱកាសសិក្សាទម្រង់ក្បាច់បុរាណនេះកាន់តែច្បាស់។

ពីង ស្រីណុច
ពីង ស្រីណុច បានបញ្ចប់ការសិក្សាបរិញ្ញបត្រជំនាញបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយសព្វថ្ងៃជាជំនួយការអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាភាសាអង់គ្លេសទូទៅ ដែលនឹងបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងការងាររបស់គាត់ជាមួយអង្គការដៃគូក្នុងប្រទេសនិងអន្តរជាតិ ដោយគាត់នឹងអាចអាន ស្រាវជ្រាវព័ត៌មានផ្សេងៗ ពិសេសចំណេះដឹងសិល្បៈពីប្រទេសនានា ដើម្បីយកមកបម្រើអោយផលប្រយោជន៍ជាតិទៅថ្ងៃមុខ។ គោលដៅរបស់គាត់គឺអភិវឌ្ឍខ្លួនអោយកាន់តែមានសក្តានុពល មានចំណេះដឹងខ្ពស់លើវិស័យសិល្បៈនិងវប្បធម៌ជាតិ អាចស្វែងយល់ពីវប្បធម៌ប្រទេសដទៃដើម្បីជាយានក្នុងការអភិវឌ្ឍនិងផ្សព្វផ្សាយវប្បធម៌កម្ពុជានៅលើសកលលោក។

ហ៊ុល កញ្ញា
ហ៊ុល កញ្ញា ជាសិល្បករឯករាជ្យផ្នែកសិល្បៈចក្ខុទស្សន៍ នៅខេត្តសៀមរាប។ គាត់ស្នើសុំអាហារូបករណ៍សិក្សាបរិញ្ញាបត្រជំនាញអក្សរសាស្រ្តអង់គ្លេស ព្រោះវាអាចជួយអោយគាត់អាចបន្តការសិក្សាអភិវឌ្ឍជំនាញសិល្បៈរបស់គាត់អោយកាន់តែមានសមត្ថភាពមួយកម្រិតទៀត ហើយការទាក់ទងជាមួយស្ថាប័នអន្តរជាតិកាន់តែមានភាពប្រសើរឡើង។ គាត់ក៏មានគោលបំណងចង់ក្លាយជាអ្នកអប់រំបណ្តុះបណ្តាលលើវិស័យសិល្បៈមួយរូបនាពេលអនាគតផងដែរ។ គាត់នឹងត្រូវខំពង្រឹងការសិក្សាស្រាវជ្រាវបន្ថែមទៀតទាំងជំនាញស្នូលនិងជំនាញទំនាក់ទំនងអោយកាន់តែល្អ ដើម្បីក្លាយជាបុគ្គលមួយរូបអាចធ្វើការងារបម្រើវិស័យសិល្បៈវប្បធម៌ពេញចំណេះដឹង។

រដ្ឋ ស្រីប៉ា
រដ្ឋ ស្រីប៉ា ជាជនជាតិដើមកួយ នៅខេត្តព្រះវិហារ។ គាត់ស្នើសុំអាហារូបករណ៍សិក្សាបរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិ ដើម្បីជួយអោយជំនាញភាសាអង់គ្លេសនិងជំនាញទំនាក់ទំនងរបស់គាត់ជាមួយស្ថាប័នជាតិនិងអន្តរជាតិកាន់តែប្រសើរ។ គោលដៅរបស់គាត់គឺក្លាយជាអ្នកច្នៃម៉ូតដ៏សំបូរបែបម្នាក់ដែលអាចទំនាក់ទំនងជាមួយដៃគូរសហការទាំងក្នុងនិងក្រៅប្រទេសដើម្បីលើកកម្ពស់ ការរក្សាសម្លៀកបំពាក់ច្នៃម៉ូតប្រពៃណីខ្មែរ រួមជាមួយការច្នៃប្រឌិតទាន់សម័យ ស្របទៅតាមតម្រូវការប្រជាជនក្នុងស្រុកនិងក្រៅស្រុក ដែលជាកាច្នៃប្រឌិតម៉ូតប្លែកៗ ហើយគិតគូរពីការប្រើប្រាស់ក្រណាត់និងវត្ថុធាតុដើមធម្មជាតិដែលមិនប៉ះពាល់ដល់បរិស្ថាន ជាពិសេសគាត់មានគោលដៅបង្កើតជាអាជីវកម្មតូចមួយដើម្បីផ្តល់ការងារដល់ស្ត្រីជនជាតិដើមភាគតិចដែលមានជីវភាពខ្សត់ខ្សោយនិងក្មេងស្រីដែលបោះបង់ការសិក្សាដើម្បីផ្តល់ជាប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារតាមរយៈការផ្តល់ជាការងារក្នុងសិប្បកម្មច្នៃម៉ូត។

ហ៊ួត សុខកន្និដ្ឋា
ហ៊ួត សុខកន្និដ្ឋា មកពីខេត្តបន្ទាយមានជ័យ សព្វថ្ងៃជានិស្សិតបរិញ្ញាបត្រសិក្សាជំនាញដឹកនាំរឿង ផ្នែកល្ខោននិយាយ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍សិក្សាបរិញ្ញាបត្រជំនាញអក្សរសាស្រ្តអង់គ្លេស។ នៅថ្ងៃអនាគត គាត់ចង់ក្លាយជាអ្នកដឹកនាំរឿងម្នាក់នៅក្នុងទម្រង់សិល្បៈទស្សនីយភាពល្ខោននិយាយនិងភាពយន្ត។ គាត់មើលឃើញខ្លួនឯងជាចំណែកមួយដែលអាចចូលរួមផ្សព្វផ្សាយអភិវឌ្ឍន៍ទៅលើវិស័យនេះអោយកាន់តែប្រសើរ តាមរយៈការច្នៃប្រឌិត ដើម្បីដើរអោយទាន់សម័យកាលបច្ចុប្បន្ននិងអនាគត ព្រមទាំងចែករំលែកនិងចូលរួមកសាងភាពធន់សម្រាប់អ្នកបន្តវេនជំនាន់ក្រោយៗនិងផ្តល់ឱកាសក្នុងការចូលរួមបញ្ចេញសមត្ថភាពតាមការសម្តែងនិងការនិពន្ធផ្សេងៗ។ អាហារូបករណ៍នេះនឹងជួយជ្រោមជ្រែងដល់ការសិក្សារបស់គាត់សព្វថ្ងៃបានរលូននិងសម្រេចគោលដៅ ដោយអាចប្រើភាសាអង់គ្លេសជាទន់និងងាយស្រួលក្នុងការស្រាវជ្រាវ ក៏ដូចជាទំនាក់ទំនងនិងផ្សព្វផ្សាយផងដែរ។

រិន កវី
រិន កវី ជាគ្រូភ្លេងឯកជនបង្រៀនភ្លេងពិណពាទ្យ នៅខេត្តបន្ទាយមានជ័យ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាបន្ថែមជាមួយគ្រូឯកជននៅខេត្តសៀមរាប លើជំនាញភ្លេងកន្ទាំមីង រួមមានឧបករណ៍ស្រឡៃ គងពាទ្យ ស្គរជ័យ និងគងមោង។ អាហារូបករណ៍នេះនឹងជួយអោយគាត់បានហាត់រៀនភ្លេងទ្រាំមីងដែលជិតនឹងបាត់បង់ទៅហើយ ហើយអាចអោយគាត់ពាំនាំវង់ភ្លេងនេះមកបង្កើត បណ្តុះបណ្តាលដល់យុវជនក្នុងខេត្តបន្ទាយមានជ័យ ព្រោះសព្វថ្ងៃនេះវង់ភ្លេងទ្រាំមីងបានបាត់បង់ហើយក្នុងខេត្តបន្ទាយមានជ័យ។ ក្នុងថ្ងៃអនាគត គាត់ចង់ក្លាយខ្លួនជាគ្រូភ្លេងបុរាណខ្មែរ និងជាអ្នកស្រាវជ្រាវភ្លេងបុរាណ តាមនិស្ស័យពីកំណើតដែលស្រឡាញ់ពេញចិត្ត។

ពឿន ពន្លា
ពឿន ពន្លា ជាអ្នកផលិតវីដេអូនិងរចនារូបភាពនៅអង្គការល្ខោនគំនិត ក្នុងខេត្តបាត់ដំបង។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាភាសាអង់គ្លេសទូទៅ ព្រោះភាសាអង់គ្លេសរបស់គាត់នៅមានកម្រិត។ គាត់តែងតែមានទំនុកចិត្តចំពោះស្នាដៃការងាររបស់គាត់ ហើយក៏មានឱកាសជាច្រើនដែលហុចអោយគាត់ក្នុងការអភិវឌ្ឍលើចំណេះដឹងនិងជំនាញដែលគាត់មាន តែពេលខ្លះគាត់បានបាត់បង់ឱកាសទាំងនោះដោយសារចំណេះដឹងភាសាបរទេសរបស់គាត់នៅមានកម្រិត។ ម៉្យាងវិញទៀត ការងារដែលគាត់ធ្វើសព្វថ្ងៃទាក់ទងនឹងសហគមន៍ ជួយលើកស្ទួយទៅដល់ស្រ្តីងាយរងគ្រោះ តាមរយៈសិល្បៈល្ខោននិយាយ ដែលគាត់ជាផ្នែកមួយដែលជួយអោយការងារនេះដំណើរការនិងទទួលបានជោគជ័យតាមរយៈការផលិតវីដេអូនិងការផ្សព្វផ្សាយនានា។ ដូច្នេះ ភាសាអង់គ្លេសដើរតួជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងគម្រោងនិងការអនុវត្តផែនការរបស់គាត់។

ផាត ភីរម្យ
ផាត ភីរម្យ ជាមន្ត្រីការិយាល័យសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ។ គាត់ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់អនុបណ្ឌិតជំនាញរដ្ឋបាលសាធារណៈ ដើម្បីចូលរួមចំណែកពង្រឹងគុណភាពរដ្ឋបាលក្នុងវិស័យវប្បធម៌តាមរយៈការជម្រុញដល់វិស័យជំនាញដែលចំណុះអោយមន្ទីរវប្បធម៌ អោយមានសកម្មភាពកាន់តែសកម្មថែមទៀតទាក់ទងនឹងការថែទាំនិងស្តារឡើងវិញនូវសិល្បៈបុរាណផ្សេងៗដែលរងការគំរាមកំហែងរៀបនឹងបាត់បង់ ហើយស្វែងរកធនធានមនុស្សរស់ដែលចេះឧបករណ៍ប្រពៃណីបុរាណកម្រយកមកអភិរក្សនិងផ្ទេរទៅអោយអ្នកជំនាន់ក្រោយអោយបានកាន់តែទូលំទូលាយថែមទៀត។ ជាពិសេសជំនាញនេះនឹងជួយពង្រីកចំណេះដឹងគាត់ទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្សក្នុងមន្ទីរវប្បធម៌ និងចេះចាត់ចែងការងាររបស់មន្ត្រីនៅតាមការិយាល័យនីមួយៗអោយបានចំគោលដៅនិងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចន សុវណ្ណឌី
ចន សុវណ្ណឌី ជានិស្សិតបរិញ្ញាបត្រកំពុងសិក្សាជំនាញគំនូរវិចិត្រកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីគាំទ្រដល់ការសិក្សាជំនាញគំនូរវិចិត្រកម្មរបស់គាត់នៅសាកលវិទ្យាល័យដោយសារតែថវិកាក្នុងការបង់ថ្លៃសិក្សាជាបញ្ហាមួយធំសម្រាប់គាត់។ គោលដៅរបស់គាត់គឺត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រនាពេលខាងមុខ។ រួចគាត់នឹងប្រើចំណេះដឹងជំនាញដែលគាត់មាន ពង្រឹងខ្លួនបន្ថែមដើម្បីក្លាយទៅជាសិល្បករមួយរូបរបស់កម្ពុជា ដើម្បីមានឱកាសក្នុងការបង្ហាញទេពកោសល្យរបស់ខ្លួន មិនត្រឹមតែក្នុងស្រុក តែទៅកាន់អន្តរជាតិ។ ក្នុងពេលជានិស្សិតនេះ គាត់មានឱកាសបានចូលបម្រើការក្នុងការជួសជុលគំនូរនៅក្នុងប្រាសាទចន្ទឆាយានៃព្រះបរមរាជវាំង តួនាទីជានិស្សិតហាត់ការ ដែលមានតម្លៃមួយដ៏ធំធេងសម្រាប់គាត់នៅក្នុងវិស័យសិល្បៈវប្បធម៌ ហើយក៏ជាស្ពានដើម្បីចម្លងគាត់អោយកានតែមានភាពរឹងមាំមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការធ្វើជាអ្នកបន្តវេនផ្នែកសិល្បៈមួយនេះ។

ម៉ន មាន
ម៉ន មាន ជាជនជាតិដើមកួយនៅខេត្តកំពង់ធំ និងជាគ្រូបង្រៀននៅអនុវិទ្យាល័យ។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីសិក្សាស្រាវជ្រាវបង្កើតរបាំជនជាតិដើមកួយ ព្រោះជំនឿ ទំនៀមទម្លាប់ និងប្រពៃណីមួយចំនួន កំពុងតែប្រឈមនឹងការបាត់បង់នាពេលអនាគត។ អាហារូបករណ៍នេះនឹងអាចជួយគាត់ក្នុងការកសាងសមត្ថភាព ទទួលបានចំណេះដឹង បទពិសោធន៍ល្អៗ និងការប្រឹក្សាយោបល់ផ្សេងៗពីអ្នកជំនាញផ្នែកសិល្បៈវប្បធម៌ ពិសេសមានឱកាសទទួលបានថវិកាក្នុងដំណើរការគម្រោងដើម្បីអោយគាត់សម្រេចគោលដៅនេះ។ គាត់នឹងបន្តពង្រឹងនិងពង្រីកក្រុមសិល្បៈយុវជនជនជាតិដើមកួយ ដោយគៀងគរកុមារនិងយុវជនអោយចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនេះ ដោយសហការជាមួយចាស់ទុំក្នុងសហគមន៍ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីសិក្សាស្រាវជ្រាវចងក្រងបង្កើតនូវរបាំជនជាតិដើមកួយថ្មីៗទៀត។
និស្សិតសអាហារូបករណ៍ឆ្នាំ ២០២២

ចាន់ សាវតី
ចាន់ សាវតី មានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយសព្វថ្ងៃនៅរាជធានីភ្នំពេញ ធ្វើការជាមន្រ្តីផ្នែកទំនាក់ទំនង។ គាត់ធ្លាប់បំរើការជាអ្នកលក់សិល្បៈគំនូរនិងជាជំនួយការផ្នែកទីផ្សារនិងទំនាក់ទំនងនៅស្ថាប័នសិល្បៈមួយ។ តាមរយៈបទពិសោធន៍ធ្វើការជាមួយសិល្បករ គាត់មើលឃើញថាសិល្បករមានទេពកោសល្យនិងសមត្ថភាពខ្ពស់ តែពុំទាន់មានជំនាញផ្សព្វផ្សាយស្នាដៃសិល្បៈរបស់ខ្លួនបានទូលំទូលាយ។ ដូច្នេះ គាត់ចង់ចូលរួមចំណែកជាអ្នកជួយផ្សព្វផ្សាយស្នាដៃសិល្បៈពួកគេ និងទាក់ទងជាមួយវិចិត្រសាលទាំងក្នុងនិងក្រៅស្រុក។ ដូច្នេះ ហើយទើបគាត់ស្នើសុំអាហារូបករណ៍រៀនភាសាបារាំង ហើយគាត់នឹងបន្តការសិក្សានៅប្រទេសបារាំងផ្នែកទំនាក់ទំនងនិងប្រព័ន្ធផ្សព្វផ្សាយសិល្បៈ។

កែវ គា
កែវ គា ជាសិល្បករល្ខោនស្រមោលស្បែកធំ ល្ខោនស្រមោលស្បែកតូច ឆ្លាក់ចម្លាក់ទម្រង់ល្ខោននេះ និងជាប្រធានសិល្បករនៅ Bambu Stage ក្នុងខេត្តសៀមរាប សម្តែងជាប្រចាំថ្ងៃជូនទស្សនិកជនជាតិនិងអន្តរជាតិ។ គាត់និងក្រុមបានដំឡើងល្ខោនអប់រំជាច្រើនដែលបង្កប់នូវអត្ថន័យដូចជាជីវភាពប្រជាជន បញ្ហាក្នុងសង្គម និងប្រវត្តិសាស្រ្តជាដើម។ គាត់ក៏ធ្លាប់បង្ហាត់បង្រៀនឆ្លាក់ស្បែកដល់ក្មេងៗនៅតាមសាលារៀន និងសាធារណជនផងដែរ។ គាត់ស្នើសុំអាហារូបករណ៍រៀនជំនាញសម្តែងសិល្បៈបន្ថែមដើម្បីសិក្សាឲ្យកាន់តែស៊ីជម្រៅលើទម្រង់សិល្បៈខាងលើ ជាពិសេសលើមូលដ្ឋានគ្រឹះ។

ប៉េង ចាន់ទ្រា
ប៉េង ចាន់ទ្រា ជាសិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យនៅខេត្តកំពង់ធំ។ គាត់ពុំមែនជាសិល្បករ តែជាអ្នកសម្របសម្រួលនិងដឹកនាំក្នុងក្រុមសិល្បៈ រួមមានផ្នែកទំនាក់ទំនងនិងផ្នែកហិរញ្ញវត្ថុជាដើម ទៅផ្សព្វផ្សាយដល់មនុស្សវ័យក្មេងនៅក្នុងសហគមន៍ និងសាលារៀន។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ដើម្បីបង្កើនចំណេះដឹងភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង ជាពិសេសជាមួយបរទេស ទាំងផ្សព្វផ្សាយសិល្បៈវប្បធម៌និងស្នើសុំជំនួយគាំទ្រក្រុមសិល្បៈគាត់។

ផ្លាន សុខជា
ផ្លាន សុខជា មានស្រុកកំណើតនៅខេត្តរតនគិរី ហើយសព្វថ្ងៃជានិស្សិតស្ថាបត្យកម្មនៅសាកលវិទ្យាល័យន័រតុន។ គាត់ស្នើសុំអាហារូបករណ៍ដើម្បីទ្រទ្រង់ការសិក្សាជំនាញស្ថាបត្យកម្មរបស់គាត់នៅសាកលវិទ្យាល័យ។ អាហារូបករណ៍នេះនឹងជាចំណែកធំមួយ ជំរុញការសិក្សារបស់គាត់ឲ្យចប់ចុងចប់ដើម ជួយឲ្យគាត់ក្លាយជាស្ថាបត្យករមួយរូបដែលលើកតម្កើងសិល្បៈវប្បធម៌ខ្មែរនិងជាពិសេសសិល្បៈជនជាតិដើមភាគតិច និងជាគំរូមួយសម្រាប់យុវជននៅក្នុងសហគមន៍គាត់ផងដែរ។

ស៊ា សុភារុន
ស៊ា សុភារុន បានបញ្ចប់ការសិក្សាជំនាញបុរាណវិទ្យាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សព្វថ្ងៃ គាត់កំពុងធ្វើការជាបុគ្គលិកបច្ចេកទេសនៅអាជ្ញាធរជាតិអប្សរា។ ការងារគាត់ ទាក់ទងនឹងការថែរក្សា អភិរក្ស ស្រាវជ្រាវ និងចងក្រងនូវសម្បត្តិបេតិកភណ្ឌ។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ដោយសារវាចាំបាច់សម្រាប់ការទំនាក់ទំនង។ ម៉្យាងវិញទៀត វិស័យបុរាណវិទ្យា មានការសិក្សាចងក្រងជាភាសាអង់គ្លេស។ គាត់នឹងត្រូវធ្វើការបកប្រែឯកសារទាំងនោះដើម្បីផ្សព្វផ្សាយនិងចែករំលែកដល់យុវជនជំនាន់ក្រោយ។ គាត់ក៏មានគោលបំណងបន្តការសិក្សានៅបរទេស។ អាហារូបករណ៍នេះនឹងជួយឲ្យគាត់ក្លាយទៅជាអ្នកបន្តវេន និងជាអ្នកដឹកនាំនាពេលអនាគតដែលពោរពេញដោយសមត្ថភាព ទាំងផ្នែកជំនាញនិងផ្នែកភាសា។

សូរ ចាន់នូ
សូរ ចាន់នូ ជាគ្រូបង្រៀនសិល្បៈរបាំបុរាណនិងរបាំប្រពៃណី នៅសាលាបឋមសិក្សាមួយក្នុងខេត្តសៀមរាប។ គាត់ស្នើសុំអាហារូបករណ៍រៀនបរិញ្ញាបត្រផ្នែកគ្រប់គ្រង ដើម្បីយល់ដឹងពីការគ្រប់គ្រងនិងការដឹកនាំសិល្បករ។ អាហារូបករណ៍នេះក៏នឹងជួយពង្រីកចំណេះដឹងគាត់បន្ថែមទាំងការអភិវឌ្ឍខ្លួននិងភាពជាអ្នកដឹកនាំ និងក្លាយជាការញ៉ាំងចិត្តដល់ក្មេងក្នុងសហគមន៍គាត់ផងដែរ។

សរ សុផៃ
សរ សុផៃ បានបញ្ចប់ការសិក្សាបរិញ្ញបត្រជំនាញបុរាណវិទ្យាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយសព្វថ្ងៃកំពុងបម្រើការងារជាមន្រ្តីរាជការនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង។ គាត់ស្នើសុំអាហារូបករណ៍រៀនអនុបណ្ឌិតជំនាញបុរាណវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីសិក្សាបន្តនិងចេះវិភាគកាន់តែស៊ីជម្រៅ ដោយសារគាត់មានគោលបំណង សិក្សាចងក្រងស្ថាននាមស្រុកនៅក្នុងខេត្តព្រៃវែង និងរៀបចំចុះបញ្ជីវត្ថុសិល្បៈធ្វើជាសៀវភៅសមុច្ច័យសារមន្ទីរខេត្តព្រៃវែង។

ត្រើយ យ៉ាម
ត្រើយ យ៉ាម ជាសិស្សនៅវិទ្យាល័យជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី និងជាអ្នករាំរបាំក្នុងក្រុមសិល្បៈវប្បធម៌ពូនងប៊ូស្រា។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ដើម្បីងាយស្រួលក្នុងការបង្ហាញពីសិល្បៈវប្បធម៌របស់គាត់ទៅកាន់ពិភពលោក។ គាត់មានក្តីស្រមៃ ចង់ឲ្យសិល្បៈសហគមន៍គាត់មានភាពរីកចម្រើន និងមានភាពល្បីល្បាញ។ ដូច្នេះអាហារូបករណ៍នេះនឹងអាចជួយគាត់មានចំណេះដឹងបន្ថែមផ្នែកភាសាអង់គ្លេស មានភាពជាអ្នកដឹកនាំ បណ្តុះគំនិតថ្មីៗ និងមានភាពក្លាហានជាងមុន ដើម្បីជាគំរូដល់សហគមន៍គាត់។

ទ្រី សុខារស្មី
ទ្រី សុខារស្មី បច្ចុប្បន្នជានិស្សិតជំនាញស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ ព្រោះវាជាទុនសម្រាប់ការសិក្សាស្រាវជ្រាវពីផ្នែកស្ថាបត្យកម្មបន្ថែមឲ្យកាន់តែច្បាស់ ដើម្បីក្លាយខ្លួនជាបុគ្គលមានសមត្ថភាព ហើយគាត់ក៏មានបំណងក្លាយជាគ្រូបង្រៀនជំនាញនេះនាពេលអនាគតផងដែរ។ បន្ថែមពីនេះទៀត អាហារូបករណ៍នេះនឹងជួយឲ្យគាត់កាន់តែស្គាល់ខ្លួនឯងច្បាស់។

យាន ឆេងហាក់
យាន ឆេងហាក់ កំពុងសិក្សាជំនាញសិល្បៈនាដសាស្រ្តឆ្នាំទី១នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ មុនពេលបន្តការសិក្សានៅសាកលវិទ្យាល័យ គាត់បានចូលរួមសកម្មភាពផ្សព្វផ្សាយសិល្បៈផ្នែករបាំទៅសហគមន៍ក្នុងខេត្តកំពង់ធំ ជាប្រធានដឹកនាំក្រុមនិងជាអ្នករបាំផង។ គាត់ស្នើសុំអាហារូបករណ៍រៀនភាសាអង់គ្លេសទូទៅ។ អាហារូបករណ៍នេះ នឹងជួយឲ្យគាត់អាចបញ្ចប់ការសិក្សាមុខជំនាញសិល្បៈបានដោយរលូន និងយកចំណេះដឹងដែលមានទៅផ្សព្វផ្សាយ ព្រមទាំងបណ្តុះបណ្តាលឧត្តមគតិស្នេហាវិស័យសិល្បៈដល់ក្មេងជំនាន់ក្រោយ ជាពិសេសលើកតម្កើងនិងបង្កើតមុខរបរដើម្បីផ្គត់ផ្គង់ជីវភាពសិល្បករឲ្យមានជីវភាពល្អប្រសើរ។
សម្រង់សម្តីពីសិស្សអាហារូបករណ៍
“I am always passionate to attend scholarship meetings because I can learn new things, build my self-confidence, and strengthen the relationships with my friends”_ KHEM Sok Srey Mean, Painting student
“My speaking skills and self-confidence have improved very much through the trainings and workshops by CLA.”_SGNOUN Kavey Sereyroth, Pin student
“I am more confident to share my ideas and am motivated to join educational events to improve both my general and artistic knowledge and skills”_EL Huyno, Painting student